វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានប្រកាសកាលពីល្ងាចថ្ងៃច័ន្ទថា អ៊ុយក្រែន និងរុស្ស៊ី បានព្រមព្រៀងគ្នាមិនវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមកឡើយ។ ការប្រកាសរបស់លោកត្រាំបែបនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានរិះគន់ទីក្រុងគៀវ (Kyiv) ចំពោះការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។
លោក ដូណាល់ត្រាំ បានរៀបរាប់តាមបណ្តាញសង្គម Truth Social របស់លោកថា៖ អ៊ុយក្រែនបានយល់ព្រមមិនវាយប្រហារគោលដៅថាមពលរបស់រុស្ស៊ីទេ។ រុស្ស៊ីក៏បានយល់ព្រមមិនវាយប្រហារគោលដៅថាមពលរបស់អ៊ុយក្រែនដូចគ្នាដែរ។ លោក ត្រាំ ក៏បានរិះគន់យ៉ាងខ្លាំងទៅលើប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី អំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសអៀរឡង់កាលពីថ្ងៃអាទិត្យ លោកថាមេដឹកនាំអ៊ុយក្រែនត្រូវតែធ្វើរឿងមួយភ្លាមៗគឺ ឈប់វាយប្រហាររោងចក្រចម្រាញ់ប្រេងម៉ាស៊ូត នៅក្នុងប្រទេសរុស្ស៊ី ដោយសារតែបញ្ហាខ្វះខាតប្រេងដែលកំពុងបន្តកើនឡើង។លោក ត្រាំ បាននិយាយទៀតថា៖ លោក អនុញ្ញាតឱ្យមេដឹកនាំអ៊ុយក្រែនវាយប្រហារគោលដៅផ្សេងទៀតចុះ ប៉ុន្តែកុំវាយប្រហាររោងចក្រប្រេងម៉ាស៊ូតអី ព្រោះវាបង្កឱ្យមានការខ្វះខាតប្រេងម៉ាស៊ូត និងប្រទេសសាំងនៅទូទាំងពិភពលោក៕