Swift cc time

តម្លៃប្រេងបន្តកើនដល់ ១០៨ដុល្លារ/បារ៉ែល ក្រោយមានការវាយប្រហារថ្មីៗលើប្រទេសអារ៉ាប៊ីសាអូឌីត និងច្រកសមុទ្រហ័រមូស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ តម្លៃប្រេងបានបន្តកើនឡើងជាង ៣ ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល (១៥៩លីត្រ) នៅក្នុងទីផ្សារប្រេងសកលនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីមានការវាយប្រហារថ្មីៗលើប្រទេសអារ៉ាប៊ីសាអូឌីត និងលើនាវាចរណ៍នៅក្នុងឈូងសមុទ្រកាលពីថ្ងៃអាទិត្យ។ តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ៣,៦២ ដុល្លារ ឬ ៣,៤៦ ភាគរយ ដល់ ១០៨,២៣ ដុល្លារក្នុងមួយបារ៉ែល ចំណែកតម្លៃប្រេងឆៅប្រភេទ WTI បានកើនឡើង ៣,១៥ ដុល្លារ ឬ ៣,១៥ ភាគរយ ដល់ ១០៣,២០ ដុល្លារក្នុងមួយបារ៉ែល។

មុនបន្តឡើងថ្លៃមិនធ្លាប់មានជាថ្មីនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអាទិត្យ បានចេញផ្សាយវីដេអូបង្ហាញពីការខូចខាតផ្ទះសម្បែង និងវិហារឥស្លាមមួយកន្លែង ដែលបណ្តាលមកពីអ្វី ការវាយប្រហាររបស់ក្រុមហ៊ូធី (Houthi) លើខេត្ត Jazan ភាគខាងត្បូងនៃប្រទេសអារ៉ាប៊ីសាអូឌីត។

ទីភ្នាក់ងារសន្តិសុខដែនសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា នាវាមួយគ្រឿងនៅក្នុងច្រកសមុទ្រហ័រមូសត្រូវបានវាយប្រហារដោយគ្រាប់ផ្លោង ដែលបណ្តាលឱ្យមានអគ្គិភ័យ និងបង្ខំឱ្យមានការជម្លៀសក្រុមនាវិកចេញ។ អ៊ីរ៉ង់ក៏បានបញ្ជាក់ដែលថាមានមនុស្សម្នាក់បានស្លាប់ និងនាវិក ៤ នាក់បានរងរបួសនៅលើនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿង ដែលត្រូវបានវាយប្រហារនៅក្បែរឆ្នេរសមុទ្ររបស់ខ្លួន។

ជាមួយគ្នានេះដែរតម្លៃប្រេងត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីហានិភ័យនៃការផ្គត់ផ្គង់ពីអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងធំជាងគេបំផុតរបស់ពិភពលោក។ បំពង់បង្ហូរប្រេង East-West របស់ប្រទេសនេះត្រូវបានបិទកាលពីសប្តាហ៍មុន ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone) ដែលមានប្រភពចេញពីប្រទេសអ៊ីរ៉ាក់។ លោក Tony Sycamore អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន IG បានលើកឡើងនៅក្នុងកំណត់សម្គាល់មួយកាលពីថ្ងៃអាទិត្យថា៖ «ប្រសិនបើមើលទៅមុខទៀត លុះត្រាតែការចរចានៅប្រទេសអូម៉ង់ក្នុងសប្តាហ៍នេះបង្កើតបានលទ្ធផលជាក់ស្តែង ឬបំពង់បង្ហូរប្រេង East-West ត្រូវបានដាក់ឱ្យដំណើរការឡើងវិញយ៉ាងឆាប់រហ័សនោះ បើមិនដូចច្នេះទេ តម្លៃប្រេងឆៅនឹងបន្តកើនឡើងឆ្ពោះទៅរកកម្រិតខ្ពស់បំផុតគឺ ១១៩,៤៨ ដុល្លារក្នុងមួយបារ៉ែលឡើងវិញ ដែលកំណត់ត្រាខ្ពស់បែបនេះបានកើតឡើងម្តងហើយកាលពីខែ មីនា៕

Khcct banner

អត្ថបទទាក់ទង