បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល កំពុងរងការរិះគន់យ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម បន្ទាប់ពីរូបថតចាស់ៗរបស់លោកដែលបានពាក់បន្តោងព្រះ «ចតុខាម រាមទេព» (Jatukam Ramathep) មានតម្លៃថ្លៃកប់ពពកដល់តម្លៃ៩ម៉ឺនដុល្លារ ត្រូវបានគេយកមកបង្ហោះឡើងវិញ។ បន្តោងព្រះដ៏កម្រនេះ ត្រូវបានបង្កើតឡើងដោយព្រះសង្ឃជាន់ខ្ពស់មួយអង្គ ដែលបច្ចុប្បន្នត្រូវបានចាប់ខ្លួនពីបទ សេពសន្ថវៈជាមួយស្រីស្នេហ៍ក្នុងកុដិ និងបានវេរលុយចូលកុងរបស់នាងរាប់សិបលានបាត។
យោងតាមកាសែត South China Morning Post រូបថតទាំងនោះត្រូវបានថតកាលពីខែតុលា ឆ្នាំ ២០២៣ ក្នុងពេលដែលលោក អនុទីនកាលណោះជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្ត្រីស្តីទី បានដឹកនាំក្រុមតំណាងរាស្ត្របក្ស ភូមិចៃថៃ ទៅទស្សនាភាពយន្ត។ កាលនោះ លោកបានបង្ហាញបន្តោងព្រះមាសស៊េរី Nuea Duang ឆ្នាំ ២០០៦ ដែលផលិតដោយវត្ត Wat Phutthaisawan ក្នុងខេត្តអយុធ្យា មានតម្លៃប្រមាណ ៣ លានបាត (ប្រហែល ៩០,៧០០ ដុល្លារ) ដោយលើកឡើងថាជា «អំណាចទន់»របស់ថៃ។
រឿងអាស្រូវខ្សែកនេះបានផ្ទុះឡើងវិញ បន្ទាប់ពីសមត្ថកិច្ចថៃ បានចាប់ខ្លួនចៅអធិការវត្តខាងលើ គឺភិក្ខុ Phra Wachirayan Wi ឬ Luang Pho Atichot ពីបទកេងបន្លំប្រាក់វត្តជាង ៩២ លានបាត ដោយសហការជាមួយស្ត្រីជាគូស្នេហ៍លួចលាក់អាយុ ៤៧ ឆ្នាំ។ វីដេអូសុវត្ថិភាព នៅក្នុងកុដិ បានបង្ហាញសកម្មភាពសេពសន្ថវៈរវាងព្រះសង្ឃរូបនេះ និងស្ត្រីជាគូស្នេហ៍នៅលើតុអាហារ ធ្វើឱ្យសមត្ថកិច្ចឈានទៅដល់ការផ្សឹក និងឃាត់ខ្លួនភ្លាមៗ។ ក្នុងការឆែកឆេរកុដិ និងផ្ទះរបស់ស្ត្រីពាក់ព័ន្ធ សមត្ថកិច្ចថៃ បានរឹបអូសបានប្រាក់សុទ្ធ មាសដុំ និងបន្តោងព្រះសរុបជាច្រើនរយលានបាត រួមទាំងឯកសារដីធ្លីជាច្រើនទៀត៕