បូលីវី៖ មនុស្សប្រមាណជាង ១០ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីការផ្ទុះនៅបន្ទាយយោធាមួយក្នុងក្រុងវីយ៉ាឆា ប្រទេសបូលីវី ចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីទីក្រុងឡាប៉ាស។ អាជ្ញាធរមូលដ្ឋានបានអះអាងថាការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល ២:៣០ រសៀល (ម៉ោងក្នុងតំបន់) នៅក្នុងតំបន់មួយដែលធ្លាប់រក្សាទុកសម្ភារៈជាតិផ្ទុះ ដោយការផ្ទុះនេះមានប្រភពមកពីឃ្លាំងស្តុកកាំជ្រួចរបស់ក្រសួងការពារជាតិ ខណៈការស៊ើបអង្កេតស្វែងរកមូលហេតុពិតប្រាកដកំពុងតែដំណើរការ។
លោកស្រី Rita Nebraska នាយិកាសុខាភិបាលវីយ៉ាឆា បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា មនុស្សចន្លោះពី ១០ ទៅ ១៥ នាក់ត្រូវបានគេជឿថាបានស្លាប់នៅក្នុងហេតុការណ៍នេះ ខណៈដែលមនុស្ស ៦២ នាក់បានរងរបួស។ អ្នករងរបួសចំនួន ១៤ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅឡាប៉ាស រួមទាំងក្មេងស្រីម្នាក់ដែលរងការរលាកកម្រិតទីបី ក្នុងនោះក៏មានផ្ទះរាប់សិបខ្នងត្រូវបានខូចខាត ដែលភាគច្រើនត្រូវបានបំផ្លាញពីការផ្ទុះមួយនេះ។ ភ្លាមៗរថយន្តសង្គ្រោះបន្ទាន់ ក្រុមគ្រូពេទ្យ និងប៉ូលីសត្រូវបានដាក់ពង្រាយទៅកាន់បរិវេណយោធា ដើម្បីវាយតម្លៃការខូចខាត និងជម្លៀសអ្នករងរបួសទៅកាន់មណ្ឌលសុខភាព៕