ថៃ៖ នាវិកអាម៉េរិកពីររូបមកពីនាវាដឹកយន្តហោះ USS Abraham Lincoln ត្រូវបានបញ្ជូនត្រឡប់ទៅលើនាវាវិញ ក្រោយពេលពួកគេផឹកស្រាស្រវឹង និងបង្កការឈ្លោះប្រកែកគ្នានៅជិតផ្លូវ Walking Street ក្នុងក្រុងប៉ាតាយ៉ា។ កាសែតថៃខាវស៊ត បានរាយការណ៍ថានាវិកទាំងពីរនាក់ស្ថិតក្នុងស្ថានភាពស្រវឹង ប៉ុន្តែសមត្ថកិច្ចថៃបានចាត់ទុកថាជាករណីហិង្សាតូចតាចប៉ុណ្ណោះ។
បន្ទាប់ពីហេតុការណ៍នេះកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ពួកគេត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលប្រតិបត្តិការរួមគ្នារវាងកងទ័ពជើងទឹកអាម៉េរិក និងអាជ្ញាធរថៃ ដែលស្ថិតនៅហាតរ៉ុក កាហ្វេ (Hard Rock Cafe) ប៉ាតាយ៉ា មុននឹងត្រូវបញ្ជូនត្រឡប់ទៅកាន់នាវាវិញ។ មន្ត្រីកងទ័ពជើងទឹកអាម៉េរិកបានបញ្ជាក់ថា នាវិកទាំងពីរត្រូវបានដាក់ពិន័យដោយហាមឃាត់មិនឱ្យចុះពីលើនាវា (Restricted to the ship) ពេញមួយរយៈពេលដែលនាវាចតនៅទីនោះ៕