Swift cc time

មនុស្សរាប់សិបនាក់បន្តបាត់ខ្លួន ខណៈប្រតិបត្តិការរុករកជនរងគ្រោះលើអគ្គិភ័យឆាបឆេះនាវាដឹកអ្នកដំណើរមួយគ្រឿងនៅហ្វីលីពីនកំពុងដំណើរការ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ានីល៖ ឆ្មាំសមុទ្រហ្វីលីពីនបានឱ្យដឹងនៅថ្ងៃសុក្រនេះថា អគ្គិភ័យឆាបឆេះនាវាដឹកអ្នកដំណើរមួយគ្រឿង បានកើតឡើងត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងជួបការលំបាកយ៉ាងខ្លាំងដោយសារផ្សែងហុយខ្លាំង ក្នុងការស្វែងរកមនុស្សរាប់សិបនាក់ដែលកំពុងបាត់ខ្លួន។ ហេតុការណ៍ឆាបឆេះនាវា M/V June Aster នេះ បានកើតឡើងកាលពីល្ងាចថ្ងៃពុធ នៅជិតតំបន់ទេសចរណ៍ដ៏ល្បីល្បាញ Coron ក្នុងខេត្ត Palawan ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ និងបាត់ខ្លួន ៨៤ នាក់ទៀត រួមទាំងប្រធាននាវា និងប្រធានវិស្វករ។

ថ្លែងក្នុងបទសម្ភាសន៍តាមវិទ្យុ អ្នកនាំពាក្យឆ្មាំសមុទ្រ លោកស្រី Commodore Noemie Cayabyab បានបញ្ជាក់ថា ផ្អែកតាមការរៀបរាប់របស់ជនរងគ្រោះដែលរស់រានមានជីវិត អ្វីៗបានកើតឡើងលឿនរហ័សខ្លាំងណាស់ ចាប់តាំងពីសំឡេងផ្ទុះយ៉ាងខ្លាំង តាមដោយផ្សែង និងអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ រហូតអ្នកដំណើរគ្មានពេលសូម្បីតែពាក់អាវពោងសុវត្ថិភាព។ បច្ចុប្បន្ន នាវាដែលបានចាកចេញពីទីក្រុងម៉ានីលមួយនេះ កំពុងទើជាប់កោះចម្ងាយប្រមាណ ១ គីឡូម៉ែត្រពីកោះ Coron ដោយមានផ្សែងហុយចេញពីផ្នែកផ្សេងៗនៅឡើយ ខណៈក្រុមឆ្មាំសមុទ្រកំពុងព្យាយាមចូលទៅក្នុងនាវាដើម្បីបាញ់ពន្លត់ភ្លើង និងប្រតិបត្តិការរុករក។

គួរបញ្ជាក់ថា តាមបញ្ជីសារពើភណ្ឌ នាវានេះមានផ្ទុកអ្នកដំណើរ និងក្រុមការងារនាវាសរុប ១៣៤ នាក់ ព្រមទាំងទំនិញ រថយន្តអគ្គិសនី រថយន្តភីកអាប់ និងម៉ូតូជាច្រើនគ្រឿង។ ក្នុងចំណោមមនុស្ស ៤៣ នាក់ដែលត្រូវបានជួយសង្គ្រោះ មានអ្នកដំណើរ ៣០ នាក់ និងក្រុមការងារនាវា ១៣ នាក់។ ប្រទេសប្រជុំកោះហ្វីលីពីនដែលមានប្រជាជន ១១៦ លាននាក់នេះ មានប្រវត្តិជួបគ្រោះមហន្តរាយផ្លូវទឹកជាញឹកញាប់ ដោយសារប្រជាជនភាគច្រើនពឹងផ្អែកលើការធ្វើដំណើរតាមនាវាដែលមានតម្លៃថោក និងការគ្រប់គ្រងសុវត្ថិភាពនៅមានកម្រិតនៅឡើយ ដូចជាករណីលិចនាវា M/V Trisha Kerstin 3 កាលពីខែមករាកន្លងទៅ ដែលបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ ៥២ នាក់៕

Khcct banner

អត្ថបទទាក់ទង