រតនគិរី៖ មន្ទីរបរិស្ថានខេត្តរតនគិរី នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ប្រកាសថ្កោលទោសចំពោះ ការប្រព្រឹត្តអំពើខុសច្បាប់៖ ការបរិហារកេរ្តិ៍ជាសាធារណៈ ការញុះញង់បង្កអំពើហឹង្សាបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិសាធារណៈ ឈានដល់ការកម្ទេច និងដុតទីស្នាក់ការរងឧទ្យានុរក្ស ដែលទាញករណីគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូពីខាងក្រៅចូល។
មន្ទីរបរិស្ថានខេត្តរតនគិរី បានបញ្ជាក់ថា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:១២នាទីព្រឹក មន្ត្រីឧទ្យានុរក្ស នៃទីស្នាក់រងស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ បានចុះល្បាត និងប្រទះឃើញក្រុមជនប្រព្រឹត្តបទល្មើសច្បាប់ប្រមាណ ៨០នាក់ កំពុងជីករកែរ៉ែមាសដោយអនាធិបតេយ្យ នៅចំណុចភូមិថ្មី (ស្រែជ្រៃ) ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ស្ថិតក្នុងតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃលំផាត់។
មន្ទីរបរិស្ថានខេត្ត បន្ថែមថា មន្ត្រីឧទ្យានុរក្សបានធ្វើការទប់ស្កាត់ និងណែនាំឱ្យពួកគាត់បញ្ឈប់សកម្មភាពដោយសន្តិវិធី ពីព្រោះជាសកម្មភាពខុសច្បាប់ត្រង់មាត្រា ៨៥០ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយពុំមានបង្កជាអំពើ ហឹង្សា ឬការផ្ទុះអាវុធឡើយ ហើយពួកគាត់ក៏បានចាកចេញពីទីនោះ នៅវេលាម៉ោង ១១:២០នាទី។ ប្រមាណ ២ម៉ោង ក្រោយមក គឺនៅម៉ោង ១៣:១៥ មន្ទីរបរិស្ថានខេត្តរនគិរីបានទទួលព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំរយំ ថាមានករណីគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូបណ្តាលឱ្យមានការបាត់បត់ជីវិតមនុស្សម្នាក់។ ហេតុការណ៍នេះ ត្រូវបានជនឆ្លៀតឱកាសយកមកធ្វើជាការចោទប្រកាន់មកលើមន្ត្រីឱទ្យានុរក្សផង និងញុះញង់បង្កជាបញ្ហា ឈានដល់ការកម្ទេច និងដុតទីស្នាក់ការរងឧទ្យានុរក្សផង។
មន្ទីរបរិស្ថានខេត្ត បានធ្វើការបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ក្នុងចេតនាមួលបង្កាច់បង្អួច កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់មន្ត្រីមានសមត្ថកិច្ចអនុវត្តច្បាប់ដោយគ្មានភស្តុតាង និងថ្កោលទោសចំពោះ ការប្រព្រឹត្តអំពើខុសច្បាប់៖ ការបរិហារកេរ្តិ៍ជាសាធារណៈ ការញុះញង់បង្កអំពើហឹង្សាបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិសាធារណៈ និងការធ្វើឱ្យបាត់បង់ធនធានធម្មជាតិរបស់ជាតិកម្ពុជា៕