Swift cc time

យុវជន៦ក្រុម មានឱកាសបន្តគម្រោងដំណោះស្រាយបញ្ហាទីក្រុង បរិស្ថាន និងប្រព័ន្ធស្បៀងអាហារបែបឌីជីថល ក្នុងកម្មវិធី DGIy

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ យុវជន៦ក្រុម ត្រូវបានជ្រើសរើសពីការជម្រុះ១៨ក្រុម ក្នុងកម្មវិធី DGIy នៅក្នុងវគ្គប្រកួតប្រជែងបង្កើតគំនិតថ្មីៗ (Hackathon)។ យុវជន៦ក្រុមនេះ នឹងទទួលបានការបណ្តុះបណ្តាលបន្ថែមរយៈពេល៥សប្តាហ៍ ហើយនឹងបន្តអភិវឌ្ឍដំណោះស្រាយឌីជីថលដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់កម្ពុជាពាក់ព័ន្ធនឹងទីក្រុង បរិស្ថាន និងប្រព័ន្ធស្បៀងអាហារ ដើម្បីទៅបង្ហាញផលិតផលសម្រេចនៅថ្ងៃធ្វើបទបង្ហាញ (Demo Day) នៅខែតុលា។

នាពេលកន្លងមក យុវជន១៨ក្រុម បានប្រកួតប្រជែងគ្នាផ្តោតលើ (១) ការរៀបចំទីក្រុង និងទីក្រុងប្រកបដោយនិរន្តរភាព (២) កាកសំណល់ ការបំពុល និងសុខភាពសាធារណៈ និង (៣) សន្តិសុខស្បៀង និងកសិកម្មប្រកបដោយនិរន្តរភាព។ ក្រុមនីមួយៗបានកំណត់ និងផ្ទៀងផ្ទាត់បញ្ហា បង្កើតដំណោះស្រាយដោយប្រើវិធីសាស្ត្រ Lean Canvas ក្រោមការគាំទ្រពីអ្នកណែនាំ (mentors) និងបានធ្វើបទបង្ហាញអំពីគំនិតរបស់ពួកគេទៅកាន់គណៈកម្មការវាយតម្លៃ។ រយៈពេល២ថ្ងៃនៃការប្រកួតនេះ គេបានរកឃើញយុវជន៦ក្រុម មានឱកាសបន្តគម្រោងរបស់ពួកគេ។

ក្រុមទាំង៦ ត្រូវបានជ្រើសរើសឱ្យបន្តទៅកាន់កម្មវិធីបណ្តុះបណ្តាលកម្រិតខ្ពស់ (Masterclass Series) ដែលពួកគេនឹងអភិវឌ្ឍគំនិតរបស់ខ្លួនទៅជាផលិតផលជាក់ស្តែងដែលមានមុខងារមូលដ្ឋាន (MVPs) សម្រាប់ព្រឹត្តិការណ៍បង្ហាញផលិតផល (Demo Day) នៅខែតុលា។ ក្រុមទាំង៦រួមមាន៖ ក្រុមទី១ EnergyFlow (MOVIA)៖ កម្មវិធីទូរស័ព្ទដែលគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនី (EV) ដែលកំពុងរីកចម្រើននៅកម្ពុជា។

ក្រុមទី២ Future Earth (VoltGo)៖ កម្មវិធីទូរស័ព្ទដែលគាំទ្រដល់ការប្រើប្រាស់យានយន្តអគ្គិសនី (EV) និងការធ្វើដំណើរ។ ក្រុមទី៣ ReTrack៖ កម្មវិធីដែលប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីជួយដល់ការកែច្នៃឡើងវិញ (recycling) នៅរាជធានីភ្នំពេញ។ ក្រុមទី៤ NhamFood៖ ទូរស័ព្ទដៃសម្រាប់ទីផ្សារលក់អាហារដែលបញ្ចុះតម្លៃពីហាង និងភោជនីយដ្ឋាន។ ក្រុមទី៥ The Syn (FoodLink)៖ កម្មវិធីទូរស័ព្ទដែលតភ្ជាប់អាហារទៅកាន់អ្នកប្រើប្រាស់។ ក្រុមទី៦ HarvestFlow៖ កម្មវិធីទូរស័ព្ទដែលតភ្ជាប់កសិករខ្នាតតូចជាមួយអ្នកទិញនៅក្បែរៗនោះ។ យុវជនទាំង៦ក្រុម នឹងធ្វើបទបង្ហាញផលិតផលសម្រេចនៅថ្ងៃធ្វើបទបង្ហាញ (Demo Day) នៅខែតុលានេះ៕

Khcct banner

អត្ថបទទាក់ទង