Swift cc time

អតីតរដ្ឋមន្ត្រីសាសនាម៉ាឡេស៊ី ត្រូវចោទប្រកាន់ពីបទ«លួចលុយមូលនិធិពលរដ្ឋម៉ូស្លីម» សន្សំទុកទៅធ្វើធម្មយាត្រាជាង ២០០ លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ាឡេស៊ី៖ អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការសាសនាម៉ាឡេស៊ី លោក Jamil Khir Baharom ត្រូវបានចោទប្រកាន់ពីបទកេងបន្លំថវិកាជាង ៨៦០.៣ លានរីងហ្គីត (ប្រហែល ២១១.២ លានដុល្លារ) ចេញពីមូលនិធិ "Tabung Haji" ដែលជាមូលនិធិសន្សំប្រាក់សម្រាប់ប្រជាជនម៉ូស្លីមម៉ាឡេស៊ីទៅធ្វើធម្មយាត្រានៅទីក្រុងមេកា។ លោកបានបដិសេធរាល់បទចោទប្រកាន់ចំនួន ៣ ករណី ដែលពាក់ព័ន្ធនឹងការផ្ទេរប្រាក់ដោយខុសច្បាប់ទៅឱ្យក្រុមហ៊ុនអចលនទ្រព្យមួយនៅអារ៉ាប៊ីសាអូឌីត ក្នុងអំឡុងឆ្នាំ ២០១៥ ដល់ ២០១៧ នៅពេលលោកកំពុងកាន់តំណែង។

យោងតាមការចេញផ្សាយរបស់កាសែតCNA ការចោទប្រកាន់នេះបានកើតឡើងបន្ទាប់ពីការស៊ើបអង្កេតផ្លូវការមួយបានរកឃើញថា មានការជ្រៀតជ្រែកផ្នែកនយោបាយ និងការគ្រប់គ្រងមិនល្អនៅក្នុងមូលនិធិនេះ ដែលបណ្តាលឱ្យខាតបង់ប្រាក់សរុបជាង ១ ប៊ីលានរីងហ្គីត។

ប្រសិនបើត្រូវបានរកឃើញថាមានទោស លោក Jamil អាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៦ ខែទៅ ៥ ឆ្នាំ ការវាយនឹងរំពាត់ និងការពិន័យជាប្រាក់។ តុលាការម៉ាឡេស៊ី បានអនុញ្ញាតឱ្យលោកនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយបង់ប្រាក់ធានា និងតម្រូវឱ្យប្រគល់លិខិតឆ្លងដែន។

លោក Jamil គឺជាមន្ត្រីជាន់ខ្ពស់បំផុតដែលត្រូវប្រឈមមុខនឹងបទល្មើសក្នុងរឿងអាស្រូវនេះ។ លោកក៏ជាមេដឹកនាំទីពីរមកពីគណបក្សនយោបាយ UMNO ដែលត្រូវចោទប្រកាន់លើករណីមូលនិធិនេះ ត្រឹមតែមួយសប្តាហ៍បន្ទាប់ពីអតីតប្រធានមូលនិធិគឺលោក Abdul Azeez ត្រូវបានចោទប្រកាន់ដូចគ្នា។ ករណីនេះបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើស្ថានភាពនយោបាយនៅម៉ាឡេស៊ី ជាពិសេសទៅលើសម្ព័ន្ធភាពរដ្ឋាភិបាលបច្ចុប្បន្ន៕

Khcct banner

អត្ថបទទាក់ទង