ហ្សាកាតា៖ នៅព្រឹកថ្ងៃចន្ទនេះ អាជ្ញាធរឥណ្ឌូនេស៊ីបានសម្រេចបិទអាកាសយានដ្ឋានចំនួន ៨ ជាបណ្តោះអាសន្ន រួមទាំងអាកាសយានដ្ឋានអន្តរជាតិធំៗចំនួន ២ ក្នុងរាជធានីហ្សាកាតា ដោយសារផេះភ្នំភ្លើងដែលភាយចេញពីការផ្ទុះភ្នំភ្លើង Anak Krakatau បានគ្របដណ្តប់លើផ្ទៃមេឃ និងតំបន់ជុំវិញ។
យោងតាមការចេញផ្សាយរបស់កាសែតThe Guardian ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីបានឱ្យដឹងថា ការផ្អាកជើងហោះហើរនេះបានប៉ះពាល់ដល់អ្នកដំណើរប្រមាណ ១៧០,០០០នាក់ និងបណ្តាលឱ្យជើងហោះហើរសរុបចំនួន ១,៥៥៨ ត្រូវពន្យារពេល ឬលុបចោល។ ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ក្នុងទីក្រុងហ្សាកាតា ត្រូវបានពន្យារពេលបិទរហូតដល់ម៉ោង ៦ ល្ងាចថ្ងៃចន្ទនេះ។ អាជ្ញាធរនៅមិនទាន់អាចបញ្ជាក់ពីពេលវេលាបើកដំណើរការឡើងវិញច្បាស់លាស់នៅឡើយទេ ដោយសារអាកាសធាតុ និងសកម្មភាពភ្នំភ្លើងនៅតែបន្តប្រែប្រួលខ្លាំង។
ក្រៅពីការរំខានដល់វិស័យអាកាសចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក អាជ្ញាធរទីក្រុងហ្សាកាតាក៏បានប្រកាសឱ្យសាលារៀនទាំងអស់ផ្អាកការសិក្សាផ្ទាល់ ដោយផ្លាស់ប្តូរទៅជាការសិក្សាតាមប្រព័ន្ធអនឡាញវិញជាបណ្តោះអាសន្ន។
គួរបញ្ជាក់ថា ភ្នំភ្លើង Anak Krakatau ដែលស្ថិតនៅចន្លោះកោះជ្វា (Java) និងកោះស៊ូម៉ាត្រា (Sumatra) បានចាប់ផ្តើមផ្ទុះខ្លាំងតាំងពីយប់ថ្ងៃសុក្រសប្ដាហ៍មុន ដោយបានបាញ់បញ្ចេញកម្ទេចម៉ាក់ម៉ា និងបង្កើតជាសំឡេងផ្ទុះយ៉ាងខ្លាំង ដែលអាចឮរហូតដល់ចម្ងាយរាប់រយគីឡូម៉ែត្រ។ ភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូនេស៊ីបានព្រមានថា លទ្ធភាពនៃការផ្ទុះបន្តទៀតនៅតែមានកម្រិតខ្ពស់ ប៉ុន្តែការផ្ទុះលើកនេះពុំមានហានិភ័យបង្កឱ្យកើតជារលកយក្សស៊ូណាមិ ដូចកាលពីឆ្នាំ ២០១៨ នោះឡើយ៕