
ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន១លានដូស ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រើប្រាស់លើមនុស្សចំនួន៥០ម៉ឺននាក់ ហើយវ៉ាក់សាំងនេះនឹងត្រូវចាក់ជូនចំពោះអ្នកដែលនៅជិតសម្តេច និងព្រះមហាក្សត្រមុនគេ ព្រោះវាជាភាពចាំបាច់សម្រាប់ការពារប្រមុខថ្នាក់ដឹកនាំប្រទេស។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី ១៥ មករា ឆ្នាំ២០២១ មានប្រសាសន៍ថា អ្នកដែលទទួលវ៉ាក់សាំងមុនគេប្រហែលជាបណ្តាអ្នកដែលនៅជុំវិញព្រះមហាក្សត្រ ឬអ្នកដែលនៅជុំវិញសម្តេច និងអ្នកនៅជុំវិញប្រធានព្រឹទ្ធសភា ឬប្រធានរដ្ឋសភា។
បើតាមសម្តេច ក្រៅពីវ៉ាក់សាំង១លានដូសដែលនឹងចាក់ជូនប្រជាពលរដ្ឋចំនួន៥០ម៉ឺននាក់សម្រាប់រយៈកាលដំបូងនៅខ្សែត្រៀមជួរមុខ កម្ពុជាក៏ត្រូវគិតក្នុងការទិញបន្ថែមទៀត ឬស្នើសុំបន្ថែមទៀតពីសាធារណរដ្ឋប្រជាមានិតចិន ឬប្រទេសដទៃនៅក្នុងលក្ខខណ្ឌនៃតម្លៃសមស្រប ក៏ដូចជាសមត្ថភាពនៃការគ្រប់គ្រងវ៉ាក់សាំងនៅក្នុងកម្រិតសីតុណ្ហភាពដែលអាចទ្រទ្រង់បាន។
សម្តេចបន្ថែមថា មូលហេតុដែលសម្តេចចេញមកប្រកាសលើកនេះ គឺមានលក្ខណៈខុសគ្នាពីពេលមុនត្រង់ថា កាលពីមុនកម្ពុជាទទួលយកតែវ៉ាក់សាំងណាដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ណ្ណោះ ប៉ុន្តែបើក្រឡេកមើលទៅប្រទេសដែលមានប្រជាជនរាប់ពាន់លាននាក់ដូចជា ប្រទេសឥណ្ឌូនេស៊ី អេហ្សីប ប្រេហ្សីល គឺសុទ្ធតែបានប្រើប្រាស់វ៉ាក់សាំងពីសាធារណរដ្ឋប្រជាមានិតចិនគឺ Sinopharm &Sinovac៕