Swift cc time

អតីតសិស្ស«អាហារូបករណ៍ Chevening» កញ្ញា វណ្ណដា ហង្សបញ្ចមា ចែករំលែកគន្លឹះដាក់អាហារូបករណ៍ទៅសិក្សានៅព្រីតថេន

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កញ្ញា វណ្ណដា ហង្សបញ្ចមា ជាអតីតសិស្សអាហារូបករណ៍ Chevening បច្ចុប្បន្នជាអ្នកបង្កើតនវានុវត្តន៍សង្គម Social Innovator មួយរូប។ កញ្ញារូបនេះ បានចែករំលែកនូវគន្លឹះសំខាន់ៗជាច្រើនក្នុងការដាក់អាហារូបករណ៍នេះ ទាំងការសរសេរ Essayឱ្យបានល្អ និងព័ត៌មានផ្សេងៗទៀតដែលយុវជនគួរដឹង ដើម្បីដាក់អាហារូបករណ៍ឱ្យជាប់ទៅសិក្សានៅព្រីតថេន។

ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ កញ្ញា វណ្ណដា ហង្សបញ្ចមា បានបញ្ជាក់ថា កញ្ញាទទួលបានអាហារូបករណ៍ Chevening សិក្សារយៈពេលមួយឆ្នាំ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master's Degree) ផ្នែកសហគ្រិនភាព និង ធុរកិច្ចនវានុវត្តន៍ (Entrepreneurship and Innovation MSc) នៅរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង(ព្រីតថេន)។

កញ្ញា ហង្សបញ្ចមា បានបន្ថែមថា កញ្ញាទទួលបានអាហារូបករណ៍ពេញលេញ (fully-funded) ដែលរ៉ាប់រងទៅលើការចំណាយចម្បងៗទាំងអស់ រួមមាន៖ ថ្លៃសិក្សា (Tuition Fees) ១០០%, ប្រាក់ឧបត្ថម្ភប្រចាំខែ (Monthly Stipend), សំបុត្រយន្តហោះ (Travel Costs), ថ្លៃទិដ្ឋាការ (Visa Application Fee), ប្រាក់ឧបត្ថម្ភបន្ថែម (Allowances) តែអាហារូបករណ៍នេះមិនរ៉ាប់រ៉ងលើការចំណាយសម្រាប់សមាជិកគ្រួសារ (ប្តី/ប្រពន្ធ ឬកូន) និងការចំណាយលើការប្រឡងតេស្តភាសាអង់គ្លេស (ដូចជា IELTS) នោះទេ។

សម្រាប់អាហារូបករណ៍នេះ កញ្ញា ហង្សបញ្ចមា បានឆ្លងកាត់៤ ដំណាក់កាលធំៗ។ ដំណាក់កាលទី ១៖ ការដាក់ពាក្យតាមអនឡាញ៖ តម្រូវឱ្យបេក្ខជនបំពេញព័ត៌មានផ្ទាល់ខ្លួន និងការសរសេរអត្ថបទ Essay ចំនួន ៤ ផ្តោតលើ៖ ១. ភាពជាអ្នកដឹកនាំ (Leadership) ២. ការបង្កើតបណ្តាញទំនាក់ទំនង (Networking) ៣. ផែនការសិក្សានៅអង់គ្លេស (Studying in the UK) និង ៤. ផែនការការងារនាពេលអនាគត (Career Plan)។ ដំណាក់កាលទី ២៖ ការវាយតម្លៃដោយគណៈកម្មការ៖ បន្ទាប់ពីបិទការទទួលពាក្យ គណៈកម្មការឯករាជ្យ (Reading Committee) នឹងពិនិត្យពាក្យ និងដាក់ពិន្ទុលើ Essay របស់អ្នក ដើម្បីចម្រាញ់យកបេក្ខជនដែលមានសក្តានុពលបំផុត។ ដំណាក់កាលទី ៣៖ ការសម្ភាសន៍ផ្ទាល់៖ បេក្ខជន Shortlist អ្នកនឹងត្រូវទៅធ្វើការសម្ភាសន៍ជាភាសាអង់គ្លេស នៅស្ថានទូតព្រីតថេនប្រចាំកម្ពុជា។ ដំណាក់កាលទី ៤៖ ការទទួល Admission ពីសាកលវិទ្យាល័យ និងលទ្ធផលផ្លូវការ៖ បេក្ខជនត្រូវមាន លិខិតទទួលយកការសិក្សាដោយគ្មានលក្ខខណ្ឌ (Unconditional Offer) យ៉ាងហោចណាស់មួយ ពីសាកលវិទ្យាល័យទាំង ៣ ដែលអ្នកបានរើស ទើបអាចក្លាយជាម្ចាស់អាហារូបករណ៍ពេញសិទ្ធិ។

កញ្ញារូបនេះ បានចែករំលែកពីយុទ្ធសាស្រ្តដាក់អាហារូបករណ៍រួមមាន៖ ត្រូវមានគោលបំណងសិក្សាច្បាស់លាស់ និងបង្ហាញឆន្ទៈក្នុងការដោះស្រាយបញ្ហាណាមួយនៅក្នុងសង្គម ដោយប្រើប្រាស់ទិន្នន័យដែលបញ្ជាក់ពីបញ្ហានោះ និងផ្សារភា្ជប់ទស្សនៈគាំទ្រ SDG ឬគោលនយោបាយដែលរាជរដ្ឋាភិបាលកំពុងដាក់ចេញ ដែលមានទំនាក់ទំនងជាមួយមុខវិជ្ជា ការងារ ឬគម្រោង ( project/initiative) របស់បេក្ខជន។ ការសរសេរ Essay ដែលល្អគឺ ចៀសវាងការរៀបរាប់អំពីទ្រឹស្តី ឬគោលគំនិតទូទៅ ប៉ុន្តែត្រូវប្រើ (S.T.A.R Method) ដើម្បីបង្ហាញពីសមិទ្ធផលពិតប្រាកដដែលអ្នកធ្លាប់បានធ្វើជាក់ស្តែង និងមានសាច់រឿងប្រទាក់ក្រឡាគ្នា។

ទន្ទឹមនឹងនេះ ត្រូវបង្ហាញពីស្មារតីចង់ត្រឡប់មកអភិវឌ្ឍប្រទេសជាតិ ព្រោះ Chevening ស្វែងរកអ្នកដឹកនាំជំនាន់ក្រោយ ដែលនឹងត្រឡប់មកបង្កើតផលវិជ្ជមានដល់ប្រទេសកំណើតវិញ។ ផែនការអាជីព (Career Plan) របស់អ្នកត្រូវតែមានភាពច្បាស់លាស់ ទាំងរយៈពេលខ្លី មធ្យម និងវែង ហើយត្រូវបង្ហាញថាជំនាញដែលអ្នកទៅរៀននៅអង់គ្លេស នឹងមកបំពេញចន្លោះខ្វះខាត ( gap or loophole) ក្នុងវិស័យនោះនៅកម្ពុជា។ ដើម្បីសរសេរ Essay ផែនការការងារ (Career Plan) បេក្ខជនគួរប្រើប្រាស់ទម្រង់ S.M.A.R.T plan។ ព្យាយាមធ្វើការស្រាវជ្រាវឱ្យបានម៉ត់ចត់ ច្បាស់លាស់ និងអានព័ត៍មានក្នុងការដាក់ពាក្យឱ្យបានលម្អិតក្បោះក្បាយ ដើម្បីយល់ពីដំណាក់កាលនីមួយៗ ព្រោះព័ត៌មានផ្លូវការទាំងអស់ គឺមាននៅក្នុងវេបសាយរបស់ Chevening។ សួរនាំបទពិសោធន៍សិស្សច្បងក្នុងការដាក់ពាក្យទាំងអ្នកធ្លាប់ជាប់ និងមិនធ្លាប់ជាប់ គឺសុទ្ធតែជាធាតុចូលសំខាន់ៗ ក្នុងការថ្លឹងថ្លែង ក្នុងការសម្រេចចិត្ត ដើម្បីទទួលបានជ័យលាភី អាហារូបករណ៍នេះ។

បើតាមកញ្ញា ហង្សបញ្ចមា បេក្ខជនត្រូវមានលក្ខណៈសម្បត្តិ មានភាពជាអ្នកដឹកនាំ ដែលមានទាំងសមត្ថភាព និងជំនាញទន់ ខណៈត្រូវបង្ហាញឧទាហរណ៍ជាក់ស្តែង ( Project, initiative, proposal) ក្នុងការបង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងសហគមន៍ ឬការងារ ជាពិសេសមានឆន្ទៈ អាចជួយប្រទេសជាតិបាន តាមជំនាញរបស់ខ្លួន។ បេក្ខជនត្រូវមានជំនាញកសាងបណ្តាញទំនាក់ទំនង និងមាន ផែនការសិក្សា និងការងារច្បាស់លាស់ ដែលមានរយៈពេលខ្លី មធ្យម និងវែង ព្រមទាំងប្តេជ្ញាចិត្តត្រឡប់មកអភិវឌ្ឍប្រទេសកំណើតវិញ។

តាមបទពិសោធន៍របស់កញ្ញា ការសិក្សានៅ UK ផ្ដោតខ្លាំងលើការស្រាវជ្រាវដោយខ្លួនឯង (Independent Learning) ដែលនាំឱ្យកញ្ញាមានភាពក្លាហាន និងម្ចាស់ការខ្ពស់ក្នុងការគិតពិចារណាដោយវិភាគ (Critical thinking) និង ការប្រៀបធៀប (Comparison & Balance Skill) ដែលមានសារៈប្រយោជន៍សម្រាប់ជំនាញ និងការរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ កញ្ញាទទួលបានការជ្រោមជ្រែង មើលថែគ្នា ក្នុងសមាគមនិស្សិត និងប្រជាជនខ្មែររស់នៅ UK ដែលជួយឱ្យកញ្ញាបានចូលរួមក្នុងសកម្មភាពជាច្រើន។ ការរស់នៅមានភាពងាយស្រួល ព្រោះមានប្រព័ន្ធដឹកជញ្ជូនសាធារណៈ (រថភ្លើង ឡានក្រុង)។

កញ្ញា ហង្សបញ្ចមា ជំរុញឱ្យយុវជនជំនាន់ក្រោយដាក់ពាក្យអាហារូបករណ៍ Chevening យ៉ាងខ្លាំង ព្រោះមានជំនួយហិរញ្ញវត្ថុពេញលេញ មានឱកាសសិក្សា និងរស់នៅប្រទេសដែលជាតំបន់សេដ្ឋកិច្ចឈានមុខលំដាប់ពិភពលោក និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ អាចទទួលបានបណ្តាញទំនាក់ទំនងសកល ទទួលបានការអភិវឌ្ឍជំនាញដឹកនាំ និងឱកាសពង្រីកទស្សនវិស័យ។ កញ្ញា បានផ្តល់ជាដំបូន្នានថា យុវជនគួរវិនិយោគលើចំណេះដឹង ដែលអាចទទួលបានតាមរយៈការចូលរួមការងារស្ម័គ្រចិត្ត ពេលទំនេរគួរទៅបណ្ណាល័យ អានសៀវភៅ ឬសិក្សាស្រាវជ្រាវ ទៅកន្លែងដែលមានភាពអប់រំកំសាន្ត បង្កើតគំនិតផ្តួចផ្តើមថ្មីៗ និងប្រើប្រាស់ វេទិកាឌីជីថល ឱ្យមានប្រយោជន៍។ បន្ថែមពីនេះ យុវជនគួរពង្រឹង សីលធម៌ និងសុជីវធម៌ ខណៈគួរស្គាល់តម្លៃ និងឬសគល់របស់ខ្លួនដូចពាក្យចាស់លោកពោលថា «ងើយស្កក ឱនដាក់គ្រាប់»៕

Khcct banner

អត្ថបទទាក់ទង