Swift cc time

និស្សិតកម្ពុជា ២៥រូប បំពេញទស្សនៈកិច្ចនៅប្រទេសបារាំង ដើម្បីពង្រឹងចំណេះដឹងភាសាបារាំងកម្រិតឧត្តមសិក្សា

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/
រូបភាព៖ ស្ថានទូតបារាំងប្រចាំកម្ពុជា

ភ្នំពេញ៖ និស្សិតកម្ពុជាចំនួន​ ២៥រូបមកពីសាកលវិទ្យាល័យផ្សេងៗគ្នា បានទៅបំពេញទស្សនៈកិច្ចនៅប្រទេសបារាំងរយៈពេល ២សប្តាហ៍ គឺចាប់ពីថ្ងៃទី១៥​ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។ ដំណើរទស្សនៈកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងជួយឱ្យនិស្សិតដែលសិក្សាភាសាបារាំង អាចប្រើប្រាស់ និងពង្រឹងចំណេះដឹងភាសារបស់ពួកគេតាមរយៈសកម្មភាពមួយចំនួនដូចជាថ្នាក់រៀនភាសាបារាំង ការរស់នៅជាមួយគ្រួសារជាជនជាតិបារាំង និងដំណើទៅតំបន់កម្សាន្ត និងតំបន់បេតិកភណ្ឌល្បីៗ។

លោក ស៊ីម សុខមាន

នៅក្នុងដំណើរទស្សនៈកិច្ចនេះ លោក ស៊ីម សុខមាន​ ដែលជានិស្សិតច្បាប់ជាភាសាបារាំងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លោកពិតជាទទួលបានអត្ថប្រយោជន៍ជាច្រើនពីដំណើរទស្សនៈកិច្ចនេះ ដូចជា ពង្រឹងភាសាបារាំងតាមរយៈការនិយាយជាមួយជនជាតិដើម គ្រូបង្រៀន និងប្រជាជននៅក្នុងតំបន់ដែលគ្រួសារជនជាតិបារាំងដែលលោកស្នាក់នៅ​(Host Family)។ បន្ថែមពីនេះ វាជាឱកាសមួយដែលអាចឱ្យ សុខមាន ដកស្រង់បទពិសោធន៍ក្នុងការប្រាស្រ័យទាក់ទងគ្នា ព្រមទាំងការទស្សនកិច្ចនៅកន្លែងប្រវត្តិសាស្រ្តជាច្រើន ដែលជាការពង្រីកចំណេះដឹងផ្នែកវប្បធម៌ និងអរិយធម៌របស់បារាំង។

រីឯកញ្ញា សុខ​ ម៉ាលី ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឆ្នាំទី២ នៅវិទ្យាស្ថានជាតិអប់រំបានបន្តថា រយៈពេលពីរសប្តាហ៍នៅប្រទេសបារាំងនេះគឺជាបទពិសោធន៍ដ៏ល្អ និងគួរឱ្យចង់ចាំបំផុត ព្រោះបានស្នាក់នៅជានមួយគ្រួសារជនជាតិបារាំង ដែលអនុញ្ញាតឱ្យកញ្ញាអាចរៀនពីរបៀបរស់នៅប្រចាំថ្ងៃរបស់ជនជាតិបារាំងដូចជា ការហូបចុក ការប្រើប្រាស់មធ្យោបាយធ្វើដំណើរ និងទំនៀមទម្លាប់របស់ជនជាតិបារាំង ព្រមទាំងអាចទៅទស្សនាទីតាំងប្រវត្តិសាស្ត្រនៅទីក្រុងប៉ារីស និងទីក្រុងរូអង់ ដែលធ្វើឱ្យកញ្ញាអាចបានរៀនបានកាន់តែច្រើនអំពីប្រវត្តិសាស្ត្រ និងវប្បធម៌បារាំង។

រូបភាព៖ ស្ថានទូតបារាំងប្រចាំកម្ពុជា

ជាមួយគ្នានេះ និស្សិតដទៃទៀតក៏មិនខុសពី សុខមាន និង សុម៉ាលីដែរ​ គឺពួកគេពិតជារំភើប និងទទួលបានបទពិសោធន៍ជាច្រើនពីដំណើរទស្សនៈកិច្ចមួយនេះ ព្រោះពូកគេបានទៅប្រទេសបារាំងដែលជាប្រទេសក្នុងក្តីស្រមៃ ទៅកាន់តំបន់ល្បីៗ ពង្រឹងចំណេះដឹងភាសាបារាំង និងជ្រាបកាន់តែច្បាស់ពីវប្បធម៌ និងអរិយធម៌របស់បារាំង។

រូបភាព៖ ស្ថានទូតបារាំងប្រចាំកម្ពុជា

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះត្រូវបានគាំទ្រដោយស្ថានទូតបារាំង និងក្រសួងអប់រំ យុវជន និងកីឡា ហើយនិស្សិតទាំង២៥រូបមកពីសាកលវិទ្យាល័យដូចជា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ), បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, ដេប៉ាតឺម៉ង់បារាំងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិទ្យាស្ថានជាតិអប់រំ, សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម នេះបើយោងតាមគេហទំព័រផ្លូវការរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។

Khcct banner

អត្ថបទទាក់ទង