Swift cc time

ខេត្តព្រៃវែង ជាខេត្តទី៣ ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ប្រភពរូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

ព្រៃវែង៖ ខេត្តព្រៃវែង នាថ្ងៃទី៩ កញ្ញានេះ ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ខណៈស្ថានភាពបច្ចុប្បន្នមានការកើនឡើងនៃការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង រហូតទទួលបានជ័យលាភីនេះ។ ខេត្តព្រៃវែង ជាខេត្តទី៣ហើយ ដែលទទួលបានជ័យលាភី បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។

នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ខេត្តព្រៃវែង ជាខេត្តទី៣ ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)។ កំឡុងពេលនោះ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានធ្វើរបាយការណ៍លើកឡើងពីស្ថានភាពភូមិសាស្ដ្រទូទៅ ការងារសន្ដិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ និងស្ថានភាពសេវាសាធារណៈទូទៅ ជាពិសេសការកើនឡើងនៃការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង រហូតទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់។

លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់ខេត្តព្រៃវែង និងចូលរួមអបអរសាទរចំពោះការទទួលបានសមិទ្ធផលនានាដែលខេត្តព្រៃវែងសម្រេចបានលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការលើកកម្ពស់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ការផ្លាស់ប្តូរទម្លាប់មកទទួលទានទឹកស្អាតដើម្បីសុខភាព ការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ និងរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ ដែលធ្វើឱ្យខេត្តព្រៃវែងទទួលបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្នអត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានបានកើនដល់ ៨៩% ខណៈសេវាផ្គត់ផ្គង់ទឹកដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពកើនបាន ២៥% និងអត្រាគ្របដណ្តប់អនាម័យជនបទកម្រិតមូលដ្ឋានកើនដល់ ៩៥% ខណៈអត្រាគ្របដណ្តប់អនាម័យដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពកើនដល់៥១%។ លើសពីនេះ រាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេសសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខណៈរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែងសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)ដែលជាសមិទ្ធផលថ្មីជាប្រវត្តិសាស្រ្តបន្ថែមទៀតរបស់រាជរដ្ឋាភិបាល៕

Khcct banner

អត្ថបទទាក់ទង