Swift cc time

កូនស្រីឌុយទើតេ រត់រកតុលាការកំពូល ឱ្យជួយបង្អាក់ដំណើរការក្តីរឿងគំរាមដល់អាយុជីវិតប្រធានាធិបតី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ្វីលីពីន៖ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី សារ៉ា ឌុយទើតេ (Sara Duterte) កូនស្រីអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌុយទើតេ បានស្នើសុំឱ្យតុលាការកំពូលសម្រេចឱ្យបានឆាប់រហ័សលើពាក្យបណ្តឹងរបស់ខ្លួន ដើម្បីស្នើសុំដីការហាមឃាត់បណ្តោះអាសន្ន (TRO) ប្រឆាំងនឹងបណ្តឹងបទល្មើសគំរាមកំហែងធ្ងន់ធ្ងរ (Grave Threats) មុនពេលដែលតុលាការក្រុងក្យូសុង (Quezon City) បន្តដំណើរការនីតិវិធីច្បាប់ និងការបើកសវនាការចោទប្រកាន់។

យោងតាមការចេញផ្សាយរបស់កាសែត Inquirer តាមរយៈសំណើបន្ទាន់ចុះថ្ងៃទី៧ ខែកញ្ញា ក្រុមមេធាវីរបស់លោកស្រី សារ៉ា បានលើកឡើងថា ការណ៍ដែលតុលាការក្រុងក្យូសុង សាខាទី ៩៨ ក្រោមការដឹកនាំរបស់ចៅក្រម Maria Angelica de Ramos បានចេញដីកាចាប់ខ្លួនកាលពីថ្ងៃទី៤ ខែកញ្ញា និងបានកំណត់ពេលបើកសវនាការចោទប្រកាន់នៅថ្ងៃទី១១ ខែកញ្ញា គឺធ្វើឡើងយ៉ាងលឿនខុសធម្មតា ដែលអាចធ្វើឱ្យសំណើផ្លូវច្បាប់របស់លោកស្រីក្លាយជាមោឃៈ ប្រសិនបើគ្មានការអន្តរាគមន៍បន្ទាន់ពីតុលាការកំពូល។

លោកស្រី សារ៉ា កំពុងប្រឈមមុខនឹងបទចោទប្រកាន់ចំនួនបីបទល្មើស ជុំវិញការសម្ភាសន៍តាមប្រព័ន្ធអ៊ីនធឺណិតកាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ក្នុងករណីគំរាមកំហែងដល់អាយុជីវិតប្រធានាធិបតី Ferdinand R. Marcos ភរិយា និងអតីតប្រធានសភា Martin Romualdez។ លោកស្រីបានអះអាងថាលោកស្រីមានអភ័យឯកសិទ្ធិពីការចោទប្រកាន់ក្នុងនាមជាមន្ត្រីជាន់ខ្ពស់ដែលអាចត្រូវគេដកហូតតំណែង (Impeachable Official)។

ជាការឆ្លើយតប ក្រសួងយុត្តិធម៌ហ្វីលីពីនបានបញ្ជាក់ជំហរថា មានតែប្រធានាធិបតីទេដែលទទួលបានអភ័យឯកសិទ្ធិពីការប្តឹងតវ៉ាខណៈពេលកំពុងកាន់អំណាច ដូច្នេះហើយទើបនីតិវិធីច្បាប់ត្រូវបន្តដំណើរការជាធម្មតា បន្ទាប់ពីលោកស្រីបានដាក់ប្រាក់ធានាខ្លួនកាលពីសប្តាហ៍មុន៕

Khcct banner

អត្ថបទទាក់ទង