មូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន បានបញ្ជូនបំណែកឆ្អឹងដៃដែលធ្លាប់កាន់ដាវរបស់ព្រះអង្គម្ចាស់រុស្ស៊ីសម័យបុរាណមួយអង្គ ដែលធ្លាប់ទទួលបានជ័យជម្នះដ៏ល្បីល្បាញលើពួកម៉ុងហ្គោល ត្រូវបានបញ្ជូនទៅកាន់សមរភូមិក្នុងប្រទេសអ៊ុយក្រែន ដើម្បីលើកទឹកចិត្តកងទ័ព ដែលនេះលោកប្រធានាធិបតីបានចាត់ទុកជាការគាំទ្រចុងក្រោយបំផុតពីសំណាក់វិហារគ្រិស្តអូស្សូដក់រុស្ស៊ី (Russian Orthodox Church) ចំពោះសង្គ្រាមដែលកំពុងតែបន្ត។ មឈូសថ្មរបស់ព្រះអង្គម្ចាស់ Dmitry Donskoy (ឌីមីទ្រី ដុនស្កូយ) ដែលបានសោយទិវង្គតនៅឆ្នាំ ១៣៨៩ និងត្រូវបានគោរពដោយក្រុមអ្នកជាតិនិយមរុស្ស៊ីចំពោះការយកឈ្នះលើកងទ័ពម៉ុងហ្គោល (Golden Horde) នៅក្នុងសមរភូមិ Kulikovo ឆ្នាំ ១៣៨០ ត្រូវបានបង្ហាញខ្លួននៅរដូវក្តៅនេះ អំឡុងពេលការងារជួសជុលវិហារ Archangel ក្នុងទីក្រុងមូស្គូ ដែលស្ថិតនៅក្នុងបរិវេណវិមានក្រឹមឡាំង ហើយនឹងត្រូវបញ្ជូនទៅកាន់សមរភូមិមុខ។
លោកប្រធានាធិបតី ពូទីន បានចុះពិនិត្យដោយផ្ទាល់នូវអដ្ឋិធាតុរបស់ព្រះអង្គម្ចាស់ដែលនៅតែរក្សាសភាពបានល្អកាលពីខែសីហា ដោយលោកបានកោតសរសើរថាជាការរកឃើញដ៏អស្ចារ្យ និងមានលក្ខណៈពិសេសបំផុត ដែលជួយពង្រឹងមូលដ្ឋានគ្រឹះនៃប្រវត្តិសាស្ត្ររុស្ស៊ី។
វិហារគ្រិស្តអូស្សូដក់រុស្ស៊ី ដែលបានគាំទ្រលោក ពូទីន ពេញមួយរយៈពេលនៃជម្លោះនេះ បាននិយាយថា ខ្លួនបានបញ្ជូនបំណែកនៃដៃស្តាំរបស់ព្រះអង្គម្ចាស់ Donskoy ទៅកាន់តំបន់ Donetsk (ដូណេត) ដែលជាតំបន់មួយក្នុងចំណោមតំបន់ទាំងបួនរបស់អ៊ុយក្រែនដែលលោក ពូទីន បានប្រកាសបញ្ចូលទៅក្នុងទឹកដីរុស្ស៊ីកាលពីឆ្នាំ ២០២២។ វិហារគ្រិស្តអូស្សូដក់ជឿថាព្រះអង្គម្ចាស់ Donskoy គឺថាជា "មេទ័ពដ៏ពិសិដ្ឋ" ស្ថាប័នសាសនា Moscow Patriarchate នៃវិហារគ្រិស្តអូស្សូដក់រុស្ស៊ី និងនាំជ័យជម្នះដល់រុស្ស៊ី។
គួររម្លឹកថាវត្ថុបុរាណដ៏ពិសិដ្ឋនេះត្រូវបានដាក់ក្នុងប្រអប់តូចមួយដ៏ស្រស់ស្អាតក្រោមស្រទាប់កញ្ចក់រឹងមាំ នឹងត្រូវយកទៅបង្ហាញដល់អង្គភាពប្រយុទ្ធរបស់រុស្ស៊ីនៅតាមបណ្តោយខ្សែត្រៀមប្រយុទ្ធដែលមានប្រវែងជាង ១,០០០ គីឡូម៉ែត្រ។ ព្រះអង្គម្ចាស់ Donskoy ដែលឈ្មោះរបស់ព្រះអង្គក៏ធ្លាប់ត្រូវបានដាក់ឱ្យក្រុមរថក្រោះសូវៀតមួយក្រុមដែលទទួលបានការឧបត្ថម្ភថវិកាពីវិហារក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ដែរ៕