Swift cc time

ការសិក្សាថ្មី៖ ផឹកកាហ្វេ ឬតែ ក្តៅខ្លាំងពេក អាចប្រឈមមុខខ្ពស់នឹងជំងឺមហារីកបំពង់អាហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អង់គ្លេស៖ ការសិក្សាថ្មីមួយ ដែលបានធ្វើឡើងលើមនុស្សជិតមួយលាននាក់នៅក្នុងប្រទេសអង់គ្លេស និងត្រូវបានចុះផ្សាយក្នុងទស្សនាវដ្ដី International Journal of Cancer បានរកឃើញថា ការផឹកកាហ្វេ ឬតែដែលមានសីតុណ្ហភាពក្តៅខ្លាំង (Scalding hot) អាចបង្កើនហានិភ័យនៃការកើតជំងឺមហារីកបំពង់អាហារ។ ការសិក្សានេះបញ្ជាក់ថា ការផឹកភេសជ្ជៈទាំងនេះពេលក្តៅខ្លាំង គឺមានហានិភ័យខ្ពស់ជាងការផឹកពេលក្តៅឧណ្ហៗដល់ទៅបីដង ជាពិសេសចំពោះប្រភេទជំងឺមហារីកកោសិកាស្បែកបំពង់អាហារ។

យោងតាមការចេញផ្សាយរបស់កាសែតCNN អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford បានវិភាគទិន្នន័យពីមនុស្សពេញវ័យវ័យកណ្តាលជិត ៩៨ម៉ឺននាក់ តាមរយៈគម្រោង Million Women Study និង UK Biobank ដោយបានតាមដានសុខភាពរយៈពេលជាមធ្យមជាង ១៤ឆ្នាំ។ លទ្ធផលបានបង្ហាញថា អ្នកដែលចូលចិត្តផឹកភេសជ្ជៈក្តៅខ្លាំង មានអត្រាប្រឈមមុខនឹងជំងឺមហារីកនេះខ្ពស់ជាងអ្នកដែលចូលចិត្តផឹកត្រឹមតែក្តៅឧណ្ហៗជិតពីរដង ឯអ្នកដែលចូលចិត្តផឹកក្ដៅខ្លាំងកម្រិតខ្លាំងគឺមានហានិភ័យលើសពីបីដង ខណៈដែលការផឹក៦កែវ ឬច្រើនជាងនេះក្នុងមួយថ្ងៃ ក៏បង្កើនហានិភ័យបន្ថែម ៧១ភាគរយ បើទោះបីជាការបន្ថែមទឹកដោះគោមិនបានប្តូរហានិភ័យនេះ។

ក្រុមអ្នកជំនាញបានបញ្ជាក់ថា អត្រាប្រៀបធៀបនៃការកើតជំងឺនេះនៅតែមានកម្រិតទាបក្នុងចំណោមប្រជាជនទូទៅ (ប្រហែល ១ភាគរយនៃហានិភ័យក្នុងមួយជីវិតនៅចក្រភពអង់គ្លេស)។

អ្នកដឹកនាំការសិក្សា លោកស្រី Keren Papier បានណែនាំថា មធ្យោបាយដ៏ងាយស្រួលបំផុតក្នុងការបង្ការ គឺការទុកឱ្យភេសជ្ជៈចុះត្រជាក់បន្តិច ឬថែមទឹកដោះគោ/ទឹកត្រជាក់ មុននឹងផឹក ដើម្បីជៀសវាងការប៉ះទង្គិចដល់កោសិកាបំពង់អាហារពីកម្ដៅខ្លាំង ដែលអាចបង្កជាការរលាក និងនាំឱ្យមានហានិភ័យនៃជំងឺមហារីកនាពេលអនាគត៕

Khcct banner

អត្ថបទទាក់ទង