កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានលុបចោលសេចក្តីប្រកាសអាសន្នដោយសារតែអ័ព្ទខ្មៅពុលនៅក្នុងស្រុកសេរៀន ក្នុងរដ្ឋសារ៉ាវ៉ាក់បានថយចុះ បន្ទាប់ពីគុណភាពខ្យល់ពុលបានធ្លាក់ចុះមកក្រោមកម្រិតគ្រោះថ្នាក់ប៉ុន្តែហានិភ័យសុខភាពនៅតែមាន។ចំណាត់ការដកការព្រមាននេះធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយពីការប្រកាសអាសន្នកាលពីថ្ងៃសុក្រ បន្ទាប់ពីអ័ព្ទក្រាស់ដែលបណ្តាលមកពីភ្លើងឆេះនៅក្នុងតំបន់កោះបូណេអូរបស់ប្រទេសឥណ្ឌូនេស៊ី បានជំរុញឱ្យការបំពុលខ្យល់កើនឡើងដល់កម្រិតគ្រោះថ្នាក់ ដោយរដ្ឋសារ៉ាវ៉ាក់ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយភ្លើងឆេះនៅក្នុងខេត្តកាលីម៉ាន់តាន់របស់ប្រទេសឥណ្ឌូនេស៊ី ដោយអ័ព្ទបានបង្ខំឱ្យសាលារៀនបិទទ្វារនៅក្នុងតំបន់មួយចំនួននៃតំបន់រងគ្រោះ។
អាជ្ញាធរម៉ាឡេស៊ីចាត់ថ្នាក់សន្ទស្សន៍បំពុលខ្យល់ (API) លើសពី ៣០០ ថាមានគ្រោះថ្នាក់ ដោយមានការវាស់វែងកើនដល់ ៥០០ កាលពីសប្តាហ៍មុនដែលជាកម្រិតសម្រាប់ការប្រកាសអាសន្ននៅក្នុងរដ្ឋសារ៉ាវ៉ាក់។កម្រិតខ្យល់ពុល API នៅក្នុងស្រុកសេរៀននៅត្រឹមប្រមាណ ២២២ នៅថ្ងៃចន្ទនេះ បន្ទាប់ពីបានឡើងដល់ ៥១៩ កាលពីថ្ងៃសុក្រ។ ក្រសួងបានព្រមានថា ស្ថានភាពអ័ព្ទមិនទាន់បានជាសះស្បើយពេញលេញនៅឡើយទេ ដោយសារគុណភាពខ្យល់នៅក្នុងតំបន់ជាច្រើន ជាពិសេសស្រុកសេរៀន និងស្រុកសាម៉ារ៉ាហាន នៅតែស្ថិតក្នុងកម្រិតមិនល្អចំពោះសុខភាព។ រដ្ឋាភិបាលសហព័ន្ធ និងរដ្ឋាភិបាលរដ្ឋសារ៉ាវ៉ាក់ នឹងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយប្រជាពលរដ្ឋនៅតំបន់ដែលរងផលប៉ះពាល់ត្រូវបានណែនាំឱ្យកំណត់សកម្មភាពក្រៅផ្ទះ និងត្រូវគោរពតាមការណែនាំពីអាជ្ញាធរជានិច្ច។