ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រឡងប្រជែង នៃក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតមធ្យមសិក្សា សរុបចំនួន ៣,០០០ កន្លែង សម្រាប់បម្រើការងារក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នៅតាមភូមិសាស្ត្ររដ្ឋបាលស្រុកនានា។
យោងតាមក្រសួងអប់រំ ក្នុងចំណោមគោលដៅជ្រើសរើស៣,០០០ កន្លែង រួមមានគ្រូបង្រៀនសម្រាប់កម្រិតវិទ្យាល័យចំនួន ១,៨០០ កន្លែង និងកម្រិតអនុវិទ្យាល័យចំនួន ១,២០០ កន្លែង ។មុខតំណែង និងមុខវិជ្ជាឯកទេសជាក់លាក់ត្រូវបានកំណត់យ៉ាងច្បាស់លាស់នៅក្នុងតារាងឧបសម្ព័ន្ធភ្ជាប់ជាមួយសេចក្តីជូនដំណឹង។
បើតាមសេចក្តីណែនាំបន្ថែមរបស់ក្រសួងអប់រំ រាល់បេក្ខជនជាប់ស្ថាពរ និងបេក្ខជនជាប់បម្រុងទាំងអស់ក្នុងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវបានតម្រូវឱ្យចូលរួមវគ្គបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំគ្រូបង្រៀន ទាំងទម្រង់ផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដោយកម្រិតវិទ្យាល័យត្រូវឆ្លងកាត់ការសិក្សាចំនួន ៤៨ ក្រេឌីត ចំណែកកម្រិតអនុវិទ្យាល័យមានចំនួន ៣០ ក្រេឌីត។ លក្ខខណ្ឌនេះជាកាតព្វកិច្ចចម្បង ដោយបេក្ខជនដែលបានបញ្ចប់ការបណ្តុះបណ្តាលតាមការកំណត់របស់ក្រសួងប៉ុណ្ណោះ ទើបទទួលបានសិទ្ធិស្របច្បាប់ក្នុងការដាក់ពាក្យទៅបម្រើការងារនៅតាមវិទ្យាល័យ ឬអនុវិទ្យាល័យដែលខ្លួនបានជ្រើសរើស។
ចំពោះសាធារណជនដែលមានបំណងចូលរួមប្រឡងប្រជែង អាចធ្វើការចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយគ្រាន់តែស្កេន QR Code ឬចូលទៅកាន់តំណភ្ជាប់ ដើម្បីបំពេញព័ត៌មានស្នើសុំសិទ្ធិប្រឡង ព្រមទាំងភ្ជាប់ឯកសារតម្រូវចាំបាច់នានា។ ការទទួលពាក្យចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃផុតកំណត់នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទីជាកំហិត។
សម្រាប់ព័ត៌មានលម្អិតបន្ថែម ឬក្នុងករណីមានបញ្ហាបច្ចេកទេសអំឡុងពេលចុះឈ្មោះ បេក្ខជនអាចទាក់ទងដោយផ្ទាល់ទៅកាន់ក្រុមការងារតាមរយៈលេខទូរស័ព្ទ ០៩៨ ២៣៣ ៣៣៥, ០៦១ ២៦៨ ៩៩៩, ០១០ ៤១៦ ៥៧៣, ០៨៦ ៥៥០ ៥៤៥ ឬ ០៦៨ ៨០៧ ៩២៦ រៀងរាល់ម៉ោងធ្វើការ៕