Swift cc time

ស្ត្រីអ្នកផលិតមាតិកាអាហារ ជនជាតិចិនម្នាក់ ស្លាប់ក្នុងវ័យ២៤ឆ្នាំ ដោយសារហូបច្រើនពេក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ អ្នកបង្កើតមាតិកាហូបអាហារ (Mukbang) ដ៏ល្បីល្បាញរបស់ប្រទេសចិន គឺកញ្ញា «Gan Fan Ying» (干饭莹) បានទទួលមរណភាពក្នុងវ័យត្រឹម ២៤ឆ្នាំ បន្ទាប់ពីនាងធ្លាប់បានទម្លាយរឿងបញ្ហាសុខភាព និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារបញ្ហាកង្វះប៉ូតាស្យូមក្នុងឈាម។បញ្ហានេះបណ្ដាលមកពីការហូបច្រើនហួសហេតុរបស់នាងនៅមុខអេក្រង់ទូរសព្ទដើម្បីទាក់ទាញអ្នកមើល និងបង្ខំចិត្តក្អួតអាហារចេញវិញ។ការធ្វើបែបនេះបានផ្ដល់ផលប៉ះពាល់ខ្លាំងដល់សុខភាពរបស់នាង ដោយសារតែនាងត្រូវញ៉ាំអាហារម្តងហើយម្តងទៀតដើម្បីថត និងលក់ផលិតផល។

ឪពុកម្តាយរបស់នាងបានប្រកាសជាផ្លូវការកាលពីថ្ងៃទី៤ ខែកញ្ញា ថា កូនស្រីរបស់ពួកគេបានទទួលមរណភាពតាំងពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ មកម្ល៉េះ។ កញ្ញា Gan Fan Ying មានអ្នកតាមដានលើបណ្តាញសង្គមជាង ១,២៣លាននាក់ និងបានបង្ហោះវីដេអូចំនួន ១៦៩ ដែលភាគច្រើនជាខ្លឹមសារនៃការញ៉ាំអាហារ និងការណែនាំពីមុខម្ហូបផ្សេងៗ។

វីដេអូចុងក្រោយរបស់នាងត្រូវបានបង្ហោះកាលពីថ្ងៃទី១៤ ខែសីហា ពោលគឺត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះមុនពេលនាងទទួលមរណភាព។ នៅក្នុងវីដេអូនោះ នាងបានរៀបរាប់ថា មូលហេតុដែលនាងផ្អាកការផ្សាយផ្ទាល់ និងការបង្ហោះវីដេអូមួយរយៈ គឺដោយសារត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពីកម្រិតប៉ូតាស្យូមក្នុងឈាមបានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ ២,៣ មីលីម៉ូលក្នុងមួយលីត្រ (2.3 mmol/L)។ នាងក៏ធ្លាប់បានសារភាព ថា ការងារធ្វើមាតិកាញ៉ាំអាហារ និងការបង្ខំចិត្តក្អួតអាហារចេញវិញ បានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់នាង ដោយសារតែនាងត្រូវញ៉ាំអាហារម្តងហើយម្តងទៀតដើម្បីថត និងលក់ផលិតផល។

មុនពេលបាត់បង់ជីវិត កញ្ញា Gan Fan Ying ក៏ធ្លាប់បានផ្ញើសារព្រមាន និងរំលឹកដល់អ្នកគាំទ្រ និងអ្នកតាមដានរបស់នាងថា ទោះបីជាការរកប្រាក់មានសារៈសំខាន់យ៉ាងណាក៏ដោយ ប៉ុន្តែសុខភាពត្រូវតែជាអាទិភាពទីមួយ។ ប្រភពជិតស្និទ្ធបានអះអាងថានាងមានបញ្ហាកង្វះប៉ូតាស្យូមជាយូរមកហើយ និងសង្ស័យថាអាចបណ្តាលឱ្យបេះដូងឈប់ដំណើរការ ប៉ុន្តែមូលហេតុពិតប្រាកដ និងផ្លូវការនៃការស្លាប់របស់នាងមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។

ករណីដ៏រន្ធត់នេះ ក៏បានក្លាយជាសាររំលឹកដ៏ក្រៀមក្រំមួយសម្រាប់អ្នកបង្កើតមាតិកាតាមអនឡាញទាំងអស់ ជាពិសេសអ្នកធ្វើវីដេអូប្រភេទ Mukbang ឱ្យចេះយកចិត្តទុកដាក់លើសុខភាព មិនត្រូវបង្ខំរាងកាយឱ្យញ៉ាំលើសកម្រិត ឬប្រើប្រាស់វិធីសាស្ត្រខុសធម្មតាដែលប៉ះពាល់ដល់រាងកាយគ្រាន់តែដើម្បីទាក់ទាញចំនួនអ្នកទស្សនា ឬរកប្រាក់ចំណូលនោះឡើយ ព្រោះថាប្រាក់កាសអាចរកបាន ប៉ុន្តែសុខភាពដែលបាត់បង់ ពេលខ្លះមិនអាចយកត្រឡប់មកវិញបានទេ៕

Khcct banner

អត្ថបទទាក់ទង