អាម៉េរិក៖ អ្នកស្រាវជ្រាវនិងផលិតកម្មវិធី AI (Anthropic) ម្នាក់គឺលោក Jacob Coxon បានប្រកាសលាលែងពីតំណែងពីក្រុមហ៊ុនដោយសារតែការព្រួយបារម្ភថាក្រុមហ៊ុនបញ្ញាសិប្បនិម្មិត និងដៃគូប្រកួតប្រជែងរបស់ខ្លួនមិនធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវក្នុងការអភិវឌ្ឍ AI ដោយលោកបានបង្ហាញការព្រួយបារម្ភថាសក្តានុពលនៃបច្ចេកវិទ្យា AI អាចនឹងគេចផុតពីការគ្រប់គ្រងរបស់មនុស្សនាពេលអនាគត។លោក Jacob Coxon ព្រមានទៀតថាកុំមើលស្រាលអំណាចនៃបច្ចេកវិទ្យានេះ មិនយូរប៉ុន្មានទេ ប្រព័ន្ធទាំងនេះនឹងក្លាយជាប្រព័ន្ធដ៏អស្ចារ្យដែលអាចលួចចូលអ្វីៗគ្រប់យ៉ាង អាចបដិវត្តវិស័យណាមួយក្នុងរយៈពេលមួយយប់ និងឈានទៅដល់ការសម្លាប់យើងទាំងអស់គ្នានៅចុងទសវត្សរ៍នេះ។
លោក Jacob Coxon បានរៀបរាប់តាមបណ្តាញសង្គម X ថាលោកបានចំណាយពេលបីឆ្នាំធ្វើការស្រាវជ្រាវនៅទាំងផលិតកម្មវិធី AI Anthropic និង OpenAI លោកថាក្រុមហ៊ុន AI ទាំងពីរផ្តោតការយកចិត្តទុកដាក់លើការផ្តួលគ្នាទៅវិញទៅមក និងដៃគូប្រកួតប្រជែងសកលក្នុងការអភិវឌ្ឍកម្មវិធីកាន់តែទំនើបបំផុតក្នុងពេលអនាគត។លោកបានព្រមានថា មនុស្សមួយចំនួនដែលធ្វើការលើការអភិវឌ្ឍ AI ជឿថាវាអាចគំរាមកំហែងដល់អាយុជីវិតមនុស្សនៅចុងទសវត្សរ៍នេះបាន។
សមាជិកព្រឹទ្ធសភាអាម៉េរិកលោក Bernie Sanders ដែលជាអ្នកឯករាជ្យម្នាក់មកពីរដ្ឋ Vermont បានអំពាវនាវឱ្យមានការការពារ និងបទប្បញ្ញត្តិ AI លោកបានយល់ស្របនឹងការព្រួយបារម្ភរបស់លោក Coxon ដោយលោកថានឹងណែនាំច្បាប់ដើម្បីផ្អាកការអភិវឌ្ឍ AI និងហាមឃាត់បញ្ញាសិប្បនិម្មិត។ លោក Sanders បានបញ្ជាក់កាលពីល្ងាចថ្ងៃពុធនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាមនុស្សដែលកំពុងសាងសង់បច្ចេកវិទ្យានេះទទួលស្គាល់ថាវាអាចគំរាមកំហែងដល់អនាគតរបស់មនុស្សជាតិបាន៕