អង់គ្លេស៖ អាផាតមិនជាន់លើដ៏ប្រណិតចំនួនពីរនៅទីក្រុងឡុងដ៍ ដែលមានទំនាក់ទំនងជាមួយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក ម៉ូជតាបា ខាមេណៃ (Mojtaba Khamenei ) ត្រូវបានដាក់លក់ និងមានអ្នកបញ្ជាទិញក្នុងតម្លៃសរុប ៣៦ លានផោន (៤២លានដុល្លារអាម៉េរិក) ។ យោងតាមកាសែត The Sunday Times បានរាយការណ៍ថាអាផាតមិនទាំងនេះស្ថិតនៅអាសយដ្ឋាន 3a Palace Green ដែលជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏មានកិត្យានុភាព មានទេសភាពមើលឃើញព្រះបរមរាជវាំង Kensington និងស្ថិតនៅជិតលំនៅដ្ឋានផ្លូវការនៅទីក្រុងឡុងដ៍របស់ព្រះអង្គម្ចាស់ និងព្រះនាងនៃតំបន់ Wales។
បើតាម The Sunday Times ដដែលអចលនទ្រព្យទាំងពីរនេះមានរួមបញ្ចូលទាំងកន្លែងស្នាក់នៅសម្រាប់បុគ្គលិក និងរានហាលឯកជននៅលើដំបូលអគារ។ អាផាតមិនមួយក្នុងចំណោមនោះ គឺជាប្រភេទ duplex (មានពីរជាន់ភ្ជាប់គ្នា) ដែលមានបន្ទប់គេងចំនួន ៥ និងមានទំហំ ៣,៩៤៤ ហ្វីតការ៉េ (ប្រហែល ៣៦៦ ម៉ែត្រការ៉េ) លាតសន្ធឹងលើជាន់ទី ៦ និងទី ៧។ ម្ចាស់ដែលបានចុះបញ្ជីឈ្មោះសម្រាប់អាផាតមិនទាំងពីរនេះ គឺលោក Ali Ansari ដែលជាធនាគារិកជនជាតិអ៊ីរ៉ង់។ លោកត្រូវបានក្រសួងរតនាគារសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មកាលពីខែកក្កដា ក្នុងនាមជា "អ្នកផ្តល់ហិរញ្ញវត្ថុដ៏សំខាន់" សម្រាប់លោក ខាមេណៃ ។