Swift cc time

ឱកាសសម្រាប់យុវជនកម្ពុជា ចូលរួមប្រកួត SIMPLE VR Contest 2026 ជាមួយយុវជនមកពីអាស៊ាន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភព៖ Cambodia Academy of Digital Technology - CADT

ភ្នំពេញ៖ កម្មវិធីប្រកួត SIMPLE VR Contest 2026 ត្រូវបានបង្កើតឡើងសម្រាប់យុវជនដែលមានគំនិតច្នៃប្រឌិត និងចង់ផ្សព្វផ្សាយសារអំពីការអភិវឌ្ឍប្រកបដោយចីរភាពតាមបែបឌីជីថល ។ កម្មវិធី SIMPLE VR Contest នេះបើកទទួលពាក្យពីនិស្សិតទូទាំងតំបន់អាស៊ាន មកបញ្ចេញស្នាដៃរចនា និងបង្កើតបទពិសោធពិភពនិម្មិត (Virtual Reality) បែបប្លែកភ្នែក និងមានអត្ថន័យ ដើម្បីរួមចំណែកដោះស្រាយបញ្ហាចីរភាព ដោយប្រើប្រាស់ឧបករណ៍ និងធនធានបច្ចេកវិទ្យាទំនើបៗដែលផ្តល់ជូនដោយគម្រោង SIMPLE។

យោងតាមគេហទំព័រ Simple project បានឱ្យដឹងថា គម្រោង SIMPLE (Sustainability Issues and Metaverse for Building Participatory Learning Environments) ទទួលបានការសហការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) និងដឹកនាំដោយវិទ្យាស្ថាន IRD ជាមួយដៃគូក្នុងតំបន់មេគង្គក្រោម ក្រោមកម្មវិធី EU-ASEAN Green Partnership Programme។

បើតាមប្រភពដដែលបានឱ្យដឹងថា លក្ខខណ្ឌចូលរួម ត្រូវតែជានិស្សិតមកពីប្រទេសទាំង ១១ ក្នុងតំបន់អាស៊ាន ដោយតម្រូវឱ្យបង្កើតជាក្រុមពី ៣ ទៅ ៥ នាក់ រួមជាមួយសាស្ត្រាចារ្យ ឬគ្រូបង្វឹក (Mentor) ម្នាក់។ សម្រាប់ក្រុមឆ្នើមដែលត្រូវបានជ្រើសរើស នឹងទទួលបានកញ្ចប់អាហារូបករណ៍ឧបត្ថម្ភការចំណាយពេញលេញ ដើម្បីចេញទៅហ្វឹកហាត់ដោយផ្ទាល់នៅមន្ទីរពិសោធន៍ ACROSS Lab នាទីក្រុងហាណូយ ប្រទេសវៀតណាម ព្រមទាំងទទួលបានបទពិសោធអនុវត្តផ្ទាល់លើបច្ចេកវិទ្យា VR ការធ្វើគំរូ និងការពិសោធបែបនិម្មិត (Modeling & Simulation) ឱកាសបង្កើតបណ្តាញទំនាក់ទំនងជាមួយយុវជននវានុវត្តន៍ជុំវិញតំបន់ និងរង្វាន់លើកទឹកចិត្តជាច្រើនទៀតដែលនឹងត្រូវប្រកាសនាពេលខាងមុខ។

ដើម្បីចាប់យកឱកាសនេះ យុវជនទាំងអស់អាចចូលទៅកាន់គេហទំព័រផ្លូវការ https://contest.project-simple.eu រួចបំពេញព័ត៌មានលម្អិតរបស់ក្រុម និងគ្រូបង្វឹកឱ្យបានត្រឹមត្រូវ មុនពេលប្រព័ន្ធបិទទទួលពាក្យនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។ បន្ទាប់ពីដាក់ពាក្យរួច ព័ត៌មានបញ្ជាក់ និងជំហានបន្ទាប់នឹងត្រូវផ្ញើទៅកាន់អ៊ីមែលរបស់អ្នកផ្ទាល់។

គួរបញ្ជាក់ថា គម្រោង SIMPLE នៅកម្ពុជា ត្រូវបានអនុវត្តដោយ CADT តាមរយៈការប្រើប្រាស់ឧបករណ៍ M2L2 (Mobile Metaverse Learning Lab) ដើម្បីផ្តល់នូវការសិក្សាផ្អែកលើបទពិសោធន៍ជាក់ស្តែង និងបច្ចេកវិទ្យា VR អំពីការការពារដំណាំតាមបែបកសិ-អេកូឡូស៊ី និងការអភិរក្សប្រព័ន្ធអេកូឡូស៊ីនៅក្នុងស្រែ សម្រាប់សិស្សានុសិស្ស ។ ដោយផ្អែកលើមូលដ្ឋានគ្រឹះនេះ ការប្រកួតប្រជែង VR របស់គម្រោង SIMPLE មានគោលបំណងពង្រីកការយល់ដឹងអំពី Immersive Technology ពង្រឹងជំនាញអភិវឌ្ឍន៍ VR ជាក់ស្តែងរបស់និស្សិតឧត្តមសិក្សានៅកម្ពុជា និងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឱ្យក្លាយជាអ្នកបង្កើតថ្មីផ្នែកឌីជីថល៕

Khcct banner

អត្ថបទទាក់ទង