ភ្នំពេញ៖ ការមានទំនុកចិត្តលើខ្លួនឯង បានជម្រុញឱ្យកញ្ញា សុភា សូដាលីសប្រែក្លាយខ្លួនឯងពីសិស្សដែលស្ងៀមស្ងាត់ ទៅជាយុវជនដែលសកម្ម ទទួលបានឱកាសទៅកាន់ប្រទេសជាច្រើនដូចជា ឥណ្ឌូនេស៊ី ប្រទេសឥណ្ឌា ប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង។ បច្ចុប្បន្ននេះ កញ្ញាកំពុងតែផ្លាស់ប្តូរការសិក្សារយៈពេលខ្លីនៅប្រទេសកាណាដា តាមរយៈកម្មវិធី Scholarships and Educational Exchanges for Development – Phase 2 (SEED-2)។
កញ្ញា សុភា សូដាលីស គឺជានិស្សិតឆ្នាំទី៣ ជាសិស្សសិក្សាជំនាញ បញ្ញាធុរៈកិច្ច និងគ្រប់គ្រងហានិភ័យនៅសាកលវិទ្យាល័យ CamTech ។ នៅក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍កញ្ញាបានថ្លែងថា កាលពីរៀននៅថ្នាក់វិទ្យាល័យកញ្ញាជាសិស្សមធ្យមដែលមិនសូវលេចធ្លោ ព្រមទាំងជាសិស្សស្ងៀមស្ងាត់។ ប៉ុន្តែ បន្ទាប់ពីមកបន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រ កញ្ញាចាប់ផ្តើមយល់ឃើញថានៅក្នុងថ្នាក់សាកលវិទ្យាល័យមានភាពប្រកួតប្រជែងខ្លាំងជាងមុន ហើយសម្ពាធក៏មានច្រើជាងមុនដែរ ដែលជាហេតុធ្វើឱ្យកញ្ញាយល់ពីខ្លួនឯងកាន់តែច្បាស់ និងហ៊ានចូលប្រឡូកក្នុងសង្គម រហូតក្លាយជាបុគ្គលម្នាក់ដែលតំណាងកម្ពុជាទៅកាន់ឆាកអន្តរជាតិ ព្រមទាំងចូលរួមការប្រកួតប្រជែង និងកិច្ចការសង្គមជាច្រើននៅប្រទេសកម្ពុជា។
កញ្ញាបានរៀបរាប់បន្ថែមថា រាល់ពេលតំណាងកម្ពុជាទៅកាន់ឆាកអន្តរជាតិ កញ្ញាតែងប្រកាន់ខ្ជាប់ថាវាជាកាតព្វកិច្ចដ៏សំខាន់ ដោយទម្លាប់ជាមូលដ្ឋានដូចជា ការគោរព ការចូលរួមយ៉ាងសកម្មក្នុងការពិភាក្សានានា និងការបើកចិត្តរៀនសូត្រពីអ្នកដៃ។ កញ្ញាក៏តែងតែប្រកាន់នូវទស្សនៈមួយគឺ “តិចតែច្រើន” ដែលវាមានន័យថាយុវជន មិនចាំបាច់ត្រូវតែបង្ហាញថាខ្លួនឯងពូកែ ឬព្យាយាមធ្វើឱ្យលេចធ្លោនោះទេ។ ប៉ុន្តែ ត្រូវងាកមកផ្តោតលើការចូលរួមចំណែកតូចៗ ដូចជាកាស្តាប់ ការចូលរួម ភាពស្មោះត្រង់ជាមួយអ្នកដទៃ នោះមនុស្សនឹងចាប់ផ្តើមមើលឃើញ និងកត់សម្គាល់ ថាយើងជាយុវជនពូកែម្នាក់មកពីកម្ពុជា។
បន្ថែមពីនេះ កញ្ញាក៏បានរំលេចនូវកត្តាបីធំៗដែលជម្រុញឱ្យកញ្ញាក្លាយជាយុវជនសកម្មដូចពេលបច្ចុប្បន្ន។ ទីមួយ គឺការកសាងទំនុកចិត្តលើខ្លួនឯង តាមរយៈផ្នត់គំនិត និងការអនុវត្តជាក់ស្តែង។ កញ្ញារៀបរាប់ថា “ត្រូវធ្វើខ្លួនដូចមានទំនុកចិត្ត រហូតដល់មានទំនុកចិត្តពិតប្រាកដ” ជាក់ស្តែងដូចជាកញ្ញាផ្ទាល់ដែលធ្លាប់ជាសិស្សដែលស្ងៀមស្ងាត់ ខ្លាចសង្គមខាងក្រៅ រហូតជម្នះភាពភ័យខ្លាចចូលរួមសកម្មភាពសង្គមយ៉ាងសកម្ម។ ទីពីរ គឺមនុស្សជុំវិញខ្លួន ជាពិសេសមិត្តភក្តិដែលតែងតែជំរុញគ្នាឱ្យចូលរួមសកម្មភាពសង្គមនិងការប្រកួតប្រជែងទាំងជាតិ និងអន្តរជាតិ និងចាប់យកឱកាស និងបទពិសោធន៍ថ្មីៗ។ ការជម្រុញ និងបទពិសោធន៍ទាំងអស់នេះ បានឆ្លុះបញ្ចាំងឱ្យកញ្ញាឃើញថា ឱកាសមួយតែងតែនាំទៅរកឱកាសមួយទៀត។ ជាចុងក្រោយ គឺកត្តាឪពុកម្តាយ ដែលតែងតែគាំទ្រ លើកទឹកចិត្ត និងផ្តល់សេរីភាពឱ្យកញ្ញាក្នុងការស្វែងយល់ និងដកពិសោធន៍អំពីអ្វីដែលកញ្ញាចាប់អារម្មណ៍។ ការគាំទ្ររបស់ពួកគាត់បានធ្វើឱ្យកញ្ញាមានទំនុកចិត្ត និងបន្តដើរទៅមុខ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ។
ជាចុងក្រោយ សូដាលីសបានផ្តល់ដំបូន្មានដល់យុវជនទាំងអស់ថា ការមាន Plan A, Plan B និង Plan C គឺជារឿងល្អ ហើយអ្វីដែលយើងត្រូវការដើម្បីឈានទៅដល់គោលដៅ គឺការចាប់ផ្តើម។ ជាពិសេស សូមកុំគិតច្រើន លើភាពបរាជ័យក្នុងការដាក់ពាក្យ គិតថាបទពិសោធន៍តិចតួច ប៉ុន្តែត្រូវប្រឹងប្រែងធ្វើឱ្យអស់ពីសមត្ថភាព សាកល្បងធ្វើ។
គួរបញ្ជាក់ថា កម្មវិធីអន្តរជាតិដែលកញ្ញា សុភា សូដាលីស ធ្លាប់ចូលរួម រួមមាន UMN Student Exchange និង AJYELN 2.0 នៅប្រទេសឥណ្ឌូនេស៊ី, ASEAN–India Youth Summit នៅប្រទេសឥណ្ឌា, កម្មវិធី Seed for the Future និង Tech4Good នៅប្រទេសចិន និង Asian Science Camp នៅប្រទេសកូរ៉េខាងត្បូង៕