Swift cc time

កញ្ចប់ថវិការបស់ក្រសួងអប់រំ ឆ្នាំ២០២៦ មានចំនួន ៤ ១៣០,៨ ពាន់លានរៀល ស្មើនឹង ១៦.៨% ធៀបនឹងចំណាយចរន្តថ្នាក់ជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
លោក អ៊ុង បូរាត រដ្ឋលេខាធិការ ក្រសួងអប់រំ 

ភ្នំពេញ៖ លោក អ៊ុង បូរាត រដ្ឋលេខាធិការ ក្រសួងអប់រំ បានគូសបញ្ជាក់ ក្នុងវេទិកាសាធារណៈស្តីពី ថវិកាអប់រំប្រចាំឆ្នាំ២០២៦​ ថា កញ្ចប់ថវិការបស់ក្រសួងអប់រំ មានចំនួន ៤ ១៣០,៨ ពាន់លានរៀល ស្មើនឹង ១៦.៨% ធៀបនឹងចំណាយចរន្តថ្នាក់ជាតិ ។ ក្នុងនោះមានចំណាយលើបុគ្គលិក ៧៩.៥% និង ២០.៥% សម្រាប់ចំណាយក្រៅបន្ទុកបុគ្គលិក។ 

ក្រសួងអប់រំ នាថ្ងៃទី៨ កញ្ញា ២០២៦ បានរៀបចំវេទិកាសាធារណៈស្តីពី ថវិកាអប់រំប្រចាំឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់ សម្រាប់ថ្នាក់ដឹកនាំ ដៃគូអភិវឌ្ឍ បុគ្គលិកអប់រំ និងសាធារណជន ឈ្វេងយល់ពីវឌ្ឍនភាព និងសមិទ្ធផលនៃការអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកំណែទម្រង់អប់រំដទៃទៀត ជាពិសេស ការប្រើប្រាស់កញ្ចប់ថវិកាប្រចាំឆ្នាំ២០២៦ ដើម្បីគាំទ្រដល់ការអនុវត្ត និងការសម្រេចបានសមិទ្ធផលអប់រំ ទាំងផ្នែកបរិមាណ និងផ្នែកគុណវិស័យ។

នៅក្នុងវេទិកាសាធារណៈនេះ រដ្ឋលេខាធិការក្រសួងអប់រំ បានគូសបញ្ជាក់ថា ឆ្នាំ២០២៦ កញ្ចប់ថវិកាក្រសួងអប់រំ មានចំនួន ៤ ១៣០,៨ ពាន់លានរៀល ស្មើនឹង ១៦.៨% ធៀបនឹងចំណាយចរន្តថ្នាក់ជាតិ ក្នុងនោះមានចំណាយលើបុគ្គលិក ៧៩.៥% និង ២០.៥% សម្រាប់ចំណាយក្រៅបន្ទុកបុគ្គលិក។ ចំណាយក្រៅបន្ទុកបុគ្គលិកនេះ រួមមានមូលនិធិដំណើរការសាលារៀន ថវិកាអាហារូបករណ៍សិស្សក្រីក្រ ការផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ថវិកាគាំទ្រមតេយ្យសិក្សាសហគមន៍ ការជួសជុលហេដ្ឋារចនាសម្ព័ន្ធអប់រំ ការអភិវឌ្ឍវិស័យកីឡា ការអភិវឌ្ឍយុវជន ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ទុតិយភូមិ និងមុខសញ្ញាផ្សេងៗទៀតដែលមានគោលការណ៍ច្បាស់លាស់។

លោក អ៊ុង បូរាត រដ្ឋលេខាធិការ ក្រសួងអប់រំ បានបន្តទៀតថា ការអនុវត្តថវិកាអប់រំនាពេលកន្លងមក បានគាំទ្រដល់ការអនុវត្តកម្មវិធីកំណែទម្រង់អប់រំ ក្នុងរយៈពេល១០ឆ្នាំមកនេះ ដោយបានផ្លាស់ប្តូរវប្បធម៌សាលារៀន និងគុណភាពនៃប្រព័ន្ធអប់រំនៅកម្ពុជា។ ក្នុងរយៈពេលជាង១ទសវត្សចុងក្រោយ ចាប់តាំងពីកំណែទម្រង់ស៊ីជម្រៅ និងតាមរយៈលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០១៤ វិស័យអប់រំនៅកម្ពុជា បានឈានជើងចូលដល់ដំណាក់កាលផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយទទួលបាននូវវឌ្ឍនភាពជាច្រើនទាំងបរិមាណវិស័យ និងគុណវិស័យ៕


Khcct banner

អត្ថបទទាក់ទង