ចិន៖ ទីតាំងសាធារណៈសំខាន់ៗ និងលេចធ្លោបំផុតក្នុងទីក្រុងរបស់ប្រទេសចិន ដូចជា រង្វង់មូល ស្ថានីយរថភ្លើងក្រោមដី និងផ្ទាំងពាណិជ្ជកម្មធំៗលើស្ពានអាកាស ត្រូវបានបម្រុងទុកសម្រាប់ដាក់តាំងបង្ហាញរូបភាព និងសមិទ្ធផលរបស់កំពូលអ្នកវិទ្យាសាស្ត្រល្បីៗ ដូចជា លោក Qian Xuesen (បិតានៃកម្មវិធីរ៉ុក្កែត និងអវកាសចិន) លោក Deng Jiaxian (អ្នករូបវិទ្យានុយក្លេអ៊ែរ) និងលោក Yuan Longping (បិតាស្រូវកូនកាត់)។ ការផ្តល់អាទិភាពលើ «ផ្ទាំងពាណិជ្ជកម្មមាស» ទាំងនេះដល់អ្នកវិទ្យាសាស្ត្រ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីតម្លៃស្នូលនៃសង្គមចិន ដែលប្រាប់ទៅពិភពលោកថា ការព្យាយាមស្វែងរកចំណេះដឹង ការរុករកផ្នែកវិទ្យាសាស្ត្រ និងស្មារតីបម្រើជាតិ តែងតែទទួលបានការឱ្យតម្លៃខ្ពង់ខ្ពស់បំផុត។
យោងតាមការចេញផ្សាយរបស់កាសែត Global Times បានឱ្យដឹងថា មតិនៅលើបណ្តាញសង្គមអន្តរជាតិបានសម្តែងការកោតសរសើរយ៉ាងខ្លាំង ដោយលើកឡើងថា អ្នកវិទ្យាសាស្ត្រចិនគឺជា «អាយដល (Idols)» ពិតប្រាកដសម្រាប់កុមារ និងសង្គម។ ផ្អែកលើការស្ទង់មតិសាធារណៈនាពេលថ្មីៗនេះ ខណៈដែលកុមារនៅអាម៉េរិក និងអង់គ្លេសភាគច្រើនចង់ក្លាយជាអ្នកធ្វើមាតិកាសង្គម (Influencers) កុមារចិនភាគច្រើនបែរជាមានបំណងប្រាថ្នាចង់ក្លាយជាអវកាសយានិកវិញ ដោយសារប្រព័ន្ធអប់រំចិនផ្តល់តម្លៃខ្ពស់លើវិទ្យាសាស្ត្រ និងការរុករកអវកាស។
ការបង្ហាញរូបភាពអ្នកវិទ្យាសាស្ត្រនៅលើអេក្រង់សាធារណៈធំៗ គឺជាការបន្តប្រពៃណីនៃការគោរពប្រតិបត្តិចំពោះចំណេះដឹងដែលមានរាប់ពាន់ឆ្នាំមកហើយ ហើយបានធ្វើឱ្យការស្វែងយល់របស់ពិភពលោកអំពីប្រទេសចិន ផ្លាស់ប្តូរពីសំណួរថា «តើចិនសម្រេចបានអ្វីខ្លះ?» ទៅជា «ហេតុអ្វីបានជាចិនអាចសម្រេចបានបែបនេះ?»។
រឿងរ៉ាវ និងសមិទ្ធផលរបស់អ្នកវិទ្យាសាស្ត្រចិន មិនត្រឹមតែជាមោទនភាពសម្រាប់ជាតិសាសន៍ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពសម្រាប់ពិភពលោកទាំងមូល ដូចជា បច្ចេកវិទ្យាស្រូវកូនកាត់របស់លោក Yuan Longping ការរកឃើញថ្នាំគ្រុនចាញ់ Artemisinin របស់លោកស្រី Tu Youyou ការប្រើប្រាស់ប្រព័ន្ធ Beidou នៅទូទាំងសកលលោក និងការបើកទ្វារស្ថានីយអវកាសចិនសម្រាប់អ្នកវិទ្យាសាស្ត្រអន្តរជាតិ។
ផ្អែកលើទស្សនវិជ្ជាខុងជឺ ប្រទេសចិនបានបង្ហាញដល់ពិភពលោកថា ខ្លួនមិនត្រឹមតែស្វែងរកសេចក្តីថ្លៃថ្នូរ និងការរីកចម្រើនសម្រាប់តែខ្លួនឯងនោះទេ ប៉ុន្តែបានប្រើប្រាស់វិទ្យាសាស្ត្រជាស្ពានដើម្បីរួមចំណែកដោះស្រាយបញ្ហាចោទរួមរបស់មនុស្សជាតិទាំងមូល៕