កែប៖លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ពន្ធនាគារត្រូវតែជាទីកន្លែងស្អាតស្អំ គ្មានរឿងអាស្រូវ និងជាកន្លែងអប់រំកែប្រែអ្នកជាប់ឃុំឱ្យក្លាយជាពលរដ្ឋល្អឡើងវិញ ដោយផ្តោតលើការកែប្រែឥរិយាបថ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការផ្តល់ឱកាសក្នុងការកសាងជីវិតថ្មីប្រកបដោយកិត្តិយស ពេលត្រឡប់ចូលក្នុងសង្គមវិញ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារឃុំឃាំង អគាររដ្ឋបាល និងសមិទ្ធផលនានានៅពន្ធនាគារខេត្តកែប ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។
លោក ស សុខា បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីអនុរក្សពន្ធនាគារទាំងអស់ ត្រូវរួមគ្នារក្សាឱ្យបាននូវទំហំផ្ទៃដីពន្ធនាគារដែលមានស្រាប់ និង ពិនិត្យឡើងវិញនូវទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹងស្ត្រីមានផ្ទៃពោះ និង ជនបរទេសគ្មានអ្នកទីពឹង ដើម្បីធានាការផ្តល់ការអប់រំ និងថែទាំដល់កុមារ ព្រមទាំងត្រូវបែងចែកជនជាប់ឃុំជាអ្នកជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់គ្រឿងញៀនឱ្យនៅដាច់ដោយឡែកពីគ្នា។
ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្ញើសារដាស់ស្មារតីដល់មន្ត្រីក្នុងក្របខ័ណ្ឌទាំងបី ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដោយឡែកសម្រាប់ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ត្រូវរក្សាឱ្យបាននូវប្រសិទ្ធភាពគ្រប់គ្រង ទាំងការគោរពសិទ្ធិអ្នកជាប់ឃុំ និងជាពិសេសត្រូវអនុវត្តវិន័យយ៉ាងតឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់មិនឱ្យមានរឿងអាស្រូវណាមួយកើតឡើងជាដាច់ខាត។
ក្នុងន័យនេះ លោក បានណែនាំឱ្យរឹតបន្តឹងការត្រួតពិនិត្យនៅតាមច្រកចេញ-ចូលនីមួយៗ ទាំងការចូលសួរសុខទុក្ខពីសំណាក់សាច់ញាតិ ដោយត្រូវឆែកឆេរឱ្យបានស្ទាត់ជំនាញ ម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយ ដើម្បីទប់ស្កាត់ដាច់ខាតនូវការលួចលាក់នាំចូលគ្រឿងញៀន អាវុធ ឧបករណ៍បម្រាម ឬសម្ភារខុសច្បាប់ផ្សេងៗចូលក្នុងពន្ធនាគារ៕