ថៃ៖ នៅក្នុងប្រទេសថៃ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ កំពុងផ្ទុះការចាប់អារម្មណ៍ជាថ្មីលើបញ្ហារឿងអាស្រូវ គឺព្រះចៅអធិការវត្តថៃដ៏ល្បីល្បាញមួយ នៅក្នុងខេត្តអយុធ្យា បទកេងកិបបច្ច័យវត្តចំនួន៩២លានបាត ឬ ២,៤លានដុល្លារអាម៉េរិក វេរចូលបញ្ជីធនាគាររបស់ស្រីស្នេហ៍ ព្រមទាំងបានបែកធ្លាយវីដេអូ សេពសន្ថវៈជាមួយស្រីស្នេហ៍ ក្នុងកុដិ។បច្ចុប្បន្នអតីតសង្ឃរូបនេះ ត្រូវបានប៉ូលិសថៃចាប់ខ្លួនអនុវត្តតាមច្បាប់។
ព្រះសង្ឃអង្គនេះមានឈ្មោះ Atichote Thammavaro អាយុ៦៦ឆ្នាំ ជាព្រះចៅអធិការវត្តក្នុងខេត្តអយុធ្យា ហើយត្រូវបានចាប់ផ្សឹកជាភ្លាមៗក្រោយរកឃើញថា ពាក់ព័ន្ធករណីលួចយកថវិកាវត្តទៅចិញ្ចឹមស្រីស្នេហ៍ និងប្រព្រឹត្តសកម្មភាពមិនគប្បី បានផ្ទុះឡើង និងល្បីសាយភាយយ៉ាងខ្លាំងលើបណ្ដាញសង្គមថៃ។
ប៉ុលីសថៃ បានស្រាវជ្រាវរកឃើញថា សង្ឃអង្គនេះ បានបទកេងកិបបច្ច័យវត្តចំនួន ៩២លានបាត ឬ ២,៤លានដុល្លារអាម៉េរិក ហើយបានវេរចូលបញ្ជីធនាគាររបស់ស្រីស្នេហ៍ខ្លួន ព្រមទាំងបានបែកធ្លាយវីដេអូ សេពសន្ថវៈជាមួយ ស្រីស្នេហ៍ ក្នុងកុដិ ដែលមហាជនថៃចាត់ទុកថា ជាគំរូអាក្រក់ ខណៈកន្លងមកលោកតែងទេសនាដាស់តឿនពុទ្ធសាសនិកជនឱ្យធ្វើនូវអំពើល្អ ហើយមហាជនធ្វើឱ្យលុយកាក់ហូរចូលវត្តច្រើន ប៉ុន្តែព្រះសង្ឃបែរជាយកទៅបំប៉នស្រីស្នេហ៍ទៅវិញ។
គួររម្លឹកថា ករណីនេះមិនមែនជារឿងថ្មីនោះទេដែលកើតឡើងក្នុងសង្គមសង្ឃថៃ។កាលពីខែ មិថុនាឆ្នាំ២០២៦ ព្រះសង្ឃថៃបួនអង្គត្រូវបានចាប់ខ្លួនបន្ទាប់ពីប៉ូលីសថៃ បានរកឃើញគ្រឿងញៀន រូបភាពអាសអាភាស ប្រដាប់លេងផ្លូវភេទ និងឯកសារសំខាន់ៗជាច្រើនទៀតល្មើសវិន័យសាសនា៕