ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ។ការជ្រើសរើសសរុបមានចំនួន ៥០ នាក់ លើ ៤ជំនាញផ្សេងគ្នារួមមាន៖ ជំនាញចិត្តវិទ្យា រដ្ឋបាលសាស្រ្ត មន្ទីរពិសោធន៍ និងជីវវិទ្យា ១៨ នាក់, ជំនាញគណិតវិទ្យា និងរូបវិទ្យា ៧ នាក់, ជំនាញវិស្វកម្មសំណង់ស៊ីវិល អគ្គិសនី អេឡិចត្រូនិក មេកានិក និងវិភាគសមាសធាតុ/រូបធាតុ ១០ នាក់ ព្រមទាំងជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ វិស្វកម្មកុំព្យូទ័រ/វិទ្យាសាស្ត្រទិន្នន័យ បច្ចេកវិទ្យាព័ត៌មាន សន្តិសុខសាយប័រ និងបច្ចេកវិទ្យាឌីជីថល ១៥ នាក់។
យោងតាមគេហទំព័រនៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានឱ្យដឹងថា ដើម្បីអាចដាក់ពាក្យបាន បេក្ខជន ត្រូវមានសញ្ជាតិខ្មែរ ទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់ ជីវប្រវត្តិល្អ និងកាយសម្បទាគ្រប់គ្រាន់ ព្រមទាំងសុខភាពល្អ (ឆ្លងកាត់ការត្រួតពិនិត្យសុខភាព) និងគ្មានស្នាមសាក់លើដងខ្លួនឡើយ។ ចំពោះកម្ពស់ បុរសត្រូវមានកម្ពស់ចាប់ពី ១,៧០ម៉ែត្រឡើង និងនារីចាប់ពី ១,៦៥ម៉ែត្រឡើង ដោយមានទម្ងន់សមាមាត្រនឹងកម្ពស់។បេក្ខជនមានសញ្ញាបត្របរិញ្ញាបត្រទាក់ទងនឹងជំនាញខាងលើ ត្រូវមានអាយុច្រើនបំផុតត្រឹម ៣០ឆ្នាំ គិតត្រឹមថ្ងៃប្រឡង ខណៈបេក្ខជនមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ឡើង ត្រូវមានអាយុច្រើនបំផុតត្រឹម ៣៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង។
បេក្ខជនត្រូវចុះឈ្មោះតាមប្រព័ន្ធបច្ចេកវិទ្យាជាមុនសិន តាមរយៈតំណភ្ជាប់ផ្លូវការ gdhr.interior.gov.kh/appform/request?recruit=8cfa92c1 ឬស្កេន QR Code រួចPrint បង្កាន់ដៃស្នើសុំពាក្យ ដើម្បីយកទៅបង្ហាញអនុគណៈកម្មការនៅទីកន្លែងផ្តល់ពាក្យ។ នៅពេលមកទទួលពាក្យសុំចូលបម្រើការងារ បេក្ខជនត្រូវភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម និងថតចម្លង (ចំនួន ១ច្បាប់រៀងៗខ្លួន) រួមមាន៖ បង្កាន់ដៃស្នើសុំពាក្យ, សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, សញ្ញាបត្របរិញ្ញាបត្រ, សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (បើមាន), សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ។
ចំពោះកាលបរិច្ឆេទ និងទីកន្លែងផ្តល់-ទទួលពាក្យ ការផ្តល់ពាក្យនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ហើយការទទួលពាក្យនឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅបណ្ឌិត្យសភានគរបាលកម្ពុជាផ្ទាល់ ខណៈកាលបរិច្ឆេទ និងមណ្ឌលប្រឡងជាក់ស្តែង នឹងត្រូវជូនដំណឹងនៅពេលក្រោយ៕