Swift cc time

សមាគមទាយាទខ្មែរ ជាអាហារូបករណ៍ដែលផ្តល់ឱកាសឱ្យយុវជន ទា ចយ អាចបន្តការសិក្សានៅភ្នំពេញ

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ យុវជន ទា ចយ ជានិស្សិតសិក្សាជំនាញអក្សរសាស្ត្រខ្មែរ នៅក្នុងឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជានិស្សិតកំពុងស្នាក់នៅសមាគមទាយាទខ្មែរ ដែលមានទីកំណើតនៅខេត្តស្ទឹងត្រែង។ យុវជន រូបនេះបានថ្លែងថា អាហារូបករណ៍ស្នាក់នៅរបស់សមាគមន៍ទាយាទខ្មែរពិតជាអាហារូបករណ៍មួយដែលផ្តល់ឱកាសឱ្យលោកអាចបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យ ព្រោះប្រសិនបើគ្មានសមាគមនេះទេលោកនឹងមិនអាចមានថវិកាគ្រប់គ្រាន់ដើម្បីបង់ថ្លៃការស្នាក់នៅ អំឡុងពេលបន្តការសិក្សាទេ។


នៅក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ យុវជន ទា ចយ បានថ្លែងថាអាហារូបករណ៍នេះ ពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់និស្សិតមកពីតំបន់ដាច់ស្រយាល និងតាមខេត្តដូចជារូបលោក ព្រោះបានផ្តល់នូវកន្លែងស្នាក់នៅដែលមានសុវត្ថិភាព និងផាសុកភាព និងអាចសម្រួលបន្ទុកគ្រួសារច្រើន ព្រមទាំងអាចទុកថវិកាដែលត្រូវចំណាយលើការស្នាក់នៅ ទៅប្រើប្រាស់លើការចំណាយផ្សេងៗទៀត ជាពិសេសសម្ភារៈសិក្សា ។ បន្ថែមពីនេះ លោកទទួលបានការបណ្តុះបណ្តាលភាសាអង់គ្លេស តាមរយៈការសិក្សារថ្នាក់ភាសាអង់គ្លេសរៀងរាល់ថ្ងៃចន្ទ ដល់សុក្រ ថ្នាក់បណ្តុះបណ្តាលនៅថ្ងៃចុងសប្តាហ៍ និងបង្កើតទំនាក់ទំនងជាមួយនឹងសិស្សអាហារូបករណ៍ផ្សេងទៀតដែលមានគោលបំណងដូចគ្នាគឺបញ្ចប់ថ្នាក់បរិញ្ញាបត្រ។អាហារូបករណ៍នេះ អាចផ្គត់ផ្គង់ការស្នាក់នៅរបស់លោករហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់លោក។

យុវជនរូបនេះបន្តថា លោកទទួលបានដំណឹងអាហារូបករណ៍នេះពីលោកគ្រូរបស់ខ្លួនដែលជាអតីតនិស្សិតសមាគមទាយាទខ្មែរ និងគេហទំព័រហ្វេសប៊ុករបស់សមាគមន៍។ លោកបន្តថា អាហារូបករណ៍នេះជ្រើសរើសសិស្សថ្មីចន្លោះពី ១០ ទៅ១៥នាក់ជារៀងរាល់ឆ្នាំ ដោយបេក្ខជនទាំងនោះត្រូវឆ្លងកាត់វគ្គជម្រុះពីរដំណាក់កាលគឺ ការបំពេញពាក្យ និងពត៌មានផ្សេងៗ (បេក្ខជនអាចដាក់ពាក្យតាមអនឡាញក៏បាន និងដាក់ពាក្យដោយផ្ទាល់នៅសមាគមទាយាទខ្មែរផ្ទាល់ក៏បាន និងបន្ទាប់ទៀតគឺវគ្គសម្ភាស។

យុវជន ទា ចយ បន្ថែមថា ដើម្បីដាក់អាហារូបករណ៍នេះ បេក្ខជនត្រូវគោរពតាមលក្ខខណ្ឌដូចជា ជាសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិមានបំណងមកបន្តការសិកស្សានៅក្នុងរាជធានីភ្នំពេញ ឬជានិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ (ទាំងបង់ថ្លៃ និងអាហារូបករណ៍) ឆ្នាំទី១ និងទី២ ព្រមទាំងមាន ជីវភាពខ្វះខាត លំបាក មកពីបណ្តាខេត្តដាច់ស្រយាលនានា និងមានភាពស្មោះត្រង់ រួសរាយរាក់ទាក់ ចេះរស់នៅជាក្រុម មានសីលធម៌ល្អ មានឆន្ទះក្នុងការសិក្សារៀនសូត្រ ឧស្សាហ៍ព្យាយាម។

ក្នុងនោះ លោកក៏បានប្រាប់នូវគន្លឹះមួយចំនួនអំឡុងពេលសម្ភាសដូចជា ស្លៀកពាក់ឯកសណ្ឋានឱ្យបានសមរម្យ ត្រៀមខ្លួនឆ្លើយសំណួរដែលពាក្យព័ន្ធ និងត្រូវមាន អាកប្បកិរិយា និងសីលធម៌ល្អទាំងភាពស្មោះត្រង់ និងការប្រើប្រាស់ពាក្យសម្តីឱ្យបានសមរម្យ ព្រោះអ្នកជ្រើសរើសត្រូវជ្រើសរើសយុវជនដែលមានអត្តចរិត និងអាកប្បកិរិយាល្អ ដែលអាចរស់នៅជាក្រុមធំ ឬរស់នៅជាសហគមន៍។


លោកបញ្ជាក់បន្ថែមថា លោកបានរៀនសូត្រជាច្រើនពីការរស់នៅជាសហគមន៍ ព្រោះមានការចែករំលែកបទពិសោធន៍ពីសិស្សច្បង ការចែករំលែក រៀនពីគ្នាទៅវិញទៅមក និងសម្របខ្លួនទៅតាមច្បាប់ទម្លាប់របស់សហគមន៍។

ជាចុងក្រោយ យុវជន ទា ចយ ពិតជាលើកទឹកចិត្តឱ្យយុវជន ដែលមានជីវភាពខ្វះខាត ដែលរស់នៅតាមបណ្តាខេត្ត ជាពិសេសតំបន់ដាច់ស្រយាល ពិបាកស្វែងរកកន្លែងស្នាក់នៅ ឱ្យដាក់ពាក្យអាហារូបករណ៍សមាគមន៍៍ទាយាទខ្មែរព្រោះទទួលបានទាំងអាហារូបករណ៍ស្នាក់នៅ និងទទួលបានចំណេះដឹងបន្ថែមពីការរស់នៅជាសហគមន៍ ព្រមទាំងអាចសម្រួលបន្ទុកគ្រួសារបានមួយភាគធំ។

ដើម្បីដាក់ពាក្យ បេក្ខជនអាចចូលទៅកាន់ https://docs.google.com/.../1FAIpQLSe2KgvEnHm.../viewform... ដើម្បីបំពេញពាក្យស្នើសុំកន្លែងស្នាក់នៅ។ទំនាក់ទំនងសួរព័ត៌មានបន្ថែម សិស្សអាចទាក់ទងទៅកាន់ Facebook page: សមាគមទាយាទខ្មែរ-Khmer Heirs Association ឬ Telegram Group: https://t.me/+R-G-uNAcqP1iMmVl ឬ លេខទូរសព្ទ: 097 84 59 388 ឬ 010656770 ។ គួរបញ្ជាក់ថា សមាគមទាយាទខ្មែរមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ៨២ឈ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

Khcct banner

អត្ថបទទាក់ទង