Swift cc time

សិង្ហបុរី គ្រោងប្រើ«ថ្នាំក្រៀវ»ដល់អ្នកដែលប្រព្រឹត្តិបទល្មើសរំលោភសេពសន្ថវៈ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

សិង្ហបុរី៖ រដ្ឋាភិបាលសិង្ហបុរីកំពុងពិចារណាលើវិធានការតឹងរ៉ឹងបន្ថែមទៀត រួមទាំងវិធីក្រៀវតាមផ្លូវគីមី (Chemical Castration) ឬការប្រើប្រាស់ថ្នាំកាត់បន្ថយអ័រម៉ូនភេទ ដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសផ្លូវភេទលើកុមារ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី លោក K. Shanmugam បានបញ្ជាក់ប្រាប់សភាថា រដ្ឋាភិបាលបើកចិត្តទទួលយកវិធីសាស្ត្រនេះ ប្រសិនបើមានភស្តុតាងច្បាស់លាស់ថាវាអាចកាត់បន្ថយអត្រាបទល្មើសបានពិតប្រាកដ ប៉ុន្តែបច្ចុប្បន្ន ភស្តុតាងនៃប្រសិទ្ធភាពវិធីនេះនៅមិនទាន់មានសេចក្តីសន្និដ្ឋានច្បាស់លាស់នៅឡើយទេ។

យោងតាមការចេញផ្សាយរបស់កាសែត The Strait Times ការសិក្សាលើវិធានការថ្មីៗនេះ ធ្វើឡើងចំពេលដែលករណីបំពានផ្លូវភេទនៅសិង្ហបុរីមានការកើនឡើង ដោយក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៦ នេះ មានករណីបៀតបៀនរាងកាយចំនួន ៧៦២ ករណី និងករណីរំលោភសេពសន្ថវៈចំនួន ២៦១ ករណី (ជាមធ្យមមានករណីរំលោភយ៉ាងហោចណាស់ ១ ករណី និងបៀតបៀន ៤ ករណីក្នុងមួយថ្ងៃ)។ លោក Shanmugam បានរំលឹកថា ច្បាប់សិង្ហបុរីបច្ចុប្បន្នមានទោសទណ្ឌធ្ងន់ធ្ងររួចជាស្រេចទៅហើយ ដូចជាការដាក់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ និងការវាយនឹងរំពាត់ចំពោះបទល្មើសរំលោភបំពានលើកុមារ។

ចំពោះការគ្រប់គ្រងជនល្មើស លោករដ្ឋមន្ត្រីបានបកស្រាយថា សិង្ហបុរីមិនផ្សព្វផ្សាយបញ្ជីឈ្មោះជនល្មើសផ្លូវភេទជាសាធារណៈទេ ប៉ុន្តែនគរបាលមាន «បញ្ជីសម្ងាត់» សម្រាប់ចែករំលែកជាមួយស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងអប់រំ ដើម្បីពិនិត្យប្រវត្តិរូបបេក្ខជនមុននឹងអនុញ្ញាតឱ្យធ្វើការជិតស្និទ្ធជាមួយកុមារ។ លោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលក៏កំពុងរៀបចំផែនការពង្រីកការត្រួតពិនិត្យប្រវត្តិរូបនេះឱ្យបានទូលំទូលាយដល់វិស័យផ្សេងៗទៀត រួមទាំងស្ថាប័នក្រៅផ្លូវការ បន្ទាប់ពីមានករណីបុគ្គលម្នាក់ជ្រកក្រោមស្លាក «អ្នកអប់រំសាសនា» បានបំពានផ្លូវភេទលើកុមារតូចៗ ២ នាក់នាពេលកន្លងទៅ៕

Khcct banner

អត្ថបទទាក់ទង