Swift cc time

យុវតី៣រូប រៀបចំគម្រោង DermaSanté ដើម្បីលើកកម្ពស់ការយល់ដឹងពីសុខភាពស្បែក និងគ្រឿងសំអាង សម្រាប់ក្មេងស្រីវ័យជំទង់ និងស្ត្រី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវតី ៣រូប ជានិស្សិតសិក្សាឱសថសាស្រ្ត វិស្វកម្មគីមី និងគណិតវិទ្យា បានសហការគ្នារៀបចំគម្រោងមួយដែលមានឈ្មោះថា DermaSanté ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុខភាពស្បែក និងទប់ស្កាត់ការប្រើប្រាស់ផលិតផលធ្វើឱ្យស្បែកសដោយគ្មានសុវត្ថិភាពតាមរយៈការអប់រំសុខភាពស្បែកផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ការយល់ដឹងអំពីគ្រឿងសំអាង និងការធ្វើសម្រេចចិត្តដោយផ្អែកលើព័ត៌មានត្រឹមត្រូវ។ កម្មវិធីនេះគ្រោងរៀបចំឡើងសម្រាប់ក្មេងស្រីវ័យជំទង់ និងស្ត្រី (ចំនួន ៥០ នាក់) នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១:០០ ដល់ ៥:០០ រសៀល នៅទីតាំង អង្គការវេទិកាអនាគត (Future Forum) ។

កញ្ញា ចាន់ សុភា ជានិស្សិតឱសថសាស្ត្រ ឆ្នាំទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

គម្រោង DermaSanté ត្រូវបានបង្កើតដោយយុវតីឆ្នើម៣រូប ដែលមានគោលបំណងផ្តល់ជូនស្ត្រីវ័យក្មេងនូវចំណេះដឹងជាក់ស្តែង និងផ្អែកលើវិទ្យាសាស្ត្រ ដែលអនុញ្ញាតឱ្យពួកគាត់អាចធ្វើការសម្រេចចិត្តដោយសុវត្ថិភាព និងមានការយល់ដឹងច្បាស់លាស់ជាងមុន ទាំងលើការថែទាំស្បែក និងការជ្រើសរើសផលិតផលគ្រឿងសំអាង។ យុវតីទាំងបីរូប រួមមាន កញ្ញា ចាន់ សុភា ជានិស្សិតឱសថសាស្ត្រ ឆ្នាំទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល កញ្ញា វង្ស រាជនី ជានិស្សិតវិស្វកម្មគីមី ឆ្នាំទី៣ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងកញ្ញា ជិត ប៉ូគីម ជានិស្សិតគណិតវិទ្យា ឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នៅក្នុងគម្រោងនេះ យុវតី ៣រូប ទទួលបានការគាំទ្រពី អង្គការមូលនិធិ ហាបស្វែល (Harpswell Foundation)។

កញ្ញា ជិត ប៉ូគីម ជានិស្សិតគណិតវិទ្យា ឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព្រឹត្តិការណ៍នេះមានការចូលរួមពីវាគ្មិនកិត្តិយសចំនួន ៤ រូប រួមមាន៖ លោក ម៉េង ឃឹម ជាឱសថការី និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នឹងធ្វើបទបង្ហាញលើប្រធានបទ «ការយល់ដឹងអំពីស្បែក៖ មូលដ្ឋានគ្រឹះនៃសុខភាពស្បែក និងគ្រឿងសំអាង», កញ្ញា ស៊ី ចាន់បូរ៉ាមី ជាឱសថការី និងជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែក Dermato-Cosmetology នឹងធ្វើបទបង្ហាញលើប្រធានបទ «សមាសធាតុផ្សំនៃគ្រឿងសំអាង៖ សារធាតុផ្សំសំខាន់ៗ និងមុខងាររបស់វា», លោក ប៊ី សុខឃាង ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែក Industrial Chemistry នឹងធ្វើបទបង្ហាញលើប្រធានបទ «សុវត្ថិភាពគ្រឿងសំអាង៖ សារធាតុផ្សំដែលត្រូវហាមឃាត់ កម្រិត និងសារធាតុដែលអាចបង្កគ្រោះថ្នាក់», និង កញ្ញា តាន់ សារ៉ូណា ជាឱសថការី និងជាស្ថាបនិក PharmaStore នឹងធ្វើបទបង្ហាញលើប្រធានបទ «ស្លាកសញ្ញាផលិតផលគ្រឿងសំអាង និងការយល់ដឹងរបស់អ្នកប្រើប្រាស់»។

កញ្ញា វង្ស រាជនី ជានិស្សិតវិស្វកម្មគីមី ឆ្នាំទី៣ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

កញ្ញា វង្ស រាជនី បានប្រាប់ស៊ីស៊ីថាមស៍ថាមូលហេតុដែលក្រុមរបស់ខ្លួនជ្រើសរើសក្នុងការលើកយកបញ្ហានេះមកបង្កើតជាវេទិកាចែករំលែកដោយសារតែបានឃើញពីភាពពេញនិយមនៃការប្រើប្រាស់ផលិតផលធ្វើឱ្យស្បែកស ដែលកំពុងតែកើនឡើង ដែលបានបង្កើតជាក្តីបារម្ភយ៉ាងសំខាន់លើផ្នែកសុខភាពស្បែក និងសុវត្ថិភាពនៃការប្រើប្រាស់គ្រឿងសំអាងក្នុងចំណោមស្ត្រីវ័យក្មេង។ ស្តង់ដារសម្រស់ដែលភ្ជាប់ស្បែកស ទៅនឹងភាពទាក់ទាញ ទំនុកចិត្ត ឬការទទួលស្គាល់ក្នុងសង្គម អាចជម្រុញឱ្យយុវវ័យស្វែងរក និងប្រើប្រាស់ផលិតផលទាំងនោះដោយមិនបានយល់ដឹងពេញលេញ អំពីសមាសធាតុផ្សំ សុវត្ថិភាព ឬហានិភ័យសុខភាពដែលអាចកើតមានឡើងនោះទេ៕

Khcct banner

អត្ថបទទាក់ទង