Swift cc time

យុវតី ថន នាថទេពី ទទួលបាននិទ្ទេសA ថ្នាក់វិទ្យាសាស្រ្តសង្គម គ្រោងរៀនបន្តជំនាញនីតិសាស្ត្រ តាមក្តីស្រមៃ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
 

ភ្នំពេញ៖ យុវតី ថន នាថទេពី ជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ទទួលបាននិទ្ទេសA ថ្នាក់វិទ្យាសាស្រ្តសង្គម មកពីវិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង។​ យុវតីរូបនេះ គ្រោងនឹងរៀនបន្តជំនាញនីតិសាស្ត្រ ព្រោះរូបគេចាប់អារម្មណ៍ខ្លាំងអំពីសិទ្ធិ កាតព្វកិច្ច និងប្រព័ន្ធច្បាប់ក្នុងសង្គម ខណៈយល់ថាជំនាញនេះពិតជាសាកសមនឹងរូបគេ ដែលចូលចិត្តភាសាខ្មែរ ការអាន ការសរសេរ និងការវិភាគ។

ក្នុងបទសម្ភាសជាមួយក្រុមការងារស៊ីស៊ីថាមស៍ យុវតី ថន នាថទេពី ចាប់ផ្តើមមានគោលដៅចង់បាននិទ្ទេស A តាំងពីដើមឆ្នាំថ្នាក់ទី១២ មកម្លេះ។ មុនពេលប្រឡង ទេពីមានការព្រួយបារម្ភ និងមិនប្រាកដថាខ្លួនឯងនឹងអាចធ្វើបានទេ។ ប៉ុន្តែបន្ទាប់ពីឃើញលទ្ធផល រូបគេមានអារម្មណ៍រំភើប និងសប្បាយចិត្តខ្លាំង ហើយយល់ថាការខិតខំរបស់គេកន្លងមកពិតជាមានតម្លៃ។

ទេពី បានបង្ហាញពីវិធីសាស្រ្តក្នុងការរៀនសូត្រកន្លងមកដោយរួមមាន ការរៀនជាប្រចាំ និងយល់មេរៀន។ ទេពីបានលើកឡើងថា “ខ្ញុំមិនចង់ទន្ទេញតែមួយមុខទេ ព្រោះបើមិនយល់ យើងងាយភ្លេច។ ខ្ញុំព្យាយាមសង្ខេបមេរៀន ចំណាំចំណុចសំខាន់ៗ ហើយធ្វើលំហាត់ និងវិញ្ញាសាចាស់ៗ និងព្យាយាមខំប្រឹងបន្ថែមទៅលើមុខវិជ្ជាដែលខ្ញុំនៅខ្សោយបំផុត។ បើមានចំណុចណាមិនយល់ ខ្ញុំនឹងសួរលោកគ្រូ អ្នកគ្រូ។ ពេលប្រឡង ខ្ញុំព្យាយាមអានសំណួរឱ្យបានច្បាស់ហើយយល់ និងគ្រប់គ្រងពេលវេលាឱ្យបានល្អ”។

យុវតីរូបនេះ បានបង្ហើបថា កន្លងមកធ្លាប់រងសម្ពាធ ឬពាក្យអវិជ្ជមានពីការរៀនផ្នែកសង្គមខ្លះៗដែរ។ ពេលខ្លះមានមនុស្សមួយចំនួននិយាយថា អ្នករៀនផ្នែកសង្គមគឺមកពីខ្ជិលរៀន ឬថាផ្នែកនេះមិនសូវល្អ។ ទេពី មិនយកពាក្យទាំងនោះមកធ្វើឱ្យខ្លួនឯងបាក់ទឹកចិត្តទេព្រោះការជ្រើសរើសផ្នែកសង្គម គឺមកពីកត្តាស្រឡាញ់ពេញចិត្ត ឬក៏ត្រូវនឹងមុខជំនាញដែលស្រឡាញ់និងពូកែ។ រូបគេយល់ថា ផ្នែកណាក៏ដោយ បើសិនជាយើងខិតខំ និងរៀនឱ្យបានត្រឹមត្រូវ យើងនឹងអាចទទួលបានលទ្ធផលល្អ។ ដូច្នេះ និទ្ទេស A ដែលរូបគេទទួលបាននាពេលនេះ ប្រៀបបាននឹងភស្តុតាងមួយ ដែលបញ្ជាក់ថាថ្នាក់វិទ្យាសាស្រ្តសង្គមក៏អាចធ្វើបានល្អដែរ។

សម្រាប់ទេពី ឪពុកម្តាយ និងលោកគ្រូ អ្នកគ្រូ ពិតជាមានចំណែកធំណាស់ក្នុងការជោគជ័យរបស់រូបគេ។ ឪពុកម្តាយតែងតែគាំទ្រ និងលើកទឹកចិត្តក្នុងការរៀន ហើយលោកគ្រូ អ្នកគ្រូ បានបង្រៀន ណែនាំជាច្រើន និងជម្រុញ លើកទឹកចិត្តឲ្យមានការប្រឹងប្រែង។ ពេលមានចំណុចមិនយល់ លោកគ្រូ អ្នកគ្រូតែងតែជួយពន្យល់។ ទេពីលើកឡើងថា “ខ្ញុំគិតថា លទ្ធផលនិទ្ទេស A នេះ មិនមែនកើតចេញពីការខិតខំរបស់ខ្ញុំម្នាក់ឯងទេ ប៉ុន្តែមានការគាំទ្រពីគ្រួសារ និងលោកគ្រូ អ្នកគ្រូផងដែរ”។ ទន្ទឹមនឹងនេះ ទេពីតែងរំលឹកខ្លួនឯងថា «បើចង់បានលទ្ធផលល្អ ត្រូវចាប់ផ្តើមពីការខិតខំរបស់ខ្លួនឯង» ហើយរូបគេតែងតែគិតថា “បើខ្ញុំមិនខិតខំទេ គ្មានអ្នកណាអាចធ្វើជំនួសខ្ញុំបានទេ។ បែបនេះហើយ ខ្ញុំត្រូវតែបន្តខំប្រឹងទៀត”។

ជាជំហានបន្ទាប់ យុវតី ថន នាថទេពី ចង់បន្តសិក្សាជំនាញ នីតិសាស្ត្រ ព្រោះរូបគេចាប់អារម្មណ៍លើច្បាប់ និងចង់យល់ដឹងបន្ថែមអំពីសិទ្ធិ កាតព្វកិច្ច និងប្រព័ន្ធច្បាប់ក្នុងសង្គម។ ទេពីក៏គិតថា ជំនាញនេះសមនឹងខ្លួន ព្រោះចូលចិត្តភាសាខ្មែរ និងការអាន ការសរសេរ និងការវិភាគ។ នៅថ្ងៃអនាគត ទេពីចង់ធ្វើការងារដែលពាក់ព័ន្ធនឹង ច្បាប់ ដូចជា មេធាវី ឬការងារផ្សេងៗក្នុងវិស័យច្បាប់។ រូបគេចង់ធ្វើការងារដែលអាចប្រើប្រាស់ចំណេះដឹងដែលបានរៀន ហើយអាចជួយមនុស្សដែលត្រូវការយល់ដឹង ឬការការពារតាមផ្លូវច្បាប់ និងអាចជួយដល់សង្គមជាតិផងដែរ។

ជាចុងក្រោយ យុវតីរូបនេះ បានលើកទឹកចិត្តថា “បើមានការខិតខំ និងមានការតស៊ូ ខ្ញុំជឿថាយុវជនគ្រប់រូបអាចសម្រេចគោលដៅរបស់ខ្លួនបាន។ ជាពិសេសនោះ កុំស្តាប់ និងទទួលយកមតិអវិជ្ជមានពីអ្នកដទៃ មកគិតឬដាក់ក្នុងចិត្តដែលជាកត្តាធ្វើឲ្យខ្លួនឯងពិបាកចិត្ត គិតច្រើន គិតអវិជ្ជមាន និងមានការបាក់ទឹកចិត្តនោះឡើយ”៕

Khcct banner

អត្ថបទទាក់ទង