ព្យុងយ៉ាង៖ កូរ៉េខាងជើងបានដាក់ឱ្យដំណើរការនាវាពិឃាតថ្មីរបស់ខ្លួនដែលមានឈ្មោះថា Kang Kon មានទម្ងន់ប្រមាណ ៥ពាន់តោន មេដឹកនាំ គីម ជុងអ៊ុន បានចូលរួមពិធីដាក់ឱ្យដំណើរការនៃនាវាពិឃាតថ្មីនេះនៅទីក្រុងកំពង់ផែភាគខាងកើត Wonsan ជាកន្លែងដែលលោក គីម បានហៅនាវាពិឃាតនេះជាជាវាចម្បាំងពិតប្រាកដដែលនឹងប្រើប្រាស់ជាប្រព័ន្ធនាវាពិឃាតសម្រាប់ផ្ទុកការវាយប្រហារបែបនុយក្លេអ៊ែររបស់រដ្ឋកូរ៉េខាងជើង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានចេញផ្សាយ។
ក្នុងពិធីដាក់ឱ្យដំណើរការនាវាថ្មីនេះ លោកគីមក៏បានរម្លឹកអំពីការអភិវឌ្ឍកងទ័ពជើងទឹករបស់ប្រទេសកូរ៉េខាងជើងទៅជាកងកម្លាំងប្រដាប់អាវុធនុយក្លេអ៊ែរដើម្បីអនុវត្តសកម្មភាពការពារដែនសមុទ្រ និងសកម្មភាពទប់ស្កាត់សង្គ្រាមឲ្យបានកាន់តែប្រសើរឡើង។ លើសពីនេះ មេដឹកនាំកូរ៉េខាងជើងបានសន្យាថានឹងបន្តអភិវឌ្ឍកងកម្លាំងកងទ័ពជើងទឹករបស់ខ្លួន និងដាក់ពង្រាយកងកម្លាំងយុទ្ធសាស្ត្រដ៏មានឥទ្ធិពលកាន់តែខ្លាំងឡើងទៅកាន់តំបន់ដែលប្រឈមហានិភ័យ។
លោក គីមជុងអ៊ុន បានបញ្ជាក់ថា ពេលនេះកូរ៉េខាងជើងកំពុងស្ថិតក្នុងដំណើរការអនុវត្តផែនការសំខាន់មួយដើម្បីពង្រឹងកងកម្លាំងកងទ័ពជើងទឹករបស់ខ្លួន ហើយលោកនឹងបង្ហាញសមិទ្ធផលទាំងនេះដល់ពិភពលោកក្នុងរយៈពេលប្រាំបីខែខាងមុននេះ។ ការបញ្ជាក់របស់លោកគីមនេះផ្តោតទៅផែនការរបស់កូរ៉េខាងជើងដែលកំពុងតែអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់កូរ៉េខាងជើងមួយប្រភេទទៀត ដែលត្រូវបានបង្ហាញជាសាធារណៈក្នុងអំឡុងពេលសមាជបក្សកាលពីខែមករា ឆ្នាំ២០២១៕