Swift cc time

កងទ័ពជើងទឹកកម្ពុជា ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការចូលចតនៃនាវាហ្វឹកហ្វឺន PEREKOP របស់រុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទី នាវាហ្វឹកហ្វឺន PEREKOP (លេខ ៣១០) នៃកងនាវា Baltic សហព័ន្ធរុស្ស៊ី បានចូលចតនៅកំពង់ផែស្វាយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនៃការចូលចតនេះ គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Vyacheslav Sytnik ព្រមទាំងមានការចូលរួមពីលោកវរនាវីឯក Andrew Amorphous មេបញ្ជាការនាវា និងនាវឹកសរុបប្រមាណ ៣៩១នាក់។ ពិធីស្វាគមន៍ផ្លូវការត្រូវបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ដោយមានវត្តមានលោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម តំណាងឱ្យកងទ័ពជើងទឹកកម្ពុជា ព្រមទាំងនាយនាវី និងយោធិនជាច្រើនរូប។

ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាបេសកកម្មហ្វឹកហ្វឺន និងការផ្លាស់ប្តូរបទពិសោធន៍យោធារវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្ហាញពីការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ។

គួររំលឹកថា នាវាហ្វឹកហ្វឺន PEREKOP ដែលមានប្រវែង ១៣៨ម៉ែត្រ ទទឹង ១៨ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ និងមានទម្ងន់ផ្ទុក ៦១០០តោន ធ្លាប់បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាម្ដងរួចមកហើយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ៕

Khcct banner

អត្ថបទទាក់ទង