Swift cc time

តារាល្បីលើបណ្តាញសង្គមម្នាក់ បានស្លាប់ ក្រោយចាយជិត ១ម៉ឺនដុល្លារ ចាក់ថ្នាំពង្រីកប្រដាប់ភេទនៅ ថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ អ្នកល្បីលើបណ្ដាញសង្គម (Influencer) ជនជាតិអង់គ្លេស-នីហ្សេរីយ៉ា ឈ្មោះ Ubiribo បានបាត់បង់ជីវិត បន្ទាប់ពីបានទទួលការចាក់ថ្នាំពង្រីកប្រដាប់ភេទ នៅគ្លីនិកមួយក្នុងប្រទេសថៃ។ លទ្ធផលកោសល្យវិច័យពីតុលាការ West London Coroner’s Court របស់ចក្រភពអង់គ្លេស បានសន្និដ្ឋានថា សារធាតុ Hyaluronic Acid ចំនួន ៤០មីលីលីត្រ និង Lidocaine ដែលចាក់ចូលប្រដាប់ភេទរបស់គាត់ កាលពីថ្ងៃទី៥ ខែមីនា គឺជាមូលហេតុចម្បងដែលបណ្តាលឱ្យកើតជំងឺស្ទះសរសៃឈាមសួត (Pulmonary Embolism) រហូតដល់ស្លាប់។ នីតិវិធីពង្រីកប្រដាប់ភេទបែបនេះ អាចមានតម្លៃរហូតដល់ ៩,០០០ដុល្លារអាម៉េរិក ហើយជាទូទៅមានប្រសិទ្ធភាពចន្លោះពី ៦ ទៅ ៩ខែប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន Khaosod បានឱ្យដឹងថា លោក Ubiribo និងភរិយា បានទៅសម្រាកនៅសណ្ឋាគារប្រណីតមួយក្នុងក្រុងបាងកក ហើយបានបន្តទៅធ្វើការម៉ាស្សា បន្ទាប់ពីធ្វើនីតិវិធីរួច។ ភ្លាមៗនោះ លោក Ubiribo ចាប់ផ្តើមឈឺទ្រូងខ្លាំង និងបានសន្លប់ចំនួនពីរដង រហូតត្រូវប្រញាប់បញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ Sukhumvit។

ពេលទៅដល់មន្ទីរពេទ្យ គាត់នៅមានស្មារតី និងបានប្រាប់គ្រូពេទ្យថា គាត់ទើបតែចាក់ថ្នាំពង្រីកប្រដាប់ភេទ ប៉ុន្តែមុនពេលគ្រូពេទ្យអាចថតស្កេន (CT scan) ទាន់ គាត់ក៏បានសន្លប់បាត់ស្មារតីម្តងទៀត។ គ្រូពេទ្យបានបញ្ជូនគាត់ទៅបន្ទប់សង្គ្រោះបន្ទាន់ (ICU) និងខិតខំជួយសង្គ្រោះបេះដូង (CPR) អស់រយៈពេលជាង ១០០នាទី ប៉ុន្តែនៅតែមិនអាចជួយបាន ដោយគាត់បានទទួលមរណភាពនៅព្រឹកព្រលឹមថ្ងៃទី៦ ខែមីនា។

បច្ចុប្បន្ន សាកសពរបស់លោក Ubiribo ត្រូវបានយកទៅបញ្ជុះ នៅទីក្រុងឡុងដ៍ នៅក្នុងក្តារមឈូសមាស ដែលមានតម្លៃរហូតដល់ ៧៤៥,០០០ដុល្លារអាម៉េរិក។ គួរបញ្ជាក់ថា លោក Ubiribo ត្រូវបានគេស្គាល់យ៉ាងច្បាស់នៅលើបណ្តាញសង្គម Instagram ដែលមានអ្នកតាមដានប្រមាណ ១៨៥,០០០នាក់ តាមរយៈការបង្ហោះពីជីវិតហឺហាប្រណីត ដោយរូបគាត់មានផ្ទះតម្លៃ ១.១លានដុល្លារ នៅ Los Angeles និងអាផាតមិនតម្លៃ ៦០០,០០០ដុល្លារ នៅទីក្រុងឡុងដ៍៕

Khcct banner

អត្ថបទទាក់ទង