Swift cc time

ភាពមិនមើលស្រាលមុខវិជ្ជា និងការប្រុងប្រយ័ត្ន ជួយឱ្យយុវតី ម៉ន សុវណ្ណបញ្ញា ទទួលបាននិទ្ទេសA គ្រប់មុខវិជ្ជា

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ព្រៃវែង៖ យុវតី ម៉ន សុវណ្ណបញ្ញា ជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ ដែលទទួលបាននិទ្ទេសA គ្រប់មុខវិជ្ជា លំដាប់ពិន្ទុ ៩៩.៩៩៦ មកពី វិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង។ កត្តាដែលជួយឱ្យយុវតីរូបនេះ ទទួលបាននិទ្ទេសAគ្រប់មុខវិជ្ជា គឺការប្រុងប្រយ័ត្ន និងមិនមើលស្រាលមុខវិជ្ជាណាមួយឡើយ (ទាំងវិទ្យាសាស្ត្រពិត និងវិទ្យាសាស្ត្រសង្គម) ផ្តោតលើការយល់អំពីទ្រឹស្ដី និងរូបមន្តគ្រឹះឱ្យច្បាស់ ជាជាងការទន្ទេញចាំមាត់ដោយមិនយល់ន័យ និងហ្វឹកហាត់ដោះស្រាយលំហាត់បានច្រើន។

ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ យុវតី ម៉ន សុវណ្ណបញ្ញា បានបញ្ជាក់ថា រូបគេមានក្តីស្រមៃចង់បាននិទ្ទេស A នេះតាំងពីចាប់ផ្តើមចូលរៀនកម្រិតវិទ្យាល័យ (ថ្នាក់ទី១០) មកម្ល៉េះ។ លទ្ធផលនាពេលនេះ គឺដូចទៅនឹងអ្វីដែលរូបគេបានរំពឹងទុក និងប្រាថ្នាចង់បាន ប៉ុន្តែវាក៏បាននាំមកនូវក្តីរំភើបយ៉ាងឥតឧបមាផងដែរ នៅពេលដែលឃើញការខិតខំប្រឹងប្រែងកន្លងមកទទួលបានផ្លែផ្កាស្អាតស្អំប្រាកដមែន។

យុវតីរូបនេះ បានចែករម្លែកពីវិធីសាស្រ្តក្នុងការសិក្សាឱ្យបានពូកែរួមមាន៖ រៀបចំកាលវិភាគសិក្សាប្រចាំថ្ងៃច្បាស់លាស់ (ពេលរៀន ពេលរំលឹក និងពេលសម្រាក)។ ប្រើវិធីសាស្រ្តសង្ខេបមេរៀនជាចំនុចសំខាន់ៗ (Mind Mapping) ដើម្បីងាយស្រួលរំលឹកឡើងវិញ។ ត្រូវដឹងលើចំណុចខ្សោយរបស់ខ្លួនឯង ហើយប្រញាប់សួរគ្រូ ឬមិត្តភក្តិភ្លាមៗពេលមិនយល់។ ដើម្បីទទួលបាននិទ្ទេសAគ្រប់មុខវិជ្ជា បញ្ញា បានបញ្ជាក់ថា រូបគេចែកពេលវេលាសិក្សាឱ្យស្មើៗគ្នា មិនបោះបង់ ឬមើលស្រាលមុខវិជ្ជាណាមួយឡើយ (ទាំងវិទ្យាសាស្ត្រពិត និងវិទ្យាសាស្ត្រសង្គម)។ ផ្តោតលើការយល់អំពីទ្រឹស្ដី និងរូបមន្តគ្រឹះឱ្យច្បាស់ ជាជាងការទន្ទេញចាំមាត់ដោយមិនយល់ន័យ។ ស្រាវជ្រាវ និងធ្វើវិញ្ញាសាប្រឡងឆ្នាំមុនៗឱ្យបានច្រើនដង ដើម្បីស្គាល់ទម្រង់ប្រឡង និងទម្លាប់គ្រប់គ្រងពេលវេលា។

ភាពជោគជ័យរបស់បញ្ញា មានការគួបផ្សុំយ៉ាងសំខាន់ពីឱពុកម្តាយ និងលោកគ្រូ អ្នកគ្រូ ដោយឱពុកម្តាយ គឺជាបង្អែកផ្លូវចិត្ត និងជាអ្នកផ្តល់កម្លាំងចិត្តដ៏ធំបំផុត។ សម្រាប់បញ្ញា ពួកគាត់តែងតែមើលថែសុខភាព ផ្តល់បរិយាកាសស្ងប់ស្ងាត់ក្នុងការរៀន និងមិនដែលដាក់សម្ពាធលើរូបគេឡើយ។ លោកគ្រូ អ្នកគ្រូ គឺជាអ្នកចង្អុលបង្ហាញផ្លូវ ផ្ទេរចំណេះដឹងយ៉ាងអស់ពីពោះ និងតែងតែផ្តល់លំហាត់ល្អៗ ព្រមទាំងជួយកែតម្រូវរាល់ចំណុចខ្វះខាតរបស់គេដោយក្តីស្រឡាញ់។ ស្មារតីជំរុញរបស់បញ្ញា គឺបំណងប្រាថ្នាចង់ធ្វើឱ្យឪពុកម្តាយមានមោទនភាព និងចង់បង្ហាញថាគ្មានអ្វីដែលថាមនុស្សយើងធ្វើមិនបានឡើយ ប្រសិនបើមានការតាំងចិត្តពិតប្រាកដ។ លើសពីនេះ គឺបំណងប្រាថ្នាចង់បានគ្រឹះចំណេះដឹងរឹងមាំដើម្បីបន្តការសិក្សានៅឧត្តមសិក្សាដោយជោគជ័យ។ ពាក្យស្លោក/បាវចនា "ការខិតខំប្រឹងប្រែងមិនដែលក្បត់យើងឡើយ (Hard work pays off)" និងពាក្យមួយឃ្លាទៀតគឺ "ធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីកុំឱ្យមានការស្តាយក្រោយ"។ ពាក្យទាំងនេះតែងតែរំលឹកបញ្ញាឱ្យក្រោកឈរ និងប្រឹងប្រែងបន្តនៅពេលដែលជួបការនឿយហត់។

ជាជំហានបន្ទាប់ យុវតី ម៉ន សុវណ្ណបញ្ញា មានគម្រោងចង់សិក្សាជំនាញវិស្វកម្មបច្ចេកវិទ្យា ព្រោះមានក្ដីស្រឡាញ់លើវិស័យនេះ និងមើលឃើញថាជំនាញនេះមានតម្រូវការខ្ពស់ ព្រមទាំងអាចយកទៅអភិវឌ្ឍប្រទេសជាតិឱ្យទាន់សម័យកាលបច្ចេកវិទ្យាបាន។ នាថ្ងៃអនាគត បញ្ញា ចង់ក្លាយជាSenior Data Scientist ដែលជាអ្នកកែច្នៃទិន្នន័យ ឱ្យទៅជាដំណោះស្រាយអាជីវកម្មពីព្រោះរូបគេមានចំណង់ចំណូលចិត្តខ្លាំងលើផ្នែកគណិតវិទ្យា និង Logic ដូច្នេះការវិភាគទិន្នន័យដើម្បីមើលឃើញពីទំនោរទីផ្សារនិងទស្សន៍ទាយលទ្ធផលអនាគតគឺជាអ្វីដែលគេស្រឡាញ់។

ទន្ទឹមនឹងនេះ បញ្ញា មានគម្រោងបង្កើតមាតិកាចែករំលែកបទពិសោធន៍សិក្សា (Sharing session) ការបង្កើតក្រុមសិក្សា (Study group) ឬសរសេរសៀវភៅសង្ខេបមេរៀន និងវិធីសាស្រ្តរៀន ដើម្បីចែករំលែកដល់ប្អូនៗជំនាន់ក្រោយ។ ជាចុងក្រោយ បញ្ញា បានផ្តល់ដំបូន្នានដល់យុវជនដទៃទៀតថា គួរចាប់ផ្តើមរៀន និងប្រឹងប្រែងពីថ្ងៃនេះ មិនមែនរង់ចាំជិតដល់ថ្ងៃប្រឡងទើបរៀននោះទេ ត្រូវស្វែងរកវិធីសាស្រ្តរៀនណាដែលសមស្របនឹងខ្លួនឯងបំផុត ហើយការរៀនសូត្រត្រូវដើរទន្ទឹមគ្នាជាមួយនឹងសុខភាពរាងកាយ និងផ្លូវចិត្តដែលរឹងមាំ។ "ស៊ូទ្រាំនឿយហត់ប៉ុន្មានខែ ឬប៉ុន្មានឆ្នាំ ដើម្បីទទួលបានស្នាមញញឹមពេញមួយជីវិត។ ប្រសិនបើនាក់ផ្សេងធ្វើបាន អ្នកទាំងអស់គ្នាក៏អាចធ្វើបានដូចគ្នា!"៕

Khcct banner

អត្ថបទទាក់ទង