ភ្នំពេញ៖ មូលនិធិ បុប្ផាគន្ធ បានប្រកាសផ្តល់អាហារូបករណ៍ជាទឹកប្រាក់១០០០ដុល្លារក្នុងមួយឆ្នាំ សម្រាប់ការសិក្សារយៈពេល៤ឆ្នាំ ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា នៅរាជធានីភ្នំពេញ។ អាហារូបករណ៍នេះ លើកទឹកចិត្តសម្រាប់និស្សិតមកពីគ្រួសារដែលមានជីវភាពខ្វះខាត ឬមានបន្ទុកគ្រួសារធ្ងន់ មកពីបណ្ដាខេត្តដាច់ស្រយាល និងមិនមានគ្រួសារឬសាច់ញាតិជាទីពឹងអាស្រ័យនៅភ្នំពេញ។
រយៈពេល៥ឆ្នាំកន្លងមកនេះ មូលនិធិ បុប្ផាគន្ធ បានផ្តល់អាហារូបករណ៍ដល់និស្សិតមានជីវភាពខ្វះខាតចំនួន២៦នាក់មកហើយ។ ក្នុងឆ្នាំនេះ មូលនិធិ បុប្ផាគន្ធ បន្តផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន៥នាក់បន្ថែមទៀត សម្រាប់ការសិក្សារយៈពេល៤ឆ្នាំ (ពីឆ្នាំទី១ដល់ឆ្នាំទី៤)។
បើតាមមូលនិធិ បុប្ផាគន្ធ អាហារូបករណ៍ជាទឹកប្រាក់១០០០ដុល្លារក្នុងមួយឆ្នាំនឹងត្រូវផ្ដល់ជូនដល់និស្សិតចំនួន៥នាក់ ដែលកំណត់តាមអាទិភាពដូចជា៖ ជានិស្សិតដែលនឹងចាប់ផ្ដើមការសិក្សានៅសាកលវិទ្យាល័យណាមួយនៅរាជធានីភ្នំពេញចាប់ពីឆ្នាំសិក្សា២០២៥-២០២៦ ខាងមុខនេះ, មកពីគ្រួសារដែលមានជីវភាពខ្វះខាត ឬមានបន្ទុកគ្រួសារធ្ងន់, ជាកូនទីមួយក្នុងគ្រួសារដែលមានឱកាសបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ, មកពីបណ្ដាខេត្តដាច់ស្រយាល និងមិនមានគ្រួសារឬសាច់ញាតិជាទីពឹងអាស្រ័យនៅភ្នំពេញ, មានចរិតស្លូតបូត និងស្មោះត្រង់ និងការសិក្សាមានលទ្ធផលល្អ ឬទទួលបាននិទ្ទេសល្អពីការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២៥។
សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យស្នើសុំអាហារូបការណ៍តាមរយៈ https://shorturl.at/9FFeq យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦៕