Swift cc time

វៀតណាម គ្រោងរៀបចំ«ទេសចរណ៍ពេលរាត្រី»ទាក់ទាញភ្ញៀវបរទេសរាប់លាននាក់ ឱ្យចំណាយកាន់តែច្រើនចូលសេដ្ឋកិច្ចជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ វៀតណាមកំពុងពង្រីក-ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ពេលរាត្រី ដើម្បីបង្កើនបទពិសោធន៍ថ្មីៗ ដើម្បីលើកទឹកចិត្តឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅកាន់តែយូរ និងចំណាយប្រាក់ច្រើនជាងមុន។ យោងតាមសេចក្តីសម្រេចចិត្ត របស់ការិយាល័យនយោបាយវៀតណាម បានកំណត់គោលដៅឱ្យវិស័យទេសចរណ៍វៀតណាម ជួយចូលរួមចំណែកពី ១០ ទៅ ១២ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) នៅត្រឹមឆ្នាំ ២០៣០ ជាមួយការរំពឹងទុកថានឹងទាក់ទាញភ្ញៀវអន្តរជាតិឱ្យបានពី ៤៥ ទៅ ៥០លាននាក់ និងភ្ញៀវក្នុងស្រុក ១៦០លាននាក់។ ការប្តូរទិសដៅនេះ គឺការផ្តោតលើគុណភាព ប្រសិទ្ធភាព និងចីរភាព ជាជាងការគិតតែលើចំនួនបរិមាណភ្ញៀវសុទ្ធសាធ។

យោងតាមការចេញផ្សាយរបស់កាសែត Tuoi Tre News ដើម្បីសម្រេចគោលដៅនេះ ទីក្រុងហូជីមិញ និងក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកបានបង្កើតកញ្ចប់ទស្សនកិច្ចពេលយប់ប្រកបដោយភាពច្នៃប្រឌិត និងមានអត្តសញ្ញាណវប្បធម៌ច្បាស់លាស់ ដូចជាកម្មវិធី «Chao Show» ដែលដាក់ឱ្យដំណើរការកាលពីឆ្នាំ ២០២៥ កន្លងទៅ ដែលរួមបញ្ចូលគ្នារវាងសិល្បៈទស្សនីយភាព និងមុខម្ហូបប្រពៃណីមកពីតំបន់ទាំងបីរបស់ប្រទេសវៀតណាម។

អ្នកជំនាញក្នុងវិស័យទេសចរណ៍បានលើកឡើងថា ភ្ញៀវទេសចរសម័យថ្មីមិនត្រឹមតែចង់មកឃើញប្រទេសវៀតណាមនោះទេ ប៉ុន្តែពួកគេចង់ «បទពិសោធន៍ផ្ទាល់» តាមរយៈកាលវិភាគធ្វើដំណើរដែលមានសាច់រឿង ចាប់ពីពេលចាប់ផ្តើម រហូតដល់ទាក់ទាញអារម្មណ៍ពួកគេដល់វគ្គចុងក្រោយ ដូច្នេះហើយទើបការរៀបចំកម្មវិធីសិល្បៈ និងម្ហូបអាហារពេលល្ងាចត្រូវតែមានភាពប្រាកដប្រជា និងទាក់ទាញ។

អ្នកជំនាញបានគូសបញ្ជាក់ថា ទោះបីជាការធ្វើបែបនេះមានសក្តានុពលខ្លាំង តែការបញ្ចូលផលិតផលទេសចរណ៍ពេលយប់ទៅក្នុងកញ្ចប់ទស្សនកិច្ចទាមទារឱ្យមានការរៀបចំផែនការយ៉ាងហ្មត់ចត់លើផ្នែកដឹកជញ្ជូន សុវត្ថិភាព ស្តង់ដារសេវាកម្ម ការគ្រប់គ្រងសំឡេង និងបរិស្ថាន ក៏ដូចជាការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ឱ្យមានសមត្ថភាពខ្ពស់។ លោកថា បញ្ហាប្រឈមចម្បងគឺការបំប្លែងសកម្មភាពពេលយប់ឱ្យទៅជាផលិតផលដែលមានស្តង់ដារវិជ្ជាជីវៈខ្ពស់ និងប្រែក្លាយពេលល្ងាចឱ្យទៅជាពេលវេលាដ៏គួរឱ្យចងចាំបំផុតសម្រាប់ការធ្វើដំណើរកំសាន្តនៅវៀតណាម៕

Khcct banner

អត្ថបទទាក់ទង