ភ្នំពេញ៖ The Equity Pathways Program (EPP) ជាកម្មវីធីមួយដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៣ ក្នុងគោលបំណងគាំទ្រដល់បេក្ខជនកម្ពុជា ដែលមានបំណងសិក្សានៅប្រទេសអូស្រ្តាលី តាមរយៈអាហារូបករណ៍ Australia Awards តែមានកម្រិតភាសាអង់គ្លេសនៅមានកម្រិត។ ចាប់តាំងពីឆ្នាំ២០១៣ មកដល់ខែកញ្ញា ២០២៦ មានសិស្សកម្ពុជាប្រមាណ ៣៨៦នាក់ បានទទួលបានការគាំទ្រពីកម្មវិធី EPP។ ក្នុងនោះមានសិស្ស៦៦នាក់ បានទទួលអាហារូបករណ៍ Australia Awards បន្តការសិក្សានៅប្រទេសអូស្រ្តាលី ក្រោយបានចូលរួមវគ្គបណ្តុះបណ្តាលEPP។
តាមរយៈការគាំទ្រនេះ កម្មវិធីEPP ផ្ដល់ឱកាសដល់បេក្ខជនក្នុងការកសាងសមត្ថភាពភាសាអង់គ្លេស និងបំពេញតាមលក្ខខណ្ឌតម្រូវនៃអាហារូបករណ៍ ដើម្បីអាចចូលរួមប្រកួតប្រជែង ក្នុងដំណើរការជ្រើសរើសដែលផ្អែកលើគុណសម្បត្តិពិតប្រាកដ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ មានសិស្សកម្ពុជាប្រមាណ ៣៨៦នាក់ បានទទួលបានការគាំទ្រពីកម្មវិធី EPP ដែលក្នុងនោះ មានស្រ្តីប្រមាណ ២៦៩នាក់ ប្រុស ១១៣នាក់ អ្នកមិនកំណត់អត្តសញ្ញាណយេនឌ័រ៤នាក់ និង៩នាក់ជាជនជាតិដើមភាគតិច។ ក្នុងចំណោមសិស្សទាំងអស់ដែលបានចូលរួមកម្មវិធីនេះ មានសិស្ស៦៦នាក់ បានទទួលអាហារូបករណ៍ Australia Awards បន្តការសិក្សានៅប្រទេសអូស្រ្តាលី។
ក្នុងនាមជាអតីតបេក្ខជនដែលបានជ្រើសរើសក្នុងកម្មវិធី EPP កាលពិឆ្នាំ២០១៧ អ្នកស្រី មិន ចិន្តា បានរៀបរាប់ថា «ខ្ញុំជាជនមានពិការភាពភ្នែកម្នាក់។ ខ្ញុំធ្លាប់មានអារម្មណ៍ថា ការដាក់ពាក្យសុំអាហារូបករណ៍ទៅប្រទេសអូស្ត្រាលី គឺដូចជាការស្រវាចាប់ផ្កាយលើមេឃ ឬដូចជារាវរកម្ជុលនៅបាតសមុទ្រអញ្ចឹង។ ខ្ញុំមិននឹកស្មានសោះថា ខ្លួនឯងអាចនឹងទទួលបានឱកាសបែបនេះ។ កម្មវិធីអាហារូបករណ៍នេះបានជួយសម្រួលដល់ដំណើរការគ្រប់យ៉ាងសម្រាប់រូបខ្ញុំយ៉ាងខ្លាំង។ EPP បានធ្វើឱ្យដំណើរការនៃការដាក់ពាក្យមានភាពងាយស្រួល ហើយថែមទាំងបានផ្តល់ឱកាសឱ្យខ្ញុំពង្រឹងសមត្ថភាពភាសាអង់គ្លេសទៀតផង។»។ បន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាល EPP ដោយជោគជ័យ អ្នកស្រី ចិន្តា បានជាប់អាហារូបករណ៍ Australia Awards សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយ និងការអនុវត្តលើពិការភាព (Master of Disability Policy & Practice) ពីសាកលវិទ្យាល័យ Flinders ក្នុងឆ្នាំ២០២២ ហើយបានបញ្ចប់ការសិក្សានៅឆ្នាំ២០២៤។ អាហារូបករណ៍នេះបានពង្រឹងទំនុកចិត្ត ជំនាញផ្នែកគោលនយោបាយ និងការប្តេជ្ញាចិត្តរបស់ចិន្តាក្នុងការបម្រើការងារជូនដល់ជនមានពិការភាព។ បច្ចុប្បន្ន ចិន្តា ជាមន្ត្រីមួយរូបដែលកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍគោលនយោបាយបរិយាបន្ន នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
កម្មវិធី EPP ត្រូវបានបង្កើតឡើងដោយផ្តល់អាទិភាពលើក្រុមគោលដៅ ដែលមានឧបសគ្គក្នុងការទទួលបានឱកាសនិងការអប់រំ ក្នុងនោះរួមមាន ស្រ្តី ជនមានពិការភាព អ្នកដែលរស់នៅ និងធ្វើការនៅតាមបណ្តាខេត្ត ជនជាតិដើមភាគតិច ជនជាតិភាគតិច និងក្រុមងាយរងគ្រោះ ដូចជាក្រុម LGBTQIA+ជាដើម ។ បេក្ខជនទាំងអស់តម្រូវឱ្យឆ្លងកាត់ដំណើរការដាក់ពាក្យស្នើសុំរបស់កម្មវិធី EPP។ នៅពេលជ្រើសរើសជាប់ជាស្ថាពរ ពួកគេអាចចូលរៀនវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសក្រៅម៉ោង រយៈពេលពី ៣-៤វគ្គ (ចន្លោះពី៩-១២ ខែ) នៅមជ្ឈមណ្ឌលភាសាអង់គ្លេស។ លើសពីនេះ បេក្ខជនក៏ទទួលបានការគាំទ្រផ្សេងៗទៀតផងដែរ ដូចជា ការធ្វើតេស្តកំណត់កម្រិតភាសាអង់គ្លេស ការបំប៉នត្រៀមប្រឡង IELTS ការប្រឡង IELTS និងការអភិវឌ្ឍវិជ្ជាជីវៈ ដើម្បីជួយក្នុងការរៀបចំសំណុំឯកសារដាក់ពាក្យឱ្យបានគ្រប់លក្ខខណ្ឌ និងឆ្លើយក្នុងវគ្គសម្ភាសន៍បានល្អ។ សិក្ខាកាមមួយចំនួនអាចនឹងទទួលបានការបង្ហាត់បង្ហាញផ្ទាល់ខ្លួន (Mentoring) ជាពិសេសជនមានពិការភាព។ ចំណែកស្ត្រី សិក្ខាកាមមកពីតាមបណ្ដាខេត្ត និងក្រុមគោលដៅសមធម៌ផ្សេងទៀត អាចនឹងទទួលបានការឧបត្ថម្ភលើថ្លៃធ្វើដំណើរ ការស្នាក់នៅ អាហារ និងសេវាអ៊ីនធឺណិត។ សម្រាប់ជនមានពិការភាព កម្មវិធីនេះក៏អាចនឹងរួមបញ្ចូលទាំងឱកាសចុះធ្វើកម្មសិក្សា ដើម្បីជួយកសាងបទពិសោធការងារសម្រាប់ការដាក់ពាក្យស្នើសុំអាហារូបករណ៍នាពេលអនាគតផងដែរ។
ដើម្បីអាចក្លាយជាផ្នែកមួយក្នុងកម្មវិធី EPP ជាដំបូង ត្រូវចូលទៅកាន់គេហទំព័រ ដើម្បីពិនិត្យមើលថាត្រូវនឹងលក្ខខណ្ឌឬយ៉ាងណាជាមុនសិន ក្រោយមកប្រសិនបើមានគ្រប់លក្ខខណ្ឌ នោះអ្នកនឹងទទួលបានតំណភ្ជាប់ ដើម្បីបំពេញពាក្យទៅកាន់កម្មវិធី EPP និងទម្រង់ប្រវត្តិរូប ដែលតម្រូវឱ្យបំពេញ ហើយដាក់ពាក្យ។ ក្រោយទទួលពាក្យបាន ក្រុមការងារEPP នឹងពិនិត្យ ប្រសិនបើអ្នកត្រូវបានជ្រើសរើស កម្មវិធីនឹងផ្តល់ដំណឹងជូន ហើយអ្នកនឹងត្រូវធ្វើតេស្តកម្រិតភាសាអង់គ្លេស English placement test។ ប្រសិនបើអ្នកជាប់ English Placement Test នោះអ្នកនឹងត្រូវធ្វើតេស្តកម្រិត IELTS បន្តទៀត ដើម្បីតេស្តភាសាអង់គ្លេសឱ្យបានកម្រិតដែលបានកំណត់ដោយកម្មវិធី ពោលគឺ ត្រូវជាប់ពិន្ទុ overall band ៥.៥ សម្រាប់បេក្ខជនទូទៅ លើកលែងបេក្ខជនដែលមានពិការភាព ជនជាតិភាគតិច ឬជនជាតិដើមភាគតិច កំណត់ overall band ៤.៥ ។ ប្រសិនបើជាប់ទៅតាមលក្ខខណ្ឌកម្រិត IELTs ខាងលើ នោះអ្នកនឹងត្រូវបានជ្រើសរើសចូលវគ្គបណ្តុះបណ្តាលភាសាអង់គ្លេស ដែលមានរយៈពេលចន្លោះ ៩-១២ខែ។ សិក្ខាកាមដែលបានបញ្ចប់កម្មវិធី EPP នឹងត្រូវប្រឡងតេស្ត IELTS ម្តងទៀតនៅចុងបញ្ចប់នៃកម្មវិធី។ កម្មវិធី EPP នឹងជួយឧបត្ថម្ភថ្លៃសិក្សា ថ្លៃប្រឡង IELTS ហើយសម្រាប់សិក្ខាកាមមកពីតាមបណ្តាខេត្ត នឹងទទួលបានការឧបត្ថម្ភបន្ថែមលើថ្លៃធ្វើដំណើរ កន្លែងស្នាក់នៅ អាហារ និងថ្លៃអ៊ីនធឺណិត។ ក្រោយចប់កម្មវិធី សិក្ខាកាមនៃកម្មវិធី EPP ក៏នឹងអាចចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍វិជ្ជាជីវៈផងដែរ រួមមាន ការវាយតម្លៃតាមដានពាក់កណ្តាលវគ្គ (mid-term check-ins) ការបង្កើតបណ្តាញទំនាក់ទំនង និងការប្រឹក្សាយោបល់ជាមួយអតីតសិក្ខាកាម (alumni networking and mentoring) និងកម្មវិធី Farewell។
ដើម្បីមានសិទ្ធិដាក់ពាក្យ បេក្ខជនត្រូវតែជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិច ២៤ ខែ មុនពេលដាក់ពាក្យ មានសញ្ញាបត្របរិញ្ញាបត្រ មានបទពិសោធការងារពេញម៉ោងយ៉ាងតិច ២៤ ខែ មានសមត្ថភាពភាសាអង់គ្លេសកម្រិតមធ្យម ព្រមទាំងមានគម្រោងដាក់ពាក្យសុំអាហារូបករណ៍ Australia Awards នៅពេលអនាគត។ លើសពីនេះ ស្ត្រី និងជនមានពិការភាព ត្រូវបានលើកទឹកចិត្តយ៉ាងមុតមាំឱ្យដាក់ពាក្យ។ សម្រាប់ព័ត៌មានទូទៅអំពីកម្មវិធី EPP សូមចូលទៅកាន់គេហទំព័រ ៖ https://www.australiaawardscambodia.org/support-for-applicants/ ឬចូលទៅកាន់គេហទំព័រ Facebook: https://www.facebook.com/australiaawardskh។
ក្រុមការងារនៃ EPP បានផ្តល់ជាសារទៅកាន់បេក្ខជនដែលមានបំណងដាក់ពាក្យថា «ជាដំបូង បេក្ខជនគួរតែពិនិត្យមើលថាតើខ្លួនមានគ្រប់លក្ខខណ្ឌតម្រូវក្នុងការដាក់ពាក្យចូលរួមកម្មវិធី EPP ដែរឬទេ និងកំណត់ឱ្យបានច្បាស់ថាតើខ្លួនស្ថិតនៅក្នុងក្រុមគោលដៅណាមួយ។ បន្ទាប់មក ពិនិត្យមើលដំណើរការនៃការដាក់ពាក្យឱ្យបានដិតដល់ និងទស្សនាវីដេអូណែនាំអំពីរបៀបបំពេញពាក្យស្នើសុំ និងប្រវត្តិរូបសង្ខេប (CV) របស់កម្មវិធី EPP។ អ្វីដែលសំខាន់បំផុតនោះ បេក្ខជនគប្បីស្រាវជ្រាវឱ្យបានស៊ីជម្រៅលើមុខជំនាញដែលខ្លួនមានបំណងចង់សិក្សានៅប្រទេសអូស្ត្រាលី ព្រមទាំងត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជាក់ពីគោលដៅ បទពិសោធការងារ និងការលើកទឹកចិត្តក្នុងការចូលរួមក្នុងកម្មវិធីនេះ។ ជាចុងក្រោយ បេក្ខជនចាំបាច់ត្រូវត្រៀមខ្លួនឱ្យបានលឿន។ ការយកចិត្តទុកដាក់ខ្ពស់លើការធ្វើតេស្តសមត្ថភាពភាសាអង់គ្លេស នឹងជួយឱ្យអ្នកដាក់ពាក្យស្នើសុំប្រកបដោយទំនុកចិត្ត និងបង្ហាញភាពលេចធ្លោរបស់ខ្លួន ដែលនេះជាកត្តាបង្កើនឱកាសជោគជ័យសម្រាប់ទាំងកម្មវិធី Equity Pathways Program និងអាហារូបករណ៍ Australia Awards៕»