ចិន៖ អនុប្រធានាធិបតីចិន លោក ហាន ចេង (Han Zheng) និង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបគ្នានៅក្នុងពិព័រណ៍អន្តរជាតិស្តីពីការវិនិយោគ និងពាណិជ្ជកម្មចិន (CIFIT) លើកទី២៦ នៅទីក្រុងសៀមែន (Xiamen) ខេត្តហ្វូចៀន (Fujian) ប្រទេសចិន។ក្នុងជំនួបនោះសមភាគីទាំងពីរ បានប្រកាសពីការត្រៀមខ្លួនជាស្រេចក្នុងការសហការ ដើម្បីអនុវត្តការយល់ស្របគ្នាសំខាន់ៗដែលសម្រេចបានដោយថ្នាក់ដឹកនាំកំពូលនៃ ប្រទេសទាំងពីរ។
ក្នុងជំនួបនោះ លោក ស៊ុន ចាន់ថុល បានថ្លែងថា កម្ពុជា និងចិន មានមិត្តភាពដ៏ជ្រាលជ្រៅ និងតែងតែជឿជាក់ និងគាំទ្រគ្នាទៅវិញទៅមកជានិច្ច។ លោកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះគោលការណ៍ចិនតែមួយ និង បានបង្ហាញពីឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិនឱ្យកាន់តែស៊ីជម្រៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបណ្តាញអ៊ីនធឺណិត (Cyber Fraud) ខណៈពេលដែលកំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ចំណែក លោក ហាន ចេង (Han Zheng) បានលើកឡើងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថ្មីៗនេះបានជួបប្រជុំជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយបានគូសវាសពីប្លង់មេដ៏ធំធេងសម្រាប់ការសាងសង់សហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី៕