ភ្នំពេញ៖ យុវជន អ៊ិត មុនីសីលា ជាសិស្សដែលទទួលបាននិទ្ទេស A លើគ្រប់មុខវិជ្ជាក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្នាក់វិទ្យាសាស្ត្រពិត មកពីវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្នុងខេត្តរតនគិរី។ មុននឹងសម្រេចបាននូវសមិទ្ធផលមួយនេះ មុនីសីលាត្រូវជម្នះតស៊ូមករៀននៅសាលាឆ្ងាយពីផ្ទះនៅចម្ការកៅស៊ូដែលជាតំបន់ដាច់ស្រយាលនៅខេត្តរតនគិរី និងមានចម្ងាយរហូតដល់ ៣០គីឡូម៉ែត្រ ហើយក៏ត្រូវមករស់នៅជាមួយអ៊ំនៅក្នុងទីក្រុងដែលមានចម្ងាយឆ្ងាយគួរសមពីសាលា ដើម្បីសម្រេចក្តីប្រាថ្នារបស់ខ្លួន។
នៅក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ យុវជនរូបនេះបានថ្លែងថា នៅក្នុងអំឡុងពេលសិក្សាក្នុងថ្នាក់វិទ្យាល័យគាត់ត្រូវជួបប្រទះនូវឧបសគ្គធំៗចំនួន២គឺ ទីមួយការធ្វើដំណើរនៅរយៈចម្ងាយឆ្ងាយពីសាលា និងជួនកាលក៏ជួបប្រទះនឹងគ្រោះធម្មជាតិដែលរាំងស្ទះដល់ការធ្វើដំណើរ ។ ជាមួយគ្នា ព្រោះតែមានការជ្រោមជ្រែងពីឪពុកម្តាយ និងលោកគ្រូអ្នកគ្រូ និងមានក្តីស្រមៃចង់បាននិទ្ទេស A ផង ទើបសីលាខំប្រឹងប្រែងសិក្សារហូតទទួលបាននិទ្ទេសជាទីគាប់ចិត្ត។
បន្ទាប់មក សីលាក៏បានប្រាប់ទម្លាប់ និងគន្លឹះមួយចំនួនដែលខ្លួនតែអនុវត្តក្នុងការសិក្សាជាប្រចាំដែលមានដូចជា ត្រូវមានគោលដៅជាក់លាក់ថាខ្លួនចង់បានអ្វី និងត្រូវស្វែងរកចំណុចខ្វះខាតដើម្បីបំពេញបន្ថែមដើម្បីឱ្យការសិក្សាមានប្រសិទ្ធភាព និងមានតុល្យភាព។ ក្រៅពីនេះ សីលាណែនាំថា ថាត្រូវប្រកាន់ខ្ជាប់នូវទម្លាប់ស្វ័យសិក្សាតាមរយៈការរៀបចំកាលវិភាគទៅលើសកម្មភាពសិក្សារួមមាន ស្រាវជ្រាវ និងវិភាគលើមេរៀន កត់ត្រា ទន្ទេញសំនួរ និងរូបមន្ត និងផ្តោតលើការធ្វើលំហាត់វិញ្ញាសាទាំងចាស់ទាំងថ្មីជាប្រចាំ។ មួយវិញទៀត សិស្សានុសិស្សត្រូវត្រៀមខ្លួនរួចជាស្រេច មុននឹងការប្រឡងឈានមកដល់ទាំងចំណេះ សុខភាព ស្មារតី ប្រុងប្រយ័ត្នទៅលើការប្រឡងនិងកត្តាបន្ទាប់បន្សំមួយចំនួនទៀត។
សីលា បានបន្តថា គាត់នឹងចាប់យកជំនាញវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិតនៅរាជធានៅភ្នំពេញ ព្រោះសីលាផ្ទាល់យល់ថា ជាជំនាញមានតម្រូវការខ្ពស់ និងដើម្បីអភិវឌ្ឍខ្លួនឱ្យសបស្រមទៅនឹងភាពជឿនលឿននៃបច្ចេកវិទ្យារបស់ពិភពលោក។ នាពេលបច្ចុប្បន្ននេះ សីលាកំពុងត្រៀមខ្លួនដើម្បីប្រឡងយកអាហារូបករណ៍នៅសាកលវិទ្យាល័័យក្នុងរាជធានីភ្នំពេញ។
ជាចុងក្រោយ យុវជន អ៉ិត មុនីសីលា លើកទឹកចិត្តដល់សិស្សប្អូនជំនាន់ក្រោយឲ្យកំណត់គោលដៅលើការសិក្សារបស់ខ្លួនឲ្យបានជាក់លាក់ហើយប្តេជ្ញាចិត្ត ត្រៀមខ្លួនឲ្យបានពេញលេញ ខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងឲ្យស្របទៅនឹងគោលដៅឬនិទ្ទេសដែលខ្លួនចង់បាន និងជាពិសេសត្រូវតែតស៊ូឲ្យខ្លាំង មិនថាជួបប្រទះនូវបញ្ហា ឧបសគ្គ គឺជម្នះឲ្យបាន ដើម្បីទទួលបានជោគជ័យ៕