Swift cc time

កូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់គ្រាប់ពិតកាំភ្លើងធុនធ្ងន់រយៈចម្ងាយឆ្ងាយ និងមីស៊ីល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានធ្វើសមយុទ្ធបាញ់ប្រហារគ្រាប់ពិតដោយបានប្រើប្រាស់កាំភ្លើងធុនធ្ងន់រយៈចម្ងាយឆ្ងាយ និងមីស៊ីល។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា សមយុទ្ធនេះបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ដោយមានការចូលរួមពីអង្គភាពចម្រុះនៅគ្រប់កម្រិតនៃកងទ័ពប្រជាជនកូរ៉េខាងជើង។សមយុទ្ធបាញ់គ្រាប់ពិតរបស់កូរ៉េខាងជើងនេះឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូងបានបញ្ចប់សមយុទ្ធដែនសមុទ្ររួមគ្នារយៈពេល ៥ ថ្ងៃជាមួយសហរដ្ឋអាម៉េរិក និងជប៉ុន ដែលផ្តោតលើការទប់ស្កាត់សកម្មភាពនាៗពីកូរ៉េខាងជើង។

កូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់កាលពីថ្ងៃសៅរ៍ ចេញពីតំបន់ Wonsan ឆ្ពោះទៅកាន់សមុទ្រខាងកើត ដែលគេស្គាល់ថាជាសមុទ្រជប៉ុន។ របាយការណ៍របស់ KCNA មិនបានបញ្ជាក់ពីទីតាំងដែលសមយុទ្ធនោះបានធ្វើឡើងទេ ប៉ុន្តែកូរ៉េខាងជើងបានប្រើប្រាស់ «ប្រព័ន្ធប្រយុទ្ធថ្មីៗ ដូចជាយន្តហោះគ្មានមនុស្សបើក (drones) សម្រាប់វាយប្រហារប្រភេទផ្សេងៗ មីស៊ីលប្រភេទ cruise សម្រាប់យុទ្ធសាស្ត្រ ប្រព័ន្ធបាញ់រ៉ុក្កែតច្រើនគ្រាប់ដែលមានកម្លាំងបំផ្លាញខ្ពស់ (thermal-pressure) និងមីស៊ីលផ្លោងសម្រាប់យុទ្ធសាស្ត្រ។ KCNA បានបញ្ជាក់ថា អាវុធទាំងនោះ បានបង្ហាញពីអានុភាពបំផ្លិចបំផ្លាញដ៏ធំធេងនៃការបាញ់ប្រមូលផ្តុំ ដោយបានវាយប្រហារចំគោលដៅជាមួយនឹងភាពត្រឹមត្រូវ ១០០ ភាគរយ៕

Khcct banner

អត្ថបទទាក់ទង