វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកបានបន្តដាក់ទណ្ឌកម្មជាថ្មីម្តងទៀតលើអ៊ីរ៉ង់កាលពីល្ងាចនៅថ្ងៃអង្គារ ដោយទណ្ឌកម្មថ្មីនេះផ្តោតលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដែលនៅសល់ទាំងអស់ដែលមិនទាន់ប្រឈមមុខនឹងទណ្ឌកម្ម។ ក្រសួងរតនាគារសហរដ្ឋអាម៉េរិកបានបញ្ជាក់ថាចំណាត់ការថ្មីនេះនឹងផ្តោតលើគោលដៅចំនួន ៣៦ ដែលនៅតែបន្តការគាំទ្រវិស័យអាកាសចរណ៍របស់អ៊ីរ៉ង់ ដែលរបបនេះប្រើប្រាស់ដើម្បីដឹកជញ្ជូនអាវុធ ទាហាន និងទំនិញខុសច្បាប់។
បើតាមប្រធានរតនាគារអាម៉េរិកលោក ស្កុត ប៊ែសសិន វិធានការទាំងនេះរួមមានក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ចំនួន ២៧ រួមជាមួយក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសដូចជា អារ៉ាប់រួម តួកគី ម៉ាឡេស៊ី និងកាហ្សាក់ស្ថាន។ លោកបញ្ជាក់ទៀតថា ក្រោមប្រតិបត្តិការសេដ្ឋកិច្ច Outcast អាម៉េរិកបានសន្យាថានឹងមានផលវិបាកធ្ងន់ធ្ងរសម្រាប់អ្នកដែលផ្តល់ជំនួយហិរញ្ញវត្ថុដល់របបអ៊ីរ៉ង់។ លោកបានព្រមានថា អ្នកណាដែលធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលនៅសល់របស់អ៊ីរ៉ង់ប្រឈមនឹងហានិភ័យនៃការកាត់ផ្តាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុសកល៕