ប៉េកាំង៖ ស្ថាប័នផ្តល់ថវិកាស្រាវជ្រាវដ៏ធំជាងគេបង្អស់របស់ប្រទេសចិន(NSFC) បានប្រកាសជាសាធារណៈនូវករណីកែបន្លំ និងកំហុសខុសឆ្គងផ្នែកសិក្សាធិការ (Academic Misconduct) ដ៏ធំបំផុតមិនធ្លាប់មាន ដោយក្នុងនោះមានអ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យជាង ៤០នាក់ មកពីសាកលវិទ្យាល័យ និងមន្ទីរពេទ្យនានា ត្រូវបានរកឃើញថាមានកំហុស។ក្នុងនោះសាស្ត្រាចារ្យល្បីៗចំនួន ៤រូប ត្រូវបានបង្គាប់ឱ្យសងប្រាក់មូលនិធិវិញជាង ១០លានយ័ន (ប្រមាណ ១.៤៩លានដុល្លារអាម៉េរិក) និងហាមឃាត់មិនឱ្យដាក់ពាក្យសុំថវិកាស្រាវជ្រាវពី ៣ ទៅ ៧ឆ្នាំ។
យោងតាមការចេញផ្សាយរបស់កាសែតVN Express ការស៊ើបអង្កេត និងការបកអាក្រាតករណីធំៗទាំងនេះ មិនបានផ្តើមចេញពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ស្ថាប័នរដ្ឋចិននោះទេ ប៉ុន្តែជាស្នាដៃរបស់អតីតនិស្សិតបណ្ឌិតម្នាក់ឈ្មោះ Geng Hongwei (ស្គាល់លើបណ្តាញសង្គមថា "Student Geng")។ វីដេអូបកអាក្រាតរបស់លោក Geng មានអ្នកទស្សនារាប់លានដង។ គាត់បានបង្ហាញថា អត្ថបទស្រាវជ្រាវមួយនៅលើទស្សនាវដ្តី Nature មានទិន្នន័យរហូតដល់ ៧៦% បញ្ចប់ដោយលេខ ៥ ដូចៗគ្នា ដែលជាភស្តុតាងកែបន្លំ និងមិនអាចកើតឡើងបានឡើយតាមលក្ខណៈស្ថិតិ។
ជាលទ្ធផលនៃការបកអាក្រាតនេះ ស្ថាប័នNSFC បានដកហូតប្រាក់រង្វាន់ និងគោរមធ្យមសិក្សាពីសាស្ត្រាចារ្យល្បីៗចំនួន ៤រូប បង្គាប់ឱ្យសងប្រាក់មូលនិធិវិញជាង ១០លានយ័ន (ប្រមាណ ១.៤៩លានដុល្លារអាម៉េរិក) និងហាមឃាត់មិនឱ្យដាក់ពាក្យសុំថវិកាស្រាវជ្រាវពី ៣ ទៅ ៧ឆ្នាំ។ ករណីនេះបានជំរុញឱ្យរដ្ឋាភិបាលចិនបង្កើនការរឹតបន្តឹង ព្រមទាំងបង្កើតប្រព័ន្ធទិន្នន័យជាតិ ដើម្បីគ្រប់គ្រងទិន្នន័យស្រាវជ្រាវ និងបង្កើនភាពស្អាតស្អំក្នុងវិស័យវិទ្យាសាស្ត្រជាតិទាំងមូល៕