Swift cc time

តុលាការហ្វីលីពីន ចេញដីកាចាប់ខ្លួនកូនស្រីលោកឌុយទែរតេពីបទមានផែនការសម្លាប់ប្រធានាធិបតី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ្វីលីពីន៖ តុលាការហ្វីលីពីន នៅថ្ងៃសុក្រនេះ បានចេញដីកាចាប់ខ្លួនអនុប្រធានាធិបតីហ្វីលីពីនគឺ លោកស្រី Sara Duterte ដែលត្រូវបានស្គាល់ថាជាកូនស្រីអតីតប្រធានាធិបតីហ្វីលីពីន គឺ លោក Rodrigo Duterte ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌដែលចោទប្រកាន់លោកស្រីថាបានគំរាមកំហែងដល់អាយុជីវិតប្រធានាធិបតី Ferdinand Marcos Jr. ភរិយា និងអតីតប្រធានរដ្ឋសភា។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ តុលាការជំនុំជម្រះបានចេញដីកាចាប់ខ្លួនលោកស្រី លើបទចោទប្រកាន់ពីបទគំរាមកំហែងធ្ងន់ធ្ងរចំនួនបីបទល្មើស ដោយកំណត់ប្រាក់តម្កល់ខ្លួនធានាចំនួន ១២០ ០០០ប៉េសូ (ស្មើនឹងប្រមាណ ១ ៩០០ដុល្លារអាម៉េរិក) សម្រាប់បទចោទនីមួយៗ។ មេធាវីរបស់លោកស្រីបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ទោះបីជាមានការចោទសួរអំពីដែនសមត្ថកិច្ចក៏ដោយ ក៏លោកស្រីមិនមានចេតនាគេចវេសពីច្បាប់ឡើយ ហើយនឹងបន្តប្រើប្រាស់រាល់មធ្យោបាយផ្លូវច្បាប់ដែលមាន»។

សំណុំរឿងនេះកើតចេញពីការថ្លែងរបស់លោកស្រី Sara កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលលោកស្រីបានលើកឡើងថា ខ្លួនបាននិយាយជាមួយឃាតករម្នាក់ និងបានបញ្ជាឱ្យគាត់សម្លាប់លោក Marcos ភរិយារបស់លោក និងបងប្អូនជីដូនមួយរបស់លោក ដែលកាលនោះជាប្រធានរដ្ឋសភាហ្វីលីពីន ប្រសិនបើខ្លួនត្រូវបានគេធ្វើឃាត។ ប៉ុន្តែ លោកស្រីបានបដិសេធថាមិនបានធ្វើការគំរាមកំហែងពួកគេឡើយ។

គួរបញ្ជាក់ថា ការចោទប្រកាន់នេះ គឺជាផ្នែកមួយនៃបណ្តឹងទម្លាក់ពីតំណែងដែលព្រឹទ្ធសភាកំពុងបើកសវនាការ ដែលអាចធ្វើឱ្យលោកស្រីបាត់បង់តំណែង និងខកខានការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៨។ លោកស្រីក៏ប្រឈមនឹងការចោទប្រកាន់រឿងបំពានថវិការដ្ឋក្នុងពេលកាន់តំណែងជាអនុប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងអប់រំ ប៉ុន្តែលោកស្រីបានបដិសេធរាល់ការប្រព្រឹត្តខុសទាំងអស់៕

Khcct banner

អត្ថបទទាក់ទង