ភ្នំពេញ៖ កម្ពុជា និងរវ៉ាន់ដា បើកទំព័រក្របខណ្ឌកិច្ចសហប្រតិបត្តិការវិនិយោគរួមគ្នា សំដៅពង្រឹងភាពជាដៃគូសេដ្ឋកិច្ច ទាក់ទាញវិនិយោគ និងការផ្លាស់ប្តូរឧត្តមានុវត្តន៍សេដ្ឋកិច្ច។ ការឯកភាពគ្នានេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Bakuramutsa NKUBITO MANZI ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋរវ៉ាន់ដាប្រចាំកម្ពុជា នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។
នាឱកាសនេះ លោក ជា វុទ្ធី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគទ្វេភាគី សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បង្កើនភាពធន់ និងទាក់ទាញរំហូរវិនិយោគប្រកបដោយគុណភាព។
លោក ជា វុទ្ធី ក៏បានកោតសរសើរចំពោះសមិទ្ធផលលេចធ្លោរបស់រ៉្វាន់ដាក្នុងការធ្វើពិពិធកម្ម និងបំប្លែងទម្រង់សេដ្ឋកិច្ច ការជំរុញការវិនិយោគ ព្រមទាំងការអភិវឌ្ឍវិស័យឯកជន ដើម្បីជាមូលដ្ឋានក្នុងការផ្លាស់ប្តូរបទពិសោធ និងឧត្តមានុវត្តន៍ល្អៗទៅវិញទៅមក។
ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើលទ្ធភាពនៃការរៀបចំអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង Rwanda Development Board - RDB ដើម្បីបង្កើតជាក្របខ័ណ្ឌគតិយុត្តរួមមួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការទាក់ទាញការវិនិយោគ ការសម្របសម្រួលធុរកិច្ច និងការតភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ប្រកបដោយស្មារតីមិត្តភាព ការយោគយល់ និងការគោរពគ្នាទៅវិញទៅមក សំដៅប្រែក្លាយគំនិតផ្តួចផ្តើមនានាឱ្យទៅជាសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ៕