Swift cc time

ប្រាសាទបាគង៖ កំណើតនៃស្ថាបត្យកម្មប្រាសាទភ្នំ និងការបន្តវេននៃជីវិតសហគមន៍អង្គរ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បាគង មានទីតាំងស្ថិតនៅចម្ងាយប្រមាណ១៥គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃក្រុងសៀមរាប ក្នុងតំបន់រលួស។ ប្រាសាទនេះគឺជាប្រាសាទដែលមានរាងជាសាជីពិតប្រាកដដំបូងគេបង្អស់ដែលបានកសាងឡើងនៅក្នុងចក្រភពខ្មែរ ដោយយកទម្រង់ដែលក្រុមអ្នកស្រាវជ្រាវបានប្រសិទ្ធនាមថា "ប្រាសាទភ្នំ"។ មុនសម័យប្រាសាទបាគង ទម្រង់ស្ថាបត្យកម្មប្រភេទនេះមិនទាន់បានលេចរូបរាងពេញលេញនៅឡើយទេ ហើយសូម្បីតែនៅប្រាសាទអកយំ ដែលស្ថិតនៅលើទំនប់ខាងត្បូងនៃបារាយណ៍ខាងលិច ក៏ទម្រង់នេះមិនទាន់សម្រេចបានលក្ខណៈសព្វគ្រប់ទាំងស្រុងដែរ។

មុននឹងឈានចូលទៅដល់កំពែងព័ទ្ធជុំវិញដែលមានទំហំ ៤០០ ម៉ែត្រ x ៣០០ ម៉ែត្រ ដែលហ៊ុមព័ទ្ធដោយជញ្ជាំងខាងក្រៅ និងកសិន្ធុដែលមានទទឹងទូលាយជាងជម្រៅនោះ យើងនឹងបានជួបប្រទះឃើញកំពែងខាងក្រៅដ៏ធំមួយទៀតដែលមានទំហំ ៩០០ ម៉ែត្រ x ៧០០ ម៉ែត្រ។ នៅក្នុងកំពែងខាងក្រៅនេះ មានសំណង់ប្រាសាទតូចៗសាងអំពីឥដ្ឋ ដែលជាប្រាសាទរណបយ៉ាងហោចណាស់ចំនួន២២។ ប្រាសាទទាំងនេះ ជាប្រាសាទរណបនៃរចនាសម្ព័ន្ធកណ្តាល ដោយសារប្រាសាទមួយចំនួនជំនួសឲ្យការបែរមុខទៅទិសខាងកើត គឺបែរមុខទៅរកប្រាសាទភ្នំនៅចំកណ្តាលវិញ ដែលមាននិមិត្តរូបជ្រៅជ្រះនៃទ្រឹស្តីលោកធាតុវិទ្យា និងរឿងរ៉ាវបាដិហារិយ៍នៃអង្គព្រះឥសូរ។

រូបចម្លាក់នាគក្បាលប្រាំពីរ ដែលលូនផ្ទាល់ដីនៅសងខាងផ្លូវដើរចូល គឺបានលេចរូបរាងឡើងជាទម្រង់លម្អស្ថាបត្យកម្មជាលើកដំបូងបង្អស់នៅទីនេះ ដែលក្រោយមកក្លាយជាបង្កាន់ដៃនាគនៅក្នុងសម័យកាលបន្តបន្ទាប់។ ប្រាសាទឥដ្ឋខ្លះ ដែលស្ថិតនៅជើងប្រាសាទភ្នំ នៅមានសល់គ្រឿងបង្គុំស្ថាបត្យកម្មឈើ (ធ្នឹមឈើ) ទ្រសំណង់ថ្ម ដ៏មានសារសំខាន់ ដ្បិតតែមានការខូចខាតដោយសារពេលវេលាយ៉ាងណាក៏ដោយ។

នៅលើជញ្ជាំងខឿននៅគ្រប់ជ្រុងទាំងបួននៃថ្នាក់លើបង្អស់នៃប្រាសាទភ្នំ បានរចនាដោយចម្លាក់ក្រឡោតទាបរៀបរាប់ពីរឿងរ៉ាវផ្សេងៗ។ បច្ចុប្បន្ន មានតែផ្ទៃចម្លាក់តូចផ្ទាំងមួយប៉ុណ្ណោះ នៅជ្រុងខាងត្បូងនៃប្រាសាទភ្នំ ក្បែរជណ្តើរឡើង ដែលនៅតែអាចមើលយល់បាន ថាជាចម្លាក់បង្ហាញពីរូបភាពទ័ពយក្ស (ទ័ពអសុរ) ស្រង់ចេញពីក្នុងរឿងមហាភារត។

យើងដឹងថា ប្រាសាទកណ្តាលសាងពីសម័យដើម ដែលស្ថាបនាលើកំពូលប្រាសាទភ្នំបានបាត់បង់ទៅហើយ។ ក្ដីកណ្តាលដែលយើងឃើញសព្វថ្ងៃនេះ គឺជាក្តីដែលកសាងឡើងវិញនៅក្នុងសតវត្សទី១២ប៉ុណ្ណោះ។ សារសំខាន់ជាប្រវត្តិសាស្រ្តនៃក្តីកណ្តាលនេះ ដែលទម្រង់រចនាសម្ព័ន្ធប្រាសាទ និងក្បូរក្បាច់ស្ថាបត្យកម្មដ៏ល្អនេះ បានក្លាយជាប្រភពគំនិត និងជាគំរូស្ថាបត្យកម្មដ៏សំខាន់ដែលលោកតា វណ្ណ ម៉ូលីវណ្ណ បានយកទៅច្នៃប្រឌិតស្ថាបនា "វិមានឯករាជ្យ" នៅរាជធានីភ្នំពេញ។

ប្រាសាទបាគងត្រូវបានឆ្លងនិងប្រកាសឧទ្ទិសកុសលពីរឆ្នាំបន្ទាប់ពីប្រាសាទព្រះគោ គឺនៅក្នុងឆ្នាំ៨៨១នៃគ.ស។ ប្រាសាទបាគងជាប្រាសាទរាជ បានសាងដោយព្រះបាទឥន្ទ្រវរ្ម័នទី១ ជាព្រះមហាក្សត្រដ៏សំខាន់នៃប្រវត្តិសាស្រ្តអង្គរនៅចុងសតវត្សទី៩។

បន្ថែមពីលើនេះ នៅក្នុងបរិវេណប្រាសាទបាគង ក៏មានវត្តអារាមព្រះពុទ្ធសាសនាថេរវាទដែលបានកសាងឡើងតាំងពីសម័យកណ្តាលមកម៉្លេះ។ សំណង់វត្តអារាមនៅក្បែរប្រាសាទបុរាណនេះ គឺជាតឹកតាងប្រវត្តិសាស្ត្រយ៉ាងសំខាន់ដែលបញ្ជាក់ថា តំបន់អង្គរមិនដែលត្រូវបានបោះបង់ចោលទាំងស្រុង ឬរស់នៅក្នុងភាពស្ងាត់ជ្រងំគ្មានមនុស្សរស់នៅឡើយ។ ផ្ទុយទៅវិញ វាបង្ហាញពីការបន្តរស់នៅរបស់សហគមន៍មនុស្ស និងការផ្លាស់ប្តូរសាសនាពីព្រហ្មញ្ញសាសនាមកព្រះពុទ្ធសាសនាថេរវាទ ដែលបានបន្តវេនជំនឿ និងវត្តមានប្រពៃណីសាសនាយ៉ាងគង់វង្សរហូតមកដល់សព្វថ្ងៃនេះ។ ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងអ្នកស្រុកជុំវិញនិងប្រាសាទ តាមរយៈការរៀបចំពិធីបុណ្យទាន និងកិច្ចពិធីជំនឿផ្សេងៗ បានធ្វើឱ្យប្រាសាទបុរាណមួយនេះបន្តមានជីវិតនៅក្នុងដួងចិត្តនៃសហគមន៍មូលដ្ឋានរហូតមកដល់បច្ចុប្បន្ន៕


Khcct banner

អត្ថបទទាក់ទង