Swift cc time

ម៉ាឡេស៊ី ប្រកាសដាក់រដ្ឋ Sarawak ក្នុងគ្រាអាសន្នក្រោយអ័ព្ទឡើងដល់ចំណុចគ្រោះថ្នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
មជ្ឈមណ្ឌលរដ្ឋបាលរដ្ឋាភិបាលសារ៉ាវ៉ាក់ ក្នុងទីក្រុងសេរៀន ប្រទេសម៉ាឡេស៊ី ត្រូវបានគ្របដណ្ដប់ដោយអ័ព្ទក្រាស់ កាលពីថ្ងៃសុក្រ AP

ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីបានប្រកាសដាក់រដ្ឋ Sarawak ក្នុងគ្រាអាសន្នក្រោយអ័ព្ទឡើងដល់ចំណុចគ្រោះថ្នាក់ សេចក្តីប្រកាសនេះគ្របដណ្តប់លើតំបន់ជាច្រើននៃទីក្រុង Serian ដែលស្ថិតនៅលើកោះ Borneo នៃប្រទេសម៉ាឡេស៊ី ក្នុងនោះមានសាលារៀនចំនួន ៦៤៧ កន្លែងត្រូវបានបិទទ្វារចាប់ពីថ្ងៃច័ន្ទរហូតដល់ចុងសប្តាហ៍ក្រោយ។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ Sarawak បញ្ជាក់ថាតំបន់រងគ្រោះកំពុងតែមានអ័ព្ទពុលខ្មៅពាសពេញអាកាសដែលអាចបង្កផលប៉ះពាល់ជាខ្លាំងដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រងគ្រោះ។

ការិយាល័យរបស់នាយករដ្ឋមន្ត្រី Anwar Ibrahim បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្រះមហាក្សត្រ Sultan Ibrahim បានយល់ព្រមចំពោះការប្រកាសអាសន្ននៅទូទាំងតំបន់ជាច្រើននៃទីក្រុង Serian នៃរដ្ឋ Sarawak បន្ទាប់ពីស្ថានភាពអ័ព្ទដែលបានឈានដល់កម្រិតបំពុលខ្យល់ដែលបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ និងសុវត្ថិភាព។ ចំណាត់ការធ្វើឡើងភ្លាមៗបន្ទាប់ពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនៃរដ្ឋ Sarawak បានស្នើសុំជាផ្លូវការនូវការប្រកាសនេះ នៅពេលដែលសន្ទស្សន៍បំពុលខ្យល់ (API) នៅក្នុងក្រុង Serian បានលើសពីកម្រិត ៥០០។

ក្រោមគោលការណ៍ណែនាំរបស់ម៉ាឡេស៊ី កម្រិតខ្យល់ពុល API លើសពី ៣០០ ត្រូវបានចាត់ថ្នាក់ថាមានគ្រោះថ្នាក់ ដោយការកើនដល់ ៥០០ អាចបង្កឱ្យមានការពិចារណាអំពីភាពអាសន្នក្នុងស្រុក។វិធានការបន្ទាន់ក៏មានន័យថា ការិយាល័យរដ្ឋាភិបាល និងឯកជននៅក្នុងទីក្រុង Serian នឹងត្រូវបិទ រួមទាំងចម្ការ ការដ្ឋានសំណង់ និងអណ្តូងរ៉ែ ដោយនៅមានតែសេវាកម្មសំខាន់ៗប៉ុណ្ណោះដែលនឹងដំណើរការ៕

Khcct banner

អត្ថបទទាក់ទង