ភ្នំពេញ៖ កម្មវិធី Turing Hackathon រដូវកាលទី១១ កំពុងតែបើកទទួលពាក្យប្រកួតគំនិតដោះស្រាយបញ្ហានៅកន្លែងការងារ។ កម្មវិធីនេះ គឺជាកម្មវិធីបំផុសគំនិតអាជីវកម្ម បែបសហគមន៍ ដែលរៀបចំឡើងក្នុងរយៈពេល ៥ ថ្ងៃ សម្រាប់នវានុវត្តន៍ជន និង បុគ្គលិកកំពុងបម្រើការងារនៅស្ថាប័ននានា ក្នុងការចូលរួមដោះស្រាយបញ្ហាដែលតែងកើតមានកន្លែងធ្វើការតាមរយៈដំណោះស្រាយបែបឌីជីថល ។
យោងតាមគេហទំព័រផ្លូវរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី "តេជា" នៅក្នុងរយៈពេល ៥ថ្ងៃនេះ នឹងមានរាប់បញ្ចូលនូវសកម្មភាពដូចជា ការបណ្តុះបណ្តាលអំពីអាជីវកម្មពីអ្នកជំនាញ ការធ្វើការងារជាក្រុម ការពិគ្រោះយោបល់មួយទល់មួយជាមួយអ្នកជំនាញ រួមទាំងការធ្វើបទបង្ហាញពីគម្រោង។ តាមរយៈសកម្មភាពទាំងអស់នេះ បេក្ខជននឹងទទួលបានអត្ថប្រយោជន៍បន្ថែមដូចជា ការសហការនៅក្នុងការដោះស្រាយបញ្ហានៅកន្លែងការងារដោយផ្ទាល់ ពង្រឹងជំនាញដោះស្រាយបញ្ហា បង្កើតទំនាក់ទំនង និងមានឱកាសឈ្នះរង្វាន់ពីកម្មវិធីទៀតផង។
បើតាមប្រភពដដែល ដើម្បីដាក់ពាក្យចូលរួម បេក្ខជនអាចដាក់ពាក្យបានទាំងជាក្រុម និងជាលក្ខណៈបុគ្គល។ ជាមួយគ្នានេះ សម្រាប់ក្រុមដែលដាក់ពាក្យសុំចូលរួម កម្មវិធីតម្រូវឱ្យមានសមាជិកក្រុមយ៉ាងហោចណាស់ម្នាក់ជាបុគ្គលិកកំពុងបម្រើការងារ (professional worker) ខណៈដែលសមាជិកផ្សេងទៀតអាចជាអ្នកជំនាញ ឬជានិស្សិតសាកលវិទ្យាល័យក៏បាន។ ចំណែក បេក្ខជនដាក់ពាក្យជា បេក្ខជនទោល កម្មវិធីផ្តល់អាទិភាពដល់បុគ្គលិកកំពុងបម្រើការងារ ជាងនិស្សិតសាកលវិទ្យាល័យ ប៉ុន្តែនិស្សិតនៅតែអាចដាក់ពាក្យបាន។
គួរបញ្ជាក់ថា បេក្ខជនអាចដាក់ពាក្យតាមរយៈ តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦៕